ក្រុមហ៊ុន Tesla បានប្រមូលរថយន្តស្ទើរតែទាំងអស់នៅសហរដ្ឋអាមេរិកដោយសារប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ
អាមេរិក៖ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla កំពុងប្រមូលរថយន្តជាងពីរលានគ្រឿងនៅក្នុងសហរដ្ឋអាមេរិកដើម្បីដំឡើងប្រព័ន្ធការពារថ្មីជំនួយអ្នកបើកបរនៅក្នុងប្រព័ន្ធAutopilot (បើកបរដោយស្វ័យប្រវត្តិ) បន្ទាប់ពីនិយ័តករសុវត្ថិភាពសហព័ន្ធបានលើកឡើងពីកង្វល់អំពីសុវត្ថិភាពនៃប្រព័ន្ធនេះ។
នេះគឺជាការប្រមូលរថយន្ត Tesla ដ៏ធំបំផុតមិនធ្លាប់មានពីមុនមក ដែលហាក់ដូចជាគ្របដណ្តប់យានយន្ត Tesla ស្ទើរតែទាំងអស់នៅលើផ្លូវក្នុងសហរដ្ឋអាមេរិក ដើម្បីដំឡើងប្រព័ន្ធជំនួយថ្មីក្នុងគោលដៅធានាថាអ្នកបើកបរយកចិត្តទុកដាក់កាន់តែប្រសើរឡើងនៅពេលប្រើប្រាស់ប្រព័ន្ធនោះ។
បើតាមឯកសារ របស់ក្រុមហ៊ុន Tesla បានឱ្យដឹងថា ការគ្រប់គ្រងប្រព័ន្ធសូហ្វវែររបស់ Autopilot ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់អ្នកបើកបរប្រើខុសនោះ ហើយកំហុសនោះនឹងបង្កើនហានិភ័យនៃការគាំង។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាមេរិក (NHTSA) បានចំណាយពេលជាងពីរឆ្នាំដើម្បីស៊ើបអង្កេតថា តើរថយន្តដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលដឹកនាំដោយមហាសេដ្ឋី អេឡុន ម៉ាស(Elon Musk) អាចធានាឱ្យអ្នកបើកបរយកចិត្តទុកដាក់បានគ្រប់គ្រាន់នៅពេលប្រើប្រព័ន្ធ Autopilot ទេ។
អ្នកគ្រប់គ្រងស្តីទី NHTSA អ្នកស្រី Ann Carlson បានសរសើរក្រុមហ៊ុន Tesla ចំពោះការយល់ព្រមប្រមូលរថយន្តរបស់ខ្លួនត្រឡប់មកវិញ។ ចំពោះបញ្ហានៃប្រព័ន្ធនេះវិញ អ្នកស្រីបាននិយាយនៅក្នុងសវនាការរបស់សភាអាមេរិកថា «រឿងមួយដែលយើងកំណត់បានគឺថា អ្នកបើកបរមិនយកចិត្តទុកដាក់សោះ នៅពេលដែលប្រើប្រព័ន្ធនោះ»។
អ្នកស្រី Carlson បានឱ្យដឹងដែរថា ទីភ្នាក់ងាររបស់ខ្លួនបានបើកការស៊ើបអង្កេតសុវត្ថិភាពតាំងតែពីខែសីហា ឆ្នាំ ២០២១ នៅពេលដែលបន្តឃើញគ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ Autopilot។
យ៉ាងណាសម្រាប់ ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួនមិនយល់ស្របនឹងការវិភាគរបស់ NHTSA ទេ ប៉ុន្តែការប្រមូលរថយន្តត្រលប់ទៅវិញគឺដើម្បីអាប់ដេតកម្មវិធីពីលើអាកាសដែលនឹង រួមបញ្ចូលការត្រួតពិនិត្យបន្ថែម និងការដាស់តឿនបន្ថែមដល់អ្នកបើកបរដែលកំពុងប្រើប្រាស់ប្រព័ន្ធនេះស្រាប់ ដើម្បីលើកទឹកចិត្តឱ្យពួកគេប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវក្នុងការបើកបរ។
ដោយឡែកនៅកាណាដាឯណោះវិញ នាយកដ្ឋានដឹកជញ្ជូន បាននិយាយថាក្រុមហ៊ុន Tesla នឹងប្រមូលរថយន្តចំនួន ១៩៣,០០០ គ្រឿងដើម្បីដោះស្រាយបញ្ហា Autopilot។ ចំណែកក្រុមហ៊ុនរថយន្តចិន នាយកដ្ឋានមិនច្បាស់ទេថា តើចិននឹងទាមទារប្រមូលរថយន្តខ្លួនទៅកែសម្រួល ឬយ៉ាងណា៕
ដោយៈ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://www.reuters.com/business/autos-transportation/tesla-update-software-autopilot-control-issue-2-mln-vehicles-nhtsa-2023-12-13/