សមាជិក​សភា​ថៃ​ត្រូវ​បាន​កាត់ទោសឱ្យជាប់ពន្ធនាគារប្រាំមួយឆ្នាំ​ពី​បទ​បង្ហោះសារ​ប្រមាថ​ព្រះមហាក្សត្រ

ថៃ៖សមាជិកសភាថៃលោកស្រី រូឆាណក អៃស៍ ស្រ៊ីណក (Rukchanok Ice Srinork) អាយុ ២៨ ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំពីបទរំលោភលើច្បាប់ប្រមាថព្រះមហាក្សត្រ ដោយសារតែលោកស្រីបានបង្ហោះសារនៅលើបណ្ដាញសង្គម X រិះគន់របបរាជានិយមថៃ។

បច្ចុប្បន្ននេះ លោកស្រីត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែត្រូវបង់ប្រាក់ធានាចំនួន ១៤.០០០ ដុល្លារអាមេរិក ហើយត្រូវរង់ចាំការឆ្លើយតបចំពោះបណ្ដឹងដែលលោកស្រីបានប្តឹងឡើងទៅសាលាឧទ្ធរណ៍។ ក្នុងរយៈពេលនេះ លោកស្រីត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ជាពិសេសគឺមិនអាចប្រព្រឹត្តបទល្មើសដដែលជាដាច់ខាត។

លោកស្រី អៃស៍ គឺជាសមាជិកសភាមកពីគណបក្សឈានទៅមុខ (Move Forward) ដែលទើបនឹងឈ្នះការបោះឆ្នោត ប៉ុន្តែខកខានមិនអាចបង្កើតរដ្ឋាភិបាលបាន។ គណបក្សនេះបានព្យាយាមតស៊ូមតិដើម្បីធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ ដូច្នេះហើយបានជាសមាជិកព្រឹទ្ធសភាមិនព្រមបោះឆ្នោតគាំទ្រគណបក្សមួយនេះក្នុងការបង្កើតរដ្ឋាភិបាលថ្មី។

គួររំឭកថា នៅឆ្នាំ ២០២០ ការបាតុកម្មតវ៉ាទ្រង់ទ្រាយធំមួយបានផ្ទុះឡើង ដោយសារតែមានការរំលាយគណបក្សប្រឆាំង ហើយពលរដ្ឋថៃភាគច្រើនប្រឆាំងទៅនឹងច្បាប់ប្រមាថព្រះមហាក្សត្រ។ យោងតាមអង្គការមេធាវី​ថៃ​ដើម្បី​សិទ្ធិ​មនុស្ស​បាន​ឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២០ មានបណ្ដឹងចំនួន ២៦០ ករណីដែលបានប្ដឹង​ក្រោម​ច្បាប់មួយនេះ ហើយមនុស្សប្រហែលជាជាង ២ ពាន់នាក់បានប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសផ្សេងៗគ្នាចំពោះការចូលរួមក្នុងការតវ៉ានោះ។

ជាក់ស្ដែង កាលពីដើមសប្តាហ៍នេះ បុរសវ័យ ២៦ ឆ្នាំម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទស្រែកអំពីបញ្ហាសង្គមដាក់ក្បួនរថយន្តរាជវង្ស។ ឥឡូវនេះ លោកកំពុងស្ថិតនៅ​ក្រៅ​ឃុំ។​ រីឯលោកស្រី អៃស៍ ត្រូវ​បាន​តុលាការក្រុងបាងកករក​ឃើញ​ថា​មានពិរុទ្ធភាព​កាល​ពី​ថ្ងៃ​ពុធ ចំពោះការបង្ហោះសារចំនួនពីរកាលពីមុនលោកស្រី​ចូលគណបក្សឈានទៅមុខ។ សារទីមួយរបស់លោកស្រីបានរិះគន់ទៅលើវិធានការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ និងសារមួយទៀតបានរិះគន់របបរាជានិយម។

គួរបញ្ជាក់ថា ប្រសិនបើលោកស្រី អៃស៍ ជាប់ពន្ធនាគារ នោះលោកស្រីនឹងបាត់បង់កៅអីនៅសភា។ នៅក្នុងការបោះឆ្នោតកាលពីខែឧសភាកន្លងទៅ លោកស្រីបានឈ្នះអាសនៈនៅតំបន់មួយជិតទីក្រុងបាងកកដែលជាតំបន់ធ្លាប់តែត្រូវបានគ្រប់គ្រងដោយគ្រួសារអ្នកនយោបាយដ៏មានឥទ្ធិពលមួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

គួរដឹងដែរថា លោកស្រី អៃស៍ ត្រូវបានគេដាក់រហស្សនាមថាជា ឃាតករយក្ស ដោយសារតែបានយកឈ្នះសំឡេងអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់។ ថ្នាក់ដឹកនាំមួយចំនួនទៀតរបស់គណបក្សឈានទៅមុខ ក៏បានប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រដូចគ្នា។ ការ​ចោទ​ប្រកាន់​ទាំង​នោះ ភាគច្រើន​ទាក់​ទង​នឹង​សកម្ម​ភាព​របស់ពួកគេដែលបានចូលរួមបាតុកម្ម​តវ៉ាកាលពី​ឆ្នាំ ២០២០។ ការបាតុកម្មតវ៉ាក្នុងឆ្នាំ ២០២០ នោះទៀតសោត បាន​ផ្ទុះ​ឡើង​បន្ទាប់​ពីគណបក្សឆ្ពោះទៅអនាគត (Future Forward) ​ត្រូវ​បាន​រំលាយ។

គណបក្សឆ្ពោះទៅអនាគត និងក្រោយមកបង្កើតទៅជាគណបក្សឈានទៅមុខ បានទទួលប្រជាប្រិយភាពខ្លាំងក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេង និងទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័សក្នុងការបោះឆ្នោត។ រីឯច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ដែល​ហាមប្រាម​ការ​រិះគន់​របប​រាជានិយម​ ​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ក្រោយ​ការ​ឡើង​សោយរាជ្យ​របស់​ព្រះមហាក្សត្រ ប៉ុន្តែ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់ឡើងវិញ ​បន្ទាប់​ពី​បាតុកម្មតវ៉ា​នៅឆ្នាំ ២០២០ ដើម្បីបង្ក្រាបសំឡេងប្រឆាំង។

ច្បាប់​ស្តី​ពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​មាន​លក្ខណៈ​ទូលំទូលាយ និង​មានភាពមិន​ច្បាស់លាស់ ដែល​ធ្វើ​ឱ្យ​អ្នកច្បាប់ ឬ តុលាការត្រូវប្រឈមមុខនឹងការបកស្រាយច្បាប់នេះផ្សេងៗគ្នា។ ហើយការកាត់ក្តីភាគច្រើន ត្រូវបានប្រព្រឹត្តទៅជាលក្ខណៈលាក់កំបាំង និងខ្វះតម្លាភាព។ ចុង​ចោទ​ត្រូវ​បាន​ដាក់​សម្ពាធ​ឱ្យ​សារភាព​កំហុស ព្រោះការទទួលស្គាល់កំហុសអាចនាំទៅរកការបន្ធូរបន្ថយស្ថានទម្ងន់ទោស។

ជាទូទៅ ដំណើរការកាត់ក្តីមានរយៈពេលជាច្រើនឆ្នាំ ដូច្នេះវាបានដាក់បន្ទុកទៅលើសកម្មជនប្រឆាំង។ ការណ៍នេះត្រូវបានមើលឃើញថាតុលាការគឺជាឧបករណ៍មួយដែលគេប្រើប្រាស់ដើម្បីបង្ក្រាបចលនាតវ៉ានៅឆ្នាំ២០២០ ដែលមានន័យថា ក្រុមសកម្មជនត្រូវជាប់គាំងដោយសារត្រូវបង្ហាញខ្លួននៅតុលាការមិនចេះចប់ ធ្វើឱ្យពួកគេគ្មានពេលរៀបចំការតវ៉ាបន្តទៀត។
យុទ្ធសាស្ត្រនេះ គឺមានប្រសិទ្ធភាពខ្លាំងក្នុងការរារាំងក្រុមប្រឆាំង តាមរយៈការប្រើប្រាស់ពេលវេលា និងធនធានរបស់ពួកគេ៕

ប្រែសម្រួល៖ ធា សុណា

ប្រភពព័ត៌មាន៖ BBC News

Thai MP convicted for posts insulting the monarchyhttps://www.bbc.com/news/world-asia-67690725

ads banner