មនុស្សស្លាប់ ៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅវេណេស៊ុយអេឡា
ការ៉ាកាស់៖ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់ ដោយសាររថយន្តកុងតឺន័របើកបុករះរថយន្តជាច្រើន ស្ថិតនៅជាយក្រុងនៃរដ្ឋធានីការ៉ាកាស់ ប្រទេសវេណេស៊ុយអេឡា។
ប៉ូលីស និងភ្នាក់ងារពន្លត់អគ្គីភ័យកំពុងធ្វើការនៅនឹងកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងពីរថយន្តកុងតឺន័រមួយគ្រឿង បុករះរថយន្តជាច្រើនគ្រឿងផ្សេងទៀត នៅលើផ្លូវហាយវេមួយកន្លែង ក្បែររដ្ឋធានីការ៉ាកាស់ របស់ប្រទេសវេណេស៊ុយអេឡា ដែលធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៨នាក់ស្លាប់។
ប្រភពបានឱ្យដឹងថា រថយន្តកុងតឺន័របានបើកបុករថយន្តជាច្រើន ដែលឈប់នៅលើផ្លូវហាយវេ បន្ទាប់ពីទីនោះទើបជួបគ្រោះចរាចរណ៍មុននេះបន្តិច។ ហើយក្នុងចំណោមរថយន្តទាំងនោះ មានរថយន្តដឹកវត្ថុរាវដែលងាយឆាបឆេះ ទើបបង្កឱ្យមានអគ្គិភ័យកើតឡើង នៅពេលមានគ្រោះថ្នាក់។ អភិបាលរដ្ឋ Miranda ដែលជាទីតាំងកើតហេតុ បានបញ្ជាក់ថា រថយន្ត ១៦គ្រឿងត្រូវអគ្គីភ័យឆាបឆេះក្នុងឧបទ្ទវហេតុនេះ។
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_15-18-10-1024x576.jpg)
រីឯអនុរដ្ឋមន្ត្រីគ្រប់គ្រងហានិភ័យ និងការការពារជនស៊ីវិលវេណេស៊ុយអេឡា លោក Carlos Pérez Ampueda ថ្លែងថា គ្រោះថ្នាក់លើកទី១ កើតឡើងនៅម៉ោងប្រហែល ៧ព្រឹក និងលើកទី២ នៅម៉ោងប្រហែល ៧និង១៥នាទី ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។ ទន្ទឹមគ្នា លោករំពឹងថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត។
ជាមួយគ្នានេះ ប្រជាជនក្នុងតំបន់បានត្អូញត្អែរនៅលើបណ្តាញសង្គមថា កង្វះការថែទាំផ្លូវថ្នល់នៅក្នុងតំបន់ជាច្រើនទូទាំងប្រទេស អំឡុងពេលវិបត្តិសេដ្ឋកិច្ច ទំនងជាត្រូវស្តីបន្ទោស ចំពោះឧបទ្ទវហេតុនេះ៕
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_15-18-13-1024x576.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_15-18-14-1024x576.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_15-18-11-1024x576.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_15-18-12-1024x576.jpg)
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា