ក្រសួងអប់រំបើកកិច្ចពិភាក្សាចំនួន៨ចំណុច ដើម្បីជំរុញការអនុវត្ត ស្តង់ដាសាលារៀនគំរូ
ភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត សភា ចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យ ផែនការសកម្មភាព ជំរុញ ការអនុវត្តស្តង់ដាសាលារៀនគំរូ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោល បំណងដើម្បី រៀបចំឧបករណ៍វាស់វែងស្តង់ដាសាលារៀនគំរូ ដោយ ផ្តោតពិភាក្សាទៅលើចំណុចសំខាន់ៗចំនួន៨ចំណុច គឺ ៖ ការជ្រើស រើស សាលារៀន, យន្តការនៃការអនុវត្ត, ការអភិវឌ្ឍសមត្ថភាព, សកម្មភាព ជំរុញការអនុវត្តសាលារៀនគំរូ, ការធ្វើតេស្តសិស្ស,ការលើកកម្ពស់ អភិបាលកិច្ចល្អ,ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា,ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ ។
គួរបញ្ជាក់ថាបើតាមក្រសួងអប់រំបានឱ្យដឹងដែរថា៖ក្រោមការសម្រប សម្រួល និងសុខុដុមនីយកម្មការអនុវត្តស្តង់ដាសាលារៀន ជាពិសេស ផ្អែកលើ ឧត្តមានុវត្តន៍នៃការអនុវត្តសាលារៀនមានប្រសិទ្ធភាព អនុវិស័យទាំង៣ បានរៀបចំសូចនាករគន្លឹះ ចំនួន ៧ និង សូចនាកររង និងបានរៀបចំដាក់បញ្ចូលចំណុចដៅនៃការវាយតម្លៃ និងកម្រិតផ្ទៀង ផ្ទាត់សូចនាករទៅក្នុងឧបករណ៍វាយតម្លៃស្តង់ដាសាលារៀនគំរូសម្រាប់សាលារៀនគំរូនៅតាមកម្រិតនីមួយៗ រួចរាល់។
- សាលាមត្តេយ្យសិក្សាគំរូ មានស្តង់ដា ៥ សូចនាករគន្លឹះ ២៧ និងសូចនាកររង ៥៦
- សាលាបឋមសិក្សាគំរូ មានស្តង់ដា ៥ សូចនាករគន្លឹះ ២៧ និងសូចនាកររង ៧១
- សាលាមធ្យមសិក្សាបឋមភូមិគំរូ មានស្តង់ដា ៥ សូចនាករគន្លឹះ ២៧ និងសូចនាកររង ៨២
- សាលាមធ្យមសិក្សាទុតិយភូមិគំរូ មានស្តង់ដា ៥ សូចនាករគន្លឹះ ២៧ និងសូចនាកររង ៨៣។
ជាមួយគ្នានក្រសួងអប់រំបានឱ្យដឹងដែរថា៖ ក្រសួងនឹងដាក់ចេញនូវ លក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃស្តង់ដាសាលារៀនគំរូ, រៀបចំសេចក្តី ណែនាំស្តីពីការអនុវត្តស្តង់ដាសាលារៀនគំរូ និង រៀបចំ ប្រកាស ស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ, រៀបចំក្រុមការងារ បច្ចេកទេស ដែលរួមមាន ក្រុមគាំទ្រ និងគណៈកម្មការវាយ តម្លៃ ថ្នាក់ជាតិ។ អនុវិស័យទាំង៣ នឹងសហការជាមួយនាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត នឹងបង្កើតយន្តការ និងអនុវត្តសកម្មភាពដែលមានជាបន្តបន្ទាប់ ៕
ដោយ៖ម៉ាដេប៉ូ