កសិករដាំស្វាយចន្ទី និងគ្រាប់ចន្ទីកម្ពុជាកំពុងមានគុណភាពល្អប្រសើរ និងអាចនាំចញទៅកាន់ទីផ្សារអន្តរជាតិ
(ខេត្តក្រចេះ)៖ បច្ចុប្បន្ននេះការធ្វើកសិកម្មនៅកម្ពុជាពិសេសទៅលើដំណាំស្វាយចន្ទីបានកំពុងមានការបង្កើនគុណភាពនៃការដាំដុះ កាន់តែប្រសើរឡើងក្នុងនេះរាប់ទាំងការរៀបចំ ចំការ ក៏មានលក្ខណៈល្អ និងគ្រាប់ផ្លែចន្ទីក៏មានគុណភាព ហើយអាចនឹងនាំចេញទៅលក់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ។
លោក ហ្គេនឌើ វែសហ្សូល( Guenter wessel) ប្រធានពហុគម្រោង GIZ របស់ប្រទេសអាល្លឺម៉ង់ បានឱ្យដឹងក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជាក្នុងខេត្តក្រចេះកាលពីថ្មីៗមកនេះឱ្យដឹងថា៖តាមរយៈគម្រោងGIZ ដោយមានការគាំទ្រពីសហភាពអឺរ៉ុប បាននិងកំពុងធ្វើសកម្មភាពជាច្រើន ទាំងផលិតកម្ម ការកែច្នៃ រហូតដល់ទីផ្សារដោយក្នុងនេះមានទាំងការបណ្តុះបណ្តាល និងស្តង់ដាគុណភាព ។ ជាមួយគ្នាGIZ មិនត្រឹមតែគិតគូពីខ្សែច្រវាក់ផលិតកម្មទេនៅគិតគូពីការដាំដុះផងដើម្បីលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា កាន់តែប្រសើរឡើង។
លោកបានថ្លែងបញ្ជាក់ដែរថា តាមរយៈការជួយបណ្តុះបណ្តាលដល់កសិករកន្លងមក គឺយើងទទួលបាននូវលទ្ធផលល្អប្រសើរក្នុងនេះមិនថាជាបច្ចេកទេសដាំដុះទេ សូមបីតែគុណភាពផ្លែត្រូវបានលើកកម្ពស់ ក្នុងនេះយើងអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបានដោយពុំមានបញ្ហាចោទឡើយ ។
ទន្ទឹមជាមួយគ្នានេះលោកបានលើកឡើងដែរថា” បើយើងក្រឡេកមើលពីអតីតកាលកន្លងមក គឺសហគមន៍កសិកម្មពួកគាត់ធ្វើការប្រមូលទិញពីកសិករ ។ ដោយខុសប្លែកកាលពីមុនគឺអ្នកទិញត្រូវរត់ដើម្បីទៅទិញតាមផ្ទះឬចំការកសិករម្នាក់ៗធ្វើឱ្យជួបការលំបាក ហើយតម្លៃទៀតសោតក៏ខ្ពស់។អ្វីដែលផ្តល់ភាពងាយស្រូលនៅពេលនេះកសិករគាត់បានប្រមូលផ្តុំលក់លក្ខណៈជាសហគមន៍ដែលងាយស្រួលដល់អ្នកវិនិយោគទុនទៅលើការកែច្នៃគ្រាប់ស្វាយចន្ទី ។ សម្រាប់អ្វីដែលល្អសម្រាប់សហគមន៍កសិកម្មដែលផ្តោទៅលើដំណាំស្វាយចន្ទីនោះគឺការធ្វើឱ្យតម្លៃស្វាយចន្ទីរ មានស្ថេរភាពមិនមានប្រែប្រួលដូចកាលពីមុនទៀត។ បើប្រៀបធៀបកាលពីមុនគឺក្នុងមួយថ្ងៃៗតម្លៃមានការឡើងចុះរាប់សិបដង ប៉ុន្តែបច្ចុបុ្បន្នតម្លៃមានស្ថេរភាពដែលធ្វើឱ្យទាំងអ្នកលក់ និងអ្នកទិញសប្បាយចិត្តដោយសារតម្លៃច្បាស់លាស់ និងធ្វើឱ្យជីវភាពកម្មរបស់ពួកគាត់មានស្ថេរភាព។
លោកបានបន្ថែមថា”កសិករក៏មានការទទួលខុសត្រូវជាងមុនដែរ ដោយសារ ពួកគាត់មើលឃើញថា តម្លៃប្រមូលផលរបស់គាត់ជាក់លាក់ ហើយគាត់មានភាពជឿជាក់លើផលិតកម្មរបស់គាត់ ។ អ្វីដែលខុសប្លែក និងល្អក្នុងការធ្វើការលក្ខណៈសហគមន៍ កសិកម្មការផលិតគ្រាប់ស្វាយចន្ទីនេះគឺគាត់ជួយរក្សា នៃលក្ខណៈស្ថេរភាព និងមានការចរចាតម្លៃត្រឹមត្រូវ”។
ដោយឡែក លោក ប្រាយអាន់ ហ្វ័រណារី (Bryan FORNARI)ប្រធានផ្នែកកិច្ចសហប្រតិបត្តិការរបស់ សហភាពអឺរ៉ុប ថ្លែងប្រាប់ថា ៖ ”តាមរយៈគម្រោងថ្មីមួយនេះដែលបានជួយគាំទ្រទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មីដើម្បីសំដៅធ្វើយ៉ាងណាខ្សែច្រវាក់ចាប់តាំងតែពីការផលិតខ្ពស់ បរិមាណខ្អស់និងមានគុណភាព ស្របតាមស្តង់ដាទាំងក្នុងស្រុក និងអន្តរជាតិ ។ យើងធ្វើយ៉ាងណាទាក់ទាញទាំងអ្នកវិនិយោគទាំងក្នុងអឺរ៉ុប និង ទាំងនៅប្រទេសផ្សេងៗទៀតដើម្បីឱ្យការកៃច្នៃនៅប្រទេសកម្ពុជារីកចម្រើនល្អជាងមុន។ សហភាពអឺរ៉ុបនឹងជួយក្នុងផ្នែកគោលនយោបាយមានន័យថានឹងធ្វើដូចម្តេចឱ្យមានសុវត្តិភាពចំណីអាហារ។ទាំងនេះយើងមិនគិតតែស្វាយចន្ទីទេគឺដំណាំកសិកម្មដទៃទៀតគឺយើងត្រូវការឱ្យមានស្តង់ដានេះដូចគ្នា”។
លោកបានថ្លែងដែរថាសហភាពអឺរ៉ុបនឹងធ្វើការជាមួយគ្រប់ភាគីក្នុងនេះរាប់ទាំងកសិករ សហគមន៍ អង្គការ និងភាគីរាជរដ្ឋាភិបាលកម្ពុជាដើម្បីសំដៅធ្វើយ៉ាងណាជំរុញលើកដំណាំស្វាយចន្តីរបស់កម្ពុជាទៅកាន់ទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស ។
លោកបានថ្លែងដែរថា ៖ អឺរ៉ុបស្វាគមន៍ជានិច្ចពីផលិតផលកសិកម្មកម្ពុជា តែអ្វីដែលយើង ត្រូវធ្វើនោះគឺធ្វើយ៉ាងណាឱ្យគុណភាពរបស់យើងគោរពបានស្តង់ដាអឺរ៉ុប។ យើងបានធ្វើការសិក្សាហើយជ្រើសរើសប្រភេទដំណាំជាច្រើនដើម្បីជ្រើសរើស ហើយ វិភាគថាហេតុអ្វីបានជាយើងជ្រើសរើសស្វាយចន្តីនិងម្រេច។អញ្ចឹងម្រេចនឹងស្វាយចន្ទីជាដំណាំមានសក្តានុពល។សក្តានុពលកន្លែងនេះគឺចង់និយាយទៅលើសមត្ថភាពក្នុងការផលិត,បរិមាណ ហើយនិងគុណភាព ។ ដំណាំទាំង ២ប្រភេទនេះ កម្ពុជា អាចធ្វើបាន ទាំង ក្នុងការកែច្នៃ និងអាចនាំទៅកាន់ទីផ្សារក្នុងស្រុក និងអឺរ៉ុបផង ។
គួរបញ្ជាក់ថា ៖ ខេត្តដែលសម្បូរទៅដោយដំណាំស្វាយចន្ទីមានដូចជា ខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគីរី ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ឆ្នាំង៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ រិន រចនា