រ៉ឺម៉កម៉ូតូបើកគេចពីរថយន្តធ្លាក់ផ្លូវ បណ្ដាលឲ្យលោកយាយម្នាក់ធ្លាក់ស្លាប់ នៅស្រុករលាប្អៀរ
កំពង់ឆ្នាំង៖ លោកយាយម្នាក់បានធ្លាក់ពីលើរ៉ឺម៉កម៉ូតូស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីរ៉ឺម៉កម៉ូតូបានបើកធ្លាក់ពីលើផ្លូវ ក្នុងពេលព្យាយាមបើកគេចពីរថយន្តវ៉ាជែងគ្នា កាលពីម៉ោង៧និង១៥នាទី ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ៩៦ និង៩៧ ស្ថិតនៅក្នុងភូមិសាលាផ្លូវវាយ ឃុំស្វាយ ជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
អធិការរងនគរបាលស្រុករលាប្អៀរ ទទួលផ្នែកចរាចរណ៍លោក សំ សុខា បានឲ្យដឹងថា បើតាមការពិនិត្យស្លាកស្នាម នៅកន្លែងកើតហេតុ និងការបញ្ជាក់ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានបញ្ជាក់ថា ក្នុងពេលកើតហេតុ រ៉ឺម៉កម៉ូតូខាងលើ បានដឹកលោកយាយជាអ្នកជំងឺម្នាក់ ធ្វើដំណើរពីទិសខាងកើតទៅខាងលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបានគេចពីរថយន្ត២គ្រឿង បានវ៉ាជែងគ្នាចូលចំណែកផ្លូវរបស់គាត់ បណ្ដាលឲ្យរ៉ឺម៉កម៉ូតូគេចពីគ្រោះថ្នាក់ធ្លាក់ពីលើផ្លូវជាតិ ជ្រុលចង្កូតចូលទៅក្នុងស្នាមភ្លោះអែបផ្លូវ បណ្តាលឲ្យលោកយាយរងគ្រោះជិះនៅលើរ៉ឺម៉កម៉ូតូផ្ងារក្រោយធ្លាក់មកដីរបួសធ្ងន់ និងបានស្លាប់នៅពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ អ្នកបើកបររ៉ឺម៉កម៉ូតូ បានរត់គេចខ្លួនបាត់។ ចំណែកលោកយាយរងគ្រោះ ត្រូវបានប្រជាពលរដ្ឋជួយហៅរថយន្តពេទ្យ ដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើម្បីជួយសង្គ្រោះ តែជាអកុសលគាត់បានស្លាប់ពេលកំពុងដឹកទៅកាន់មន្ទីរពេទ្យខេត្ត។ សពលោកយាយរងគ្រោះ មិនត្រូវបានគេស្គាល់អទ្តសញ្ញាណនៅឡើយទេ កំពុងតម្កល់ទុកក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយក។ ចំណែករ៉ឺម៉កម៉ូតូ ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលារប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ធ.ដ
ដោយៈ សុក្ខារិន