សមត្ថកិច្ចស្រុកកែវសីមា ឆ្មក់បង្ក្រាបជនសង្ស័យម្នាក់ និងគ្រឿងញៀន២០កញ្ចប់ធំតូច

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគីរី៖ នគរបាលស្រុកកែវសីមា បានឆ្មក់ចាប់បានមុខសញ្ញាចែកចាយគ្រឿងញៀន បានម្នាក់រួមទាំងថ្នាំញៀនដល់ទៅ២០កញ្ចប់ធំតូច ក្នុងពេលដែលកម្លាំងប៉ុស្តិ៍នគរបាលឃុំស្រែខ្ទុម កំពុងល្បាតតាមដងផ្លូវជាតិលេខ៧៦A ស្ថិតក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី កាលពីម៉ោង០៨និង៣៧នាទីយប់ថ្ងៃទី១៦កក្កដាកន្លងទៅ។

ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត និងបន្តបញ្ជូនទៅអយ្យការអមសាលាដំបូងដើម្បីបន្តនីតិវិធីនៅថ្ងៃទី១៨កក្កដានេះ។ ផ្អែកតាមសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា សមត្ថកិច្ចបានចាប់ខ្លួមជនសង្ស័យឈ្មោះ ដូង សុខលីន ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើត ភូមិស្មោង ឃុំរងាង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

សមត្ថកិច្ចឲ្យដឹងថា វត្ថុតាងដែលឃាត់បានរួមមាន៖

១)សារធាតុសង្ស័យថា ជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន២០កញ្ចប់ ក្នុងនោះ០១កញ្ចប់ធំ / ១៨កញ្ចប់ធំល្មម /០១កញ្ចប់តូច។

២)ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ។

៣)ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន០១គ្រឿង ។

៤)ទូរស័ព្ទដៃចំនួន០៣គ្រឿង។

៥)ម៉ូតូចំនួន០១គ្រឿង។

ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី លោក ស៊ុន ប៊ុនធឿន បានបញ្ជាក់ថា ជនសង្ស័យកំពុងកសាងសំណុំរឿង និងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៨កក្កដានេះ រួមនឹងវត្ថុតាងជាគ្រឿងញៀនមានទម្ងន់សរុប ៥៦,៩g៕ធ.ដ

ដោយៈ សាតចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner