លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ យកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ

(ភ្នំពេញ)៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានលើកឡើងថា រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចេញដំណើយ៉ាងស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដូចគ្នានេះដែរ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ គឺជារឿងចាំបាច់ សំខាន់ និងមិនអាចខ្វះបានសម្រាប់ជីវិតប្រចាំថ្ងៃ ។

លោកជំទាវ ជម្រាបជូនដល់ប្រជាពលរដ្ឋទូទៅ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព គឺ រស់នៅស្អាត ហូបស្អាត សម្អាតបរិស្ថានជុំវិញខ្លួនឱ្យបានស្អាតល្អ បញ្ហាសុខភាពគឺជាបញ្ហាប្រឈមមួយដែលត្រូវរួមគ្នាដោះស្រាយដើម្បីសុខដមរម្យនីយកម្មនៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងឆ្ពោះទៅអនាគត។

ការលើកឡើងបែបនេះរបស់ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញនាំយកនូវអង្ករវីតាមីនចំនួន ៣០០កេស និងត្រីខ ៥០០កំប៉ុង ទៅផ្តល់ជូនមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយដល់តម្រូវការ នៃអ្នកជំងឺស្នាក់អាស្រ័យព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។

លោកជំទាវ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលោកជំទាវ បណ្ឌិតពេជ្យ ច័ន្ទមុន្នី ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីជាវេជ្ជបណ្ឌិត មន្រ្តីសុខាភិបាល និងបងប្អូនដែលកំពុងសម្រាកព្យាបាល និងទទួលសេវាពិនិត្យជំងឺនៃមន្ទីរកាល់ម៉ែត សូមអោយមានសុខភាពល្អ ឆាប់ធូស្បើយអំពីរោគាផ្សេងៗ ដើម្បីស្នាមញញឹមនៃមហាគ្រួសារខ្មែរតែមួយ។

ឯកឧត្តម សាស្រ្តាចារ្យ វេជបណ្ឌិត គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថា មន្ទីរពេទ្យកាល់ម៉ែត មានវ័យចំណាស់ជាងគេ ក្នុងវិស័យសុខាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃ ប្រមុខរាជរដ្ឋាភិបាល ដែលតែងបានយកចិត្តទុកដាក់លើសុខមាលភាពប្រជាពលរដ្ឋគ្រប់ពេលវេលា មន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីពេទ្យសាធារណៈរបស់រដ្ឋមួយដ៏ធំក្នុងការទទួលពិនិត្យព្យាបាលជំងឺទូទៅ និងថែទាំសុខភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម សាស្រ្តាចារ្យ វេជ្ជបណ្ឌិត គង់ សន្យា បានបន្ថែមទៀតថា ដោយមើលឃើញអំពីតម្រូវការ នៃការព្យាបាលជំងឺ តំរូវការផ្នែកសុខភាព សាធារណៈ និងបង្កើតឱ្យទៅជាមន្ទីរពេទ្យមួយប្រកបដោយស្តង់ដា នោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ជូននូវអាគារថ្មីនៃមន្ទីរពេទ្យកាល់ម៉ែត ដែលប្រសិទ្ធនាមថា អាគារតេជោ អភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បានសាងសង់ឡើងក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង ៧០លានដុល្លារអាមេរិក និងបំពាក់ដោយឧបករណ៍បំពាក់ សម្រាប់បម្រើការព្យាបាលសុខភាពប្រកបដោយស្តង់ដាអន្តរជាតិ ទៅតាមរោគវិនិច្ឆ័យនិមួយៗនៃប្រភេទជំងឺ។ កន្លងមក ឆ្លើយតបនិងក្តីកង្វល់របស់ប្រជាពលរដ្ឋលើការពិនិត្យព្យាបាលអ្នកជំងឺ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត តែងតែបានដោះស្រាយយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ហើយមិនតំរូវអោយអ្នកជំងឺដែលមានជីវភាពខ្វះខាត ប្រជាពលរដ្ឋ ក្រីក្រដែលប្រើប្រាស់បណ្ណសមធម៍បង់កំរៃលើការពិនិត្យព្យាបាលនោះឡើយ ។ ជាការពិតណាស់ មន្ទីរពេទ្យកាល់ម៉ែត មានតួនាទីសំខាន់ក្នុងការសង្រ្គោះព្យាបាល ថែទាំ និងធ្វើឱ្យប្រសើរចំពោះ សុខមាលភាពសាធារណៈ ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner