រដ្ឋមន្រ្តីជប៉ុនបីរូប លាលែងចេញពីតំណែងជុំវិញរឿងអាស្រូវពុករលួយក្នុងបក្សកាន់អំណាច
តូក្យូ៖សារព័ត៌មានក្នុងជប៉ុនបានរាយការណ៍ថា រដ្ឋមន្ត្រីនៃរដ្ឋាភិបាលជប៉ុនចំនួនបីនាក់បានលាលែងចេញពីតំណែងរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ទី១៤ ខែធ្នូនេះ ជុំវិញរឿងអាស្រូវពុករលួយដ៏ធំក្នុងគណបក្សកាន់អំណាច។
បើតាមការផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មាន AFP រឿងអាស្រូវដ៏ធំនោះ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការទទួលបានប្រាក់កិបកេងចំនួន ៥០០ លានយ៉េន (៣,៤ លានដុល្លារ) ក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលមានលោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីហ្ស៊ីដា ជាប្រធាន។
រដ្ឋមន្រ្តីដែលលាលែងចេញពីតំណែងរួមមាន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងឧស្សាហកម្ម លោក អ៊ីយ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា(Yasutoshi Nishimura) រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង ,លោក ចូនជី ស៊ូហ្សូគី (Junji Suzuki )និងរដ្ឋមន្ត្រីកសិកម្មលោក អ៊ីជីរ៉ូ មីយ៉ាស៊ីតា (Ichiro Miyashita) ។
លោក Nishimura បានប្រាប់អ្នកយកព័ត៌មានថា៖ «ការសង្ស័យរបស់សាធារណជនវិលវល់ជុំវិញខ្ញុំពាក់ព័ន្ធនឹងមូលនិធិនយោបាយ ដែលនាំឱ្យមានការមិនទុកចិត្តលើរដ្ឋាភិបាល។ ខណៈដែលការស៊ើបអង្កេតកំពុងបន្ត ខ្ញុំចង់ធ្វើអ្វីដែលត្រូវ»។
ការលាលែងដោយសារតែរឿងអាស្រូវនេះ ហាក់ធ្វើឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលជប៉ុនមានការកក្រើកខ្លាំង។ បើតាមសារព័ត៌មានក្នុងស្រុកជប៉ុន ប្រធានខុទ្ទកាល័យ និងប្រធានអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បានបញ្ជាក់ថា លោកក៏នឹងលាលែងតាមក្រោយជាមួយគ្នាដែរ។ លោក Michiko Ueno ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រី ក៏នឹងធ្វើដូចគ្នា រួមជាមួយអនុរដ្ឋមន្ត្រីចំនួន៥រូប ផ្សេងទៀត។
លោកនាយករដ្ឋមន្ត្រី គីហ្ស៊ីដា ឯណោះវិញ បាននិយាយកាលពីថ្ងៃពុធថា នឹងមានការផ្លាស់ប្តូរបុគ្គលិករដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍ ខណៈលោកបានសន្យាថានឹងដោះស្រាយជាមួយនឹងការចោទប្រកាន់នេះ។
គេមើលឃើញថា រឿងអាស្រូវដ៏ធំដែលផ្ទុះឡើងថ្មីៗនេះ កើតមានឡើងខណៈការវាយតម្លៃនៃការគាំទ្រលោក គីហ្ស៊ីដា មានកម្រិតទាបបំផុតសម្រាប់នាយករដ្ឋមន្ត្រីណាមួយ ចាប់តាំងពីបក្ស LDP បានវិញមកកាន់អំណាចក្នុងឆ្នាំ ២០១២ ដោយសារតែកំហឹងរបស់អ្នកបោះឆ្នោតអំពីអតិផរណា ក៏ដូចជាការដោះស្រាយរឿងអាស្រូវជាច្រើនកន្លងមក។
រដ្ឋមន្រ្តីដែលលាលែងពីតំណែងទាំងអស់ គឺជាអ្នកនយោបាយធំៗរបស់បក្ស LDP ដែលដឹកនាំដោយ អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ(Shinzo Abe) មុនពេលគេធ្វើឃាតលោកកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា រឿងអាស្រូវកិបកេងប្រាក់ គឺពាក់ព័ន្ធនឹងការចោទប្រកាន់ដែលថា សមាជិកបក្ស LDP បានយកប្រាក់ដែលខ្លួនបានមកពីការលក់សំបុត្រលើសកូតាក្នុងកម្មវិធីរ៉ៃអង្គាសប្រាស់សម្រាប់បក្ស ដាក់ចូលក្នុងហោប៉ៅផ្ទាល់ខ្លួន។
សារព័ត៌មានជប៉ុនផ្សាយថា ព្រះរាជអាជ្ញាជប៉ុនកំពុងស៊ើបអង្កេត ដោយនឹងចាប់ផ្តើមវាយឆ្មក់លើការិយាល័យ និងសម្ភាសន៍សមាជិកសភារាប់សិបនាក់នៅចុងសប្តាហ៍នេះ៕
ប្រែសម្រួល៖ ហួន ឌីណា ប្រភព៖ https://www.bangkokpost.com/world/2705318/three-japanese-ministers-resign-over-kickbacks-scandal-reports