ក្រុមអភិរក្សប្រទះឃើញសត្វឆ្កែព្រៃពីរក្បាល នៅដែនជម្រកសត្វព្រៃស្រែពក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្រ្តីអនុវត្តច្បាប់របស់អង្គការ WWF ប្រទះឃើញសត្វឆ្កែព្រៃ ២ក្បាល ស្ថិតនៅដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី ខណៈដែលប្រភេទសត្វនេះ ត្រូវបានចាត់ទុកជាសត្វរងគ្រោះថ្នាក់ជិតផុតពូជក្នុងពិភពលោក។

បើយោងតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងកំឡុងពេលល្បាត ក្រុមការងារអនុវត្តច្បាប់ មានមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្ត ភ្នាក់ងារល្បាតសហគមន៍ និងមន្រ្តីអនុវត្តច្បាប់របស់អង្គការ WWF ប្រទះឃើញសត្វឆ្កែព្រៃពីរក្បាលដែលជាសត្វជិតផុតពូជក្នុងពិភពលោក នៅដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា៖ «សត្វដ៏កម្រនេះ កំពុងតែរងគ្រោះដោយសារបញ្ហាអន្ទាក់ ការបាត់បង់ទីជម្រក ជាពិសេសពួកវាទទួលរងគ្រោះដោយសារជំងឺឆ្លងពីសត្វឆ្កែក្នុងស្រុក»។

បើតាមប្រភពខាងលើ បានឱ្យដឹងទៀតថា សត្វឆ្កែព្រៃ ត្រូវចាត់ចូលជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្នងបញ្ជីក្រហមរបស់អង្គការ IUCN ដែលមានប្រមាណជាង ២៥០០ក្បាលប៉ុណ្ណោះក្នុងពិភពលោក។

លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF បានឱ្យដឹងនៅថ្ងៃទី១៤ ខែធ្នូថា ក្នុងទសវត្សរ៍ឆ្នាំ៩០ តាមរយៈការដើរព្រៃ និងការដាក់ម៉ាស៊ីនថតដោយស្វ័យប្រវត្តិ គឺក្រុមអភិរក្សបានប្រទះឃើញមានវត្តមានសត្វឆ្កែព្រៃច្រើនជាក្រុមៗដែលមានចំនួនពី ៥ក្បាល ដល់ ១០ក្បាលក្នុងមួយក្រុម។ លោកបន្តថា សត្វព្រៃនេះ ត្រូវបានរកឃើញមានរស់នៅក្នុងតំបន់ព្រៃនៃប្រទេសកម្ពុជា ពិសេសតំបន់ខ្ពង់រាបភាគឦសានមាន ខេត្តរតនគីរី មណ្ឌលគិរី ក្រចេះ តំបន់ទេសភាពភាគខាងជើង មានខេត្តកំពង់ធំ និងព្រះវិហារ និងតំបន់ទេសភាពភ្នំក្រវាញមាន ខេត្តពោធិ៍សាត់ កោះកុង និងប៉ៃលិនជាដើម។ យ៉ាងណាមិញលោកថា ប៉ុន្តែបច្ចុប្បន្ននេះ ការដើរល្បាត និងរូបភាពចេញពីម៉ាស៊ីនថតដោយស្វ័យប្រវត្តិ ហាក់មិនសូវជួបនិងចាប់បានរូបសត្វឆ្កៃព្រៃទេ ដូច្នេះមានន័យថាវត្តមានប្រភេទសត្វនេះ វាហាក់មានការថយចុះ។

លោកបញ្ជាក់ថា៖ «យើងមិនមានតួលេខជាក់លាក់ណាមួយនៅឡើយទេសម្រាប់កម្ពុជា គ្រាន់តែដឹងថា ឆ្កែព្រៃ គឺនៅមានវត្តមាន និងអាចបន្តពូជបានក្នុងព្រៃនៃប្រទេសកម្ពុជា»។

បើតាមលោក សេង ទៀក ឆ្កែព្រៃ ជាប្រភេទសត្វរស់នៅជាលក្ខណៈសង្គម និងជាក្រុមៗដែលជាទូទៅមានពី ៥ក្បាល ទៅដល់ ១២ក្បាល ហើយតាមឯកសារខ្លះ ក្រុមធំរបស់ឆ្កែព្រៃ មានរហូតដល់ ៤០ក្បាលឯណោះ។ ជាមួយគ្នានេះ លោកថា ឆ្កែព្រៃ វាចូលចិត្តប្រមាញ់ ឬចាប់សត្វស៊ីមានលក្ខណៈជាក្រុម មិនមែនតែឯកឯងនោះទេ ខណៈដែលប្រភេទសត្វដែលឆ្កែព្រៃប្រមាញ់មានសត្វក្រចកជើងជំពាមដូចជា ឈ្លូស ប្រើស រមាំង និងទន្សោង ដែលមានទំហំកណ្តាល និងទំហំធំ។

លោកលើកឡើងទៀតថា៖ «ឆ្កែព្រៃ ដើរតួនាទី និងផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី។ ពួកវាជួយឱ្យមានតុល្យភាពក្នុងធម្មជាតិចំពោះចំណីអាហារ និងប្រភេទសត្វព្រៃមួយចំនួន។ ជាពិសេសពួកវាជាប្រភេទសត្វដែលទាក់ទាញទេសចរណ៍ មកមើលសត្វព្រៃបំផុត ដោយសារតែការប៉ិនប្រសព្វ និងយុទ្ធសាស្ត្រប្រមាញ់ជាក្រុមរបស់ពួកវា»។

ទន្ទឹមនេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបមេត្តាចូលរួមជួយថែរក្សាសត្វព្រៃ តាមរយៈការមិនបរិភោគសាច់សត្វព្រៃ មិនដាក់អន្ទាក់ មិនបរបាញ់ និងមិនជួញដូរសត្វព្រៃ ហើយសូមរាយការណ៍ទៅមន្ត្រីមានសមត្ថកិច្ចជាបន្ទាន់នូវរាល់បទល្មើសសត្វព្រៃ និងព្រៃឈើ។

ដោយឡែក អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បានឱ្យដឹងតាមរយៈហ្វេសប៊ុកខ្លួននៅថ្ងៃទី១៤ ខែធ្នូថា តាមរយៈការសិក្សាស្រាវជ្រាវពីម៉ាស៊ីនថតស្វ័យប្រវត្តិនាពេលថ្មីនេះៗ នៅឧទ្យានជាតិវីរៈជ័យ បានបង្ហាញពីតំបន់អភិរក្សសំខាន់ៗនៅក្នុងឧទ្យានសម្រាប់ប្រភេទសត្វដែលរងការគំរាមកំហែងមួយចំនួន ដែលប្រភេទសត្វទាំងនោះរួមមាន ឈ្លូសយក្ស ពង្រួល ស្វាកន្ទុយស និងខ្លាឃ្មុំតូចជាដើម។

ប្រភពដដែលបានបន្ថែមទៀតថា ទិន្នន័យនេះ មានសារៈសំខាន់ក្នុងការបង្កើនការយល់ដឹងដល់ស្ថាប័នពាក់ព័ន្ធ អំពីអាទិភាពនៃការងារអភិរក្ស ដោយបានបង្ហាញជាព័ត៌មានដល់ការសិក្សាស្រាវជ្រាវបន្ថែមទៀតសម្រាប់ប្រភេទសត្វនិងការតភ្ជាប់នូវទីជម្រក ក៏ដូចជាគាំទ្រដល់ការរស់នៅរបស់សហគមន៍មូលដ្ឋាន និងពង្រឹងការគ្រប់គ្រងឧទ្យានជាតិនេះផងដែរ៕ ដោយ៖ ជា សុខនី

ads banner