ប្រធាន គ.ជ.ប ប្តេជ្ញានឹងខិតខំប្រឹងប្រែងធានាឱ្យការបោះឆ្នោតនីមួយៗ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្តេជ្ញាយ៉ាងមោះមុត នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទី ភារកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខជាបន្តបន្ទាប់ តាមការកំណត់នៃច្បាប់ ឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សំដៅធានាឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា។ ការប្តេជ្ញានេះ ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាណត្តិថ្មី នាព្រឹកថៃ្ងទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ នៅទីស្ដីការ គ.ជ.ប។

ក្នុងពិធីប្រកាសចូលកាន់តំណែង ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ចំពោះមុខនេះ បន្ទាប់ពីបានប្រកាសចូលកាន់តំណែងភ្លាម សមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ត្រូវបន្តបេសកកម្មក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតអសកលចំនួនពីរនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ស្របតាមកំណត់ច្បាប់។ ផ្អែកលើសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិថ្មីនេះ រួមនឹងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ដែលជាសេនាធិការលើការងារបច្ចេកទេសប្រកបដោយ បទពិសោធន៍ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា យើងនឹងរៀបចំការបោះឆ្នោតអសកលទាំងពីរនេះបានដោយជោគជ័យ។

ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីជាក្នុងរយៈពេលចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពុំមានការបោះឆ្នោតជាសកលយ៉ាងណាក្តី ក៏ គ.ជ.ប នៅតែបន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ឱ្យបានសមស្របតាមតម្រូវការការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងអនាគត សំដៅឆ្ពោះទៅការរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨ ជាបន្តទៀត។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានប្តេជ្ញាថា ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី សូមធ្វើការប្តេជ្ញាយ៉ាងមោះមុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ថា រូបឯកឧត្តមរួមជាមួយនឹងឯកឧត្តមអនុប្រធាន និងឯកឧត្តមសមាជិក គ.ជ.ប ទាំងអស់ នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទី ភារកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខជាបន្តបន្ទាប់តាមការកំណត់នៃច្បាប់ ឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សំដៅធានាឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner