អភិបាលរាជធានីភ្នំពេញ៖ ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា គឺពិតជាបានមកពីការរួមស្វែងរកសន្តិភាពពីសំណាក់ឥស្សរជនកំពូលៗ របស់ឥណ្ឌូនេស៊ី
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើក ពីរបបប៉ុលពតដែលធ្វើឱ្យរាជធានីភ្នំពេញធ្លាក់ដល់ចំណុចសូន្យ តែក្រោយឆ្នាំ១៩៧៩ ក្រោយការរំដោះប្រទេសជាតិ និងក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា គឺពិតជាបានមកពីការរួមចំណែកស្វែងរកសន្តិភាព ពីសំណាក់ឥស្សរជន កំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ (Soekano) និងលោកអាលីអាឡាតាស(Ali Alatas)។
ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង ៦ ២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា “មហាវិថី ស៊ូកាណូ” (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េប្រវែង៥ ៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា “មហាវិថី អាលី អាឡាតាស់” (Ali Alatas Boulevard)។ ឈ្មោះផ្លូវទាំងពីរខ្សែនេះនឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ ។
ការលើកឡើងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្តែងការគួរសម និងលោកសាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ធ្នូឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។
លោកសាន់តូ ជាម៉ូស៊ូម៉ាតូ អរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានជួយសម្រួលប្រតិភូ ក្នុងរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានីភ្នំពេញ និងរដ្ឋធានី អាស៊ាន ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាតមានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» កាលពីថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។
ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជំរុញឲ្យការចុះ MOU ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរដ្ឋធានីរាជធានីភ្នំពេញនិងកោះសូម៉ាត្រាឲ្យបានលឿន ។ ស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញជួយរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថាននៅជុំវិញស្ថានទូត ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ