ក្រុមសម្ព័ន្ធជនជាតិភាគតិចមីយ៉ាន់ម៉ាថាខ្លួនកំពុងប្រយុទ្ធដើម្បីបិទបញ្ចប់របបផ្ដាច់ការ

ណៃពិដោ៖ក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃទី ១៣ ខែធ្នូថា ខ្លួននឹងប្រយុទ្ធតតាំងដើម្បីបញ្ចប់ របបផ្តាច់ការនៅក្នុងប្រទេស។ ការលើកឡើងរបស់ក្រុមជនជាតិភាគតិចបែបនេះ ធ្វើឡើងប៉ុន្មានថ្ងៃ​បន្ទាប់ពីរបបយោធាជួបពិភាក្សាជាមួយពួកគេ ក្រោមការសម្របសម្រួលពីប្រទេសចិន។

យ៉ាងណាមិញ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងពាសពេញរដ្ឋ Shan ដែលស្ថិតនៅ​ភាគខាងជើងនៃ​ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីកងទ័ព Arakan កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា និងកងទ័ពរំដោះជាតិ Ta’ang បានបើកការវាយលុកកាលពីចុងខែតុលា។

ក្រុមទាំងនេះបានដណ្តើមយកទីតាំងយោធា និងមជ្ឈមណ្ឌលពាណិជ្ជកម្ម​សំខាន់ៗ​ជាមួយប្រទេស​ចិន ដែលអ្នកវិភាគនិយាយថា នេះគឺជាការរើបំរាសដ៏ធំបំផុតចំពោះរបបយោធា ចាប់​តាំងពីរដ្ឋ​ប្រហារឆ្នាំ ២០២១មក។

តាមរយៈសកម្មភាពប្រឆាំងជាបន្តបន្ទាប់នេះ ក្រុមសម្ព័ន្ធជនជាតិភាគតិចបានអះអាងជាថ្មីនូវ ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចប់ភាពផ្តាច់ការដោយថា៖«ដើម្បីអាចសម្រេចបាននូវគោលដៅ​​របស់យើងដោយពេញលេញ គឺត្រូវការពេលវេលា និងកិច្ចខិតខំប្រឹង​ប្រែងបន្តហើយការលះបង់​របស់យើងនៅតែរឹងមាំ ដើម្បីប្រជាជនមីយ៉ាន់ម៉ាទាំងមូល។»

បើទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យនៃរបបយោធាគឺ លោក Zaw Min Tun បាននិយាយកាលពីថ្ងៃទី ១១ ខែធ្នូដែរថា មេដឹកនាំនៃរបបយោធាបានស្វះស្វែងជួបពិភាក្សាជាមួយក្រុមទាំងបីក្នុងគោល​បំណងស្វែងរក​ដំណោះស្រាយសមស្របមួយ ចំពោះជម្លោះខាងលើ។

អ្នកនាំពាក្យរូបនេះ បាននិយាយទៀតថា កិច្ចពិភាក្សាទាំងនោះត្រូវបានធ្វើឡើងដោយមាន​ជំនួយពីប្រទេសចិន ប៉ុន្តែមិនបានបញ្ជាក់ថានៅពេលណា ឬនៅទីណានោះទេ។

ទាក់ទងនឹងរឿងនេះ ក្រសួងការបរទេសចិនក៏បានបញ្ជាក់អំពីការសម្របសម្រួលកិច្ចចរចារវាង​ក្រុមយោធា និងក្រុមជនជាតិភាគតិចផងដែរ។ ជាលទ្ធផល ការចរចានាពេលនោះប្រព្រឹត្តទៅ​ដោយរលូន មានផលវិជ្ជមាន ប៉ុន្តែក្រសួងការបរទេសមិនបានបញ្ជាក់លម្អិតថាយ៉ាង​ណានោះទេ។

បើយោងតាម​អង្គការ​សហប្រជាជាតិ ការប៉ះទង្គិចគ្នារវាងក្រុមយោធា និងក្រុមជនជាតិភាគតិច​បានរីករាលដាលដល់ភាគ​ខាងកើត និងខាងលិចនៃប្រទេស ហើយបានបង្ខំឱ្យមនុស្សជាង​

កន្លះលាននាក់ភៀសខ្លួន​ចេញពីផ្ទះរបស់ពួកគេ៕

ប្រែសម្រួល៖ កែវ បុស្បា

ប្រភព៖ The Straits Times Myanmar ethnic minorities alliance says it is fighting to ‘end dictatorship’

ads banner