ពិធីឆ្លងឆ្នាំសាកលខាងមុខ អាជ្ញាធរខេត្តនឹងរៀបចំ ព្រឹត្តិការណ៍ ពិព័រណ៍ ម្ហូបអាហារ របស់អ្នកបាត់ដំបង

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំនូវព្រឹត្តិការណ៍ ពិព័រណ៍ បង្ហាញមុខម្ហូបអាហារដែលជាថ្វីដៃកែច្នៃដ៏ប៉ិនប្រសប់របស់អ្នកស្រុកក្នុងខេត្តខ្លួនរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ខែធ្នូ ឆ្នាំ២០២៣ ដើម្បី អបអរសាទរនៅក្នុងឱកាស ពិធីឆ្លងឆ្នាំសាកល២០២៣ចូល២០២៤។ ពិធីនេះក៏ដើម្បីជាការរំលេចឱ្យផងដែរ នូវ ការអបអរសាទរចំពោះ ជ័យ លាភីដែលទីក្រុងរបស់ខេត្តបាត់ដំបង ទទួលបាននូវការចុះបញ្ជី បណ្ដាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UCCN) ផ្នែក ម្ហូបអាហារផងដែរ។

ថ្លែងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំរៀបចំកម្មវិធីឆ្លងឆ្នាំសាកល២០២៣ឈានចូលឆ្នាំ២០២៤ខាងមុខនេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បាត់ដំបង បានណែនាំនិងជំរុញដល់គ្រប់អាជ្ញាធរស្រុក-ក្រុងទាំង១៤ ក្នុងខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈ ឱ្យបាន រួចជាស្រេចជាមុន ដើម្បីឱ្យការរៀបចំពិព័រណ៍ម្ហូបអាហារ និងកម្មវិធីឆ្លង ឆ្នាំសាកលឆ្នាំនេះ បានកាន់តែល្អប្រសើរ និងប្រព្រឹត្តទៅយ៉ាង អធិកអធម ជាងឆ្នាំកន្លងទៅ។

សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ម្ហូប ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ ឱ្យដឹងទៀតថា ពិព័រណ៍ម្ហូបអាហារឆ្នាំ២០២៣ នឹងមានការរៀបចំ នូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូចជា ភូមិម្ហូបខ្មែរ,តាំងបង្ហាញពិព័រណ៍ ម្ហូបអាហារនិងផលិតផលដែលផលិតនិងកែច្នៃក្នុងខេត្ត តាមបណ្តាមន្ទីរ អង្គភាពក្រុង-ស្រុកទូទាំងខេត្ត។ក្នុងនោះក៏មានតាំងពិព័រណ៍ ម្ហូប អាហារ អ្នកបាត់ដំបង,ពិព័រណ៍ភូមិមួយផលិតផលមួយ,ការសម្តែងសិល្បៈរួមនិងការប្រគំតន្រ្តីខ្នាតយក្ស និងការបាញ់កាំជ្រួចនៅរាត្រីឆ្លងឆ្នាំ ផងដែរ។

តាមរយៈនៃកិច្ចប្រជុំនេះមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានប្រកាស ផ្ដល់ជូននូវស្ដង់លក់ដូរដោយឥតគិតថ្លៃដល់បងប្អូនអាជីវករដែលមានចំណាប់អារម្មណ៍និងចង់លក់តាមនៅស្តង់ពិព័រណ៍ម្ហូបអាហារឬភូមិម្ហូបខ្មែរ សូមទំនាក់ទំនងមកមន្ទីរផ្ទាល់ឱ្យបានមុននិងឆាប់រួសរាន់។

គួររំលឹកដែរថា កាលពីព្រឹត្តិការណ៍ឆ្លងឆ្នាំ២០២២ រដ្ឋបាល ខេត្ត បាត់ ដំបង បានរៀបចំនូវព្រឹត្តិការណ៍បែបនេះ ដោយមានការតាំង ពិព័រណ៍ ម្ហូប អាហារ,ការដាក់តាំងបង្ហាញមុខម្ហូបនិងបង្អែមខ្មែរ ដែល ជាថ្វីដៃកែច្នៃ របស់អ្នកខេត្តបាត់ដំបង ដែលធ្លាប់តែល្បីល្បាញជាយូរលង់។សម្រាប់ឆ្នាំនេះក៏មានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយផ្សេងៗជាច្រើនទៀត សម្រាប់ស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមក កម្សាន្ត ស្នាក់នៅក្នុងខេត្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកល នៅក្នុងខេត្តរបស់ខ្លួន។រដ្ឋបាលខេត្តត្រៀមជាស្រេចដើម្បីបង្កលក្ខណ:ងាយស្រួលដល់ភ្ញៀវដែលមកដើរលេងកម្សាន្តឱ្យបានច្រើនកុះករ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner