ស៊ីម៉ាក់ ទទួលថវិកាជិត៤០ម៉ឺនដុល្លារពីអង្គការ APPO អនុវត្តគម្រោងសមាហរណកម្មកណ្តុរហិតមីន
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឬស៊ីម៉ាក់(CMAC) និងអង្គការAPOPOប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាជំនួយជិត៤០ម៉ឺនដុល្លារអាមេរិក។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣ ដោយឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងលោក ម៉ៃឃើល រ៉ែន (Michael Raine) ប្រធានអង្គការAPOPO ប្រចាំកម្ពុជា។
ប្រភពអង្គភាពស៊ីម៉ាក់បានឱ្យដឹងថា គម្រោងសមាហរណកម្មកណ្តុរហិតរកមីននិងសុនខស្រាវជ្រាវបច្ចេកទេស នេះមានថវិកាជំនួយចំនួន ៣៨៧ ១៦៧ ដុល្លារដែលនឹងចាប់ផ្តើមអនុវត្តគម្រោងចាប់ពីខែមករាដល់ខែធ្នូឆ្នាំ២០២៤ខាងមុខនេះ។គម្រោងនេះមានផែនការបោសសម្អាតផ្ទៃដីសរុបចំនួន ៩៨លាន ម៉ែត្រក្រឡាក្នុងខេត្តសៀមរាប ព្រះវិហារ និងខេត្តមណ្ឌលគីរី។
តាមរយៈគម្រោងនេះឯកឧត្តម ហេង រតនា បានថ្លែងឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសប៊ែលហ្សិកបានផ្តល់នូវជំនួយមកឱ្យអង្គការAPPO ដែលអង្គការនេះជាអង្គការរបស់ជនជាតិប៊ែលហ្សិកផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ៖ «យើងបានសហការគ្នាក្នុងការស្នើសុំរដ្ឋាភិបាលប៊ែលហ្សិកដើម្បីគាំទ្រការបោសសំអាតមីននៅកម្ពុជាតាំងពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ដោយគាត់សន្យាផ្តល់ក្នុង១ឆ្នាំប្រមាណជាងកន្លះលានដុល្លារ ប៉ុន្តែគាត់ចូលរួមកិច្ចសហប្រតិបត្តិការនេះជាមួយនឹងដៃគូអ្នកផ្តល់ជំនួយដទៃទៀតដែលផ្តល់មកឱ្យអង្គការAPPO ហើយមកសហការជាមួយនឹងអង្គភាពស៊ីម៉ាក់»។
ឯកឧត្តម ហេង រតនា បានបន្ថែមថា អង្គភាពស៊ីម៉ាក់ និងអង្គការAPOPO បានសហប្រតិបត្តិការជាដៃគូជាមួយគ្នាជិត១០ឆ្នាំមកហើយលើកណ្តុរហិតមីននេះ ដែលក្នុងរយៈពេលនៃកិច្ចសហប្រតិបត្តិការនេះ អង្គភាពបានធ្វើបោសសម្អាតផ្ទៃដីបានចំនួនជាង ៣ ០០០ ហិកតា និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនប្រមាណជាង ៥១ ០០០គ្រាប់ ដែលផ្ទៃដីត្រូវរំដោះមីនមានទំហំ ៣០០ ហិកតាក្នុងគម្រោង១ឆ្នាំៗ។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ជាកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការAPPOនេះ យើងមិនមែនធ្វើតែលើការបោសសំអាតមីននៅកម្ពុជាមួយមុខទេ យើងមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូដទៃទៀត ដូចជាការបញ្ជូនសុនខរបស់យើងទៅប្រទេសតួកគី ទៅបណ្តាប្រទេសនៅអាហ្វ្រិកកណ្តាល ដោយយើងបានសហការគ្នាក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់នោះ បញ្ជូនជំនាញដើម្បីជួយគាំទ្រដល់បណ្តាប្រទេសទាំងអស់នោះផងដែរ»។មិនតែប៉ុណ្ណោះ ក៏មានអ្នកដោះមីនមួយចំនួនក៏បានហ្វឹកហ្វឺននៅកម្ពុជា តាមរយៈអង្គការAPPOនេះដែរ ក្នុងនោះមានការហ្វឹកហ្វឺនទៅដល់ប្រទេសចំនួន៣ដែលជាប្រទេសមានបញ្ហាគ្រាប់មីន ដូចជា ប្រទេសអ៊ុយក្រែន ប្រទេសហ្សកដង់ និងប្រទេសសេណេហ្គាល់ ដែលបាននិងកំពុងហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសកំចាត់មីនខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបានបញ្ជាក់ថា ៖ «អង្គការAPPOគឺជាដៃគូមួយយ៉ាងសំខាន់នៅក្នុងការសហការគ្នាក្នុងការពន្លឿនល្បឿនបោសសំអាតមីននៅកម្ពុជាផង ក៏ដូចជាការងារសហការក្នុងកិច្ចការបច្ចេកទេសនេះជាមួយនឹងបណ្តាប្រទេសដោះមីនផងដែរ»។
បើតាមអង្គភាពស៊ីម៉ាក់កាលពីខែមេសា កន្លងទៅ សុនខដែលមានជំនាញស្វែងរកមីនសរុបមានចំនួនជាង ២០០ក្បាល ដែលមានទាំងកំពុងប្រតិបត្តិការ និងមានទាំងកំពុងទទួលការវឹកហាត់ ដើម្បីឱ្យក្លាយជាសុនខ ដែលមានជំនាញស្វែងរកមីនបន្ថែមទៀត៕