គ.ស.ព.ស បើកសិក្ខាសាលាលើកដំបូងសំដៅប្រមូលធាតុចូល ដើម្បីផ្តល់ព័ត៌មានប្រកបដោយគុណភាព
ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ(គ.ស.ព.ស)បានបើកសិក្ខាសាលាលើកដំបូងរបស់ខ្លួនសំដៅប្រមូលធាតុចូលសំខាន់ៗពីតួអង្គពាក់ព័ន្ធ ជជែកពិភាក្សាគ្នាពីបញ្ហាប្រឈម ចែករំលែកបទពិសោធន៍ល្អៗជូនដល់សិក្ខាកាមនៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ដើម្បីគោលដៅពង្រឹងការងារលើផ្នែកព័ត៌មាន ក្នុងគោលបំណងអនុវត្តភារកិច្ចជាក់ស្តែងឱ្យបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។
សិក្ខាសាលាលើកទី១ របស់ គ.ស.ព.ស ធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានរបស់ គ.ស.ព.ស និងវត្តមានវាគ្មិនកិត្តិយស ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ សិក្ខាសាលានេះក៏មានការចូលរួមពី អ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងបណ្តាញសង្គម នៅតាមបណ្តារាជធានីខេត្តសរុបប្រមាណ ២០០នាក់។ នេះបើយោងតាមខ្លឹមសារផ្សព្វផ្សាយដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងសិក្ខាសាលាឯកឧត្តម ស្វាយ ស៊ីថា លើកឡើងពីសារៈសំខាន់នៃព័ត៌មានដែលដើរតួនាទីនិងដំណើរការអភិវឌ្ឍប្រទេស ខណៈស្ថាប័នព័ត៌មានរដ្ឋាភិបាល ជាសេនាធិការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ជាពិសេស ការគ្រប់គ្រង ការពារ ឆ្លើយតប បកស្រាយ និងពន្យល់ដល់មជ្ឈដ្ឋានមហាជនឱ្យជ្រាបពីការពិត។
លោកលើកឡើងពីកង្វល់ជុំវិញទំនើបកម្មបច្ចេកវិទ្យាព័ត៌មានមួយចំនួននៅយុគសម័យឌីជីថលនេះ ដែលជះឥទ្ធិពលដល់ការងារព័ត៌មាន និងសាធារណមតិ តួយ៉ាងភាពជឿនលឿននៃបច្ចេកវិទ្យាសិប្បនិម្មិត្ត ហៅកាត់ថា AI ដែលជាបញ្ហាប្រឈមទាំងសម្រាប់កម្ពុជា និងបណ្តាប្រទេសនានាក្នុងពិភពលោក រួមទាំងសហរដ្ឋអាមរិក និងអឺរ៉ុបផង ដែលទាមទារបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្ន។
ឯកឧត្តម ស្វាយ ស៊ីថា បានបញ្ជាក់ថា៖«ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ.ស.ព.ស. ត្រូវបានបង្កើតឡើងក្នុងនាមជាយន្តការ ដើម្បីសម្របសម្រួល សហការ និងធ្វើកិច្ចសហប្រតិបត្តិការ ពង្រឹងស្តង់ដារនៃការអនុវត្តការងារ តម្រង់ទិសនិងផ្តល់ជាអនុសាសន៍ ដើម្បីតម្រង់ទិសការងារព័ត៌មាននិងសាធារណមតិឱ្យកាន់តែមានដំណើរការប្រកបដោយប្រសិទ្ធិភាព ជាពិសេសដើម្បីបង្កើតបានជាចលនាជាតិមួយសម្រាប់បង្កើតសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ»។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបង្កើតច្រកចេញ-ចូល មួយដែលមានកិច្ចសហការលើផ្នែកព័ត៌មាន និងសារធារណៈ រវាង គ.ស.ព.ស និងបណ្តាក្រសួង ស្ថាប័ន រាជធានី-ខេត្ត ដើម្បីប្រមូលកម្លាំងសរុបសម្រេចគោលដៅរួម។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត ភក្ត្រា ជាអនុប្រធានទី១ នៃ គ.ស.ព.ស បានជំរុញឱ្យសិក្ខាកាមទាំងអស់ ពង្រឹងយន្តការព័ត៌មាននិងសាធារណៈមតិ តាមយុទ្ធសាស្ត្របែបប្រមូលកម្លាំងសរុប មធ្យោយបាយរួម ក្នុងនាមរដ្ឋាភិបាលតែមួយ ជាក្រុមតែមួយ ប្រើសំឡេងតែមួយ ភាសាតែមួយ ដើម្បីសម្រេចគោលដៅរួម។ ឯកឧត្តមក៏លើកទឹកចិត្តឱ្យមានការខិតខំស្រាវជ្រាវ ប្រមូលចងក្រងព័ត៌មានពាក់ព័ន្ធក្រសួង ស្ថាប័ន រាជធានី ខេត្ត ផងដែរ ធានាជំរុញការផ្សព្វផ្សាយរហូត និងមានប្រសិទ្ធភាព លើគ្រប់មធ្យោយបាយ ទាំងនៅលើបណ្តាញសង្គម។
ឯកឧត្តមសង្កត់ធ្ងន់ថា៖«ការងារព័ត៌មាន និងសាធារណមតិមានភាពចាំបាច់ណាស់សម្រាប់បម្រើចិត្តសាស្ត្រ និងការគ្រប់គ្រងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន ដែលក្រសួងស្ថាប័នទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រូវតែខិតខំពង្រឹងនូវយន្តការដ៏សំខាន់នេះ ដែលជាកម្លាំងរួមសម្រាប់បំពេញភារកិច្ចផ្សព្វផ្សាយ បំភ្លឺ និងការឆ្លើយតបបានទាន់ពេលវេលា»។
ពាក់ព័ន្ធនឹងការងារនេះ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. លើកឡើងថា គណៈកម្មាធិការជាតិនេះ បង្កើតឡើងក្នុងគោលបំណងជួយសម្របសម្រួលធ្វើយ៉ាងណាធានាដល់ព័ត៌មានដែលផ្តល់ទៅប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព មានន័យជារួមដល់ក្រុមអ្នកនាំពាក្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហការគ្នា ចែករំលែកព័ត៌មានគ្នា តាមដានព័ត៌មាន និងឆ្លើយតបទៅអ្នកសារព័ត៌មាន និងប្រជាជនប្រកបដោយការពិត និងមានប្រសិទ្ធភាព។
ពាក់ព័ន្ធសាធារណមតិវិញ លោកថា មន្ត្រីនៅតាមក្រសួង ស្ថាប័ន នានា ត្រូវតាមដាន និងពិនិត្យមើលមតិ ឬសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងសម្របសម្រួល ដើម្បីឈានទៅរកការដោះស្រាយ និងឆ្លើយតបឱ្យមានប្រសិទ្ធភាព ស្របនឹងការរីកលូតលាស់នូវបច្ចេកវិទ្យាព័ត៌មាន ជាពិសេសបណ្តាញសង្គម។ ឯកឧត្តមបន្តថា៖«កន្លងមក មានគេថា អ្នកនាំពាក្យនិយាយតែការពារ អត់ការពិតទេ តែខ្ញុំចង់ប្តូរទ្រឹស្តីហ្នឹងវិញ គឺអ្នកនាំពាក្យយកការពិតទៅការពាររដ្ឋាភិបាល បានន័យថា រដ្ឋាភិបាលធ្វើការងារច្រើន ប៉ុន្តែមានព័ត៌មានខ្លះបំភ្លើសបង្ខូច។ អីចឹងអ្នកនាំពាក្យត្រូវយកការពិតទាំងហ្នឹងមកនិយាយដើម្បីបន្សាបព័ត៌មានមិនពិត និងពន្យល់ប្រជាពលរដ្ឋ»៕ ដោយ៖ សំបាន ច័ន្ទដារ៉ា