វៀតណាម កាត់ទោសប្រហារជីវិតមនុស្សបីនាក់ ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន ១០០ គីឡូក្រាម
ហាណូយ៖ តុលាការក្រុងហូជីមិញ កាលពីថ្ងៃអង្គារ បានកាត់ទោសប្រហារជីវិតបុរសបីនាក់ ពីបទរត់ពន្ធហេរ៉ូអ៊ីន និងមេតំហ្វេតាមីនចំនួន ១០០ គីឡូក្រាមក្នុងអំឡុងវិបត្តិកូវីដ១៩ ដោយក្លែងបន្លំវាថាជាទំនិញសប្បុរសធម៌។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃពុធ។
ម្នាក់ក្នុងចំណោមនោះ គឺលោក ង្វៀន ថាញ់ ហ៊ុង(Nguyen Thanh Hung) អាយុ ៣១ ឆ្នាំ ត្រូវបានតុលាការរកឃើញថាមានតួនាទីសំខាន់ក្នុងករណីនេះ ដោយលោកទទួលបញ្ជាដោយផ្ទាល់ពីបុរសម្នាក់ ដែលគេមិនដឹងអត្តសញ្ញាណលម្អិត ហើយស្គាល់តែឈ្មោះថា Jimmy ដែលរស់នៅក្នុងប្រទេសកម្ពុជា។
ពិរុទ្ធជនម្នាក់ទៀត ឈ្មោះ Huynh Van Thong អាយុ ៤៨ ឆ្នាំ ដែលសកម្មនឹងការងារសប្បុរសធម៌ បានធ្វើការឱ្យ លោក Jimmy ដោយដឹកជញ្ជូនគ្រឿងញៀនពីកម្ពុជាចូលទៅវៀតណាម ដោយក្លែងបន្លំវាដាក់នៅក្នុងកន្ត្រកត្រីងៀត និងផ្អក ដើម្បីយកទៅបរិច្ចាគដល់ប្រជាជនក្រីក្រ ឬជាប់ក្នុងការបិទខ្ទប់ អំឡុងវិបត្តិកូវីដនៅវៀតណាម។
បុរសម្នាក់ទៀត ឈ្មោះ Ho Hoang Nam អាយុ ៣១ ឆ្នាំ បានរួមដៃគ្នា ដោយយកផ្ទះរបស់លោកនៅសង្កាត់ ១២ នៃក្រុងហូជីមិញ ធ្វើជាកន្លែងរក្សាទុកគ្រឿងញៀន។
យោងតាមការចោទប្រកាន់ ក្រុមអ្នកស៊ើបអង្កេតនៃប៉ូលិសក្រុងហូជីមិញ បានរកឃើញប្រតិបត្តិការដែលដឹកនាំដោយលោក Hung នៅពាក់កណ្តាលឆ្នាំ ២០២១។ ពួកគេបានរកឃើញថា លោក Hung រស់នៅក្នុងទីក្រុងហូជីមិញ ហើយពេលខ្លះបានធ្វើដំណើរទៅជាយក្រុង ដើម្បីទទួលបានកញ្ចប់ស្បៀងអាហារពីលោក Thong។
លោក Thong រស់នៅក្នុងខេត្តតៃនិញ ដែលមានព្រំប្រទល់ជាប់កម្ពុជា ហើយត្រូវបានគេស្គាល់ថាជាអ្នកចូលចិត្តការងារសប្បុរសធម៌។ លោកសកម្មក្នុងការស្វែងរកអំណោយស្បៀងអាហារ ដើម្បីជួយដល់ប្រជាជនរងផលប៉ះពាល់ដោយកូវីដនៅក្រុងហូជីមិញ។
ដោយសារតែជាប់ឈ្មោះថាជាសប្បុរសជន លោក Thong បានដឹកជញ្ជូនទំនិញតាមឡានពីកម្ពុជាដោយផ្ទាល់តាមព្រំដែនក្នុងខេត្តដុងថាប ទៅកាន់ទីក្រុងហូជីមិញ ដោយរួចផុតពីរនាំងរឹតបណ្ដឹងកូវីដ។ រាល់ការធ្វើដំណើរម្ដងៗ លោកដឹកមេតំហ្វេតាមីន ពី ៣០-៤០ គីឡូក្រាម និងហេរ៉ូអ៊ីន ពី ១៦-២០ គីឡូក្រាម។
ប៉ូលិសបានរកឃើញថ្នាំញៀន បន្ទាប់ពីបានបញ្ឈប់ឡានរបស់លោក Thong ម្ដង ហើយធ្វើការវាយឆ្មក់ចូលកន្លែងស្តុក ក្នុងខែសីហា ឆ្នាំ ២០២១ ដោយរឹបអូសបានថ្នាំញៀនជិត១០០គីឡូក្រាម។
បើតាម VnExpress លោក Hung បាននិយាយថា លោកបានស្គាល់បុរសឈ្មោះ Jimmy ក្នុងខែកក្កដា ឆ្នាំ ២០២១ ហើយបានធ្វើការជាមេគ្រឿងញៀនឱ្យលោក Jimmy ចំនួន៣ដង ហើយថែមទាំងទិញថ្នាំញៀនពីមនុស្សដដែល ដើម្បីយកទៅលក់បន្ត៕ ប្រែសម្រួល៖ ហួន ឌីណា