អភិបាលខេត្តកំពង់ស្ពឺ៖ សភាចិនបានជំរុញឱ្យអ្នកវិនិយោគចិនចុះសិក្សាស្វែងយល់ពីសក្តានុពលចំនួនប្រាំ

កំពង់ស្ពឺ៖ សភាចិនបានជំរុញឱ្យអ្នកវិនិយោគចិនចុះមកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគចំនួនប្រាំ នៅលើទឹកដីខេត្តកំពង់ស្ពឺ រួមមានមាន វិស័យ​ទេសចរណ៍ កសិកម្ម កសិឧស្សាហកម្ម វិស័យវារីវប្បកម្ម និងវិស័យឧស្សាហកម្ម។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម  លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក្រោយមានជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម​ លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៣។

រដ្ឋបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា  ក្នុងជំនួបនេះឯកឧត្តម វ៉ី សំណាង បញ្ជាក់ថា កំពង់ស្ពឺ គឺជាខេត្តដែលមានសក្តានុពលសម្រាប់វិនិយោគទៅលើវិស័យទាំងប្រាំខាងលើនេះ ខណៈលោកបានត្រៀមខ្លួននិងកំពុងទទួលស្វាគមន៍អ្នកវិនិយោគិនមកបោះទុនវិនិយោគក្នុងខេត្តនេះ។

ឯកឧត្តមបានបន្ថែមថា សម្រាប់ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រសហគ្រាស ៣៩៤កន្លែង និងមានកម្មករ និយោជិតជាង ១៦ម៉ឺននាក់ធ្វើការ។ក្នុងចំណោមរោងចក្រ សហគ្រាសកាត់ដេរសម្លៀកបំពាក់ ស្បែកជើង របស់របរប្រើប្រាស់ និងរបស់ធ្វើដំណើរទាំងនេះ វិនិយោគិនចិនបានស្រូបយក៩០ភាគរយ។ មិនត្រឹមតែរោងចក្រ សហគ្រាសវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនោះទេ វិស័យឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្មក៏មានចំណែកអ្នកវិនិយោគមកពីប្រទេសចិនដែរ។

ឯកឧត្តមអភិបាលខេត្តរំពឹងទុកថា នៅឆ្នាំ២០២៤អ្នកវិនិយោគចិននៅតែបន្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាទៅលើគ្រប់វិស័យ ពិសេសខេត្តកំពង់ស្ពឺ ។

ក្នុងជំនួបនោះឯកឧត្តម លូ យៀន បានលើកឡើងថា ទីក្រុងប៉េកាំងបច្ចុប្បន្នមានប្រជាជនសរុបប្រមាណ ២០លាននាក់ ដែលភាគច្រើនជាអ្នកវិនិយោគ ហើយក្រោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ អ្នកវិនិយោគរបស់ចិនអាចសិក្សា ហើយកំណត់យកវិស័យអាទិភាពដែលក្រុមហ៊ុនអាចដំណើរការដាក់ទុនរកស៊ីបាន។ ជាមួយគ្នានេះលោកបានស្នើឱ្យរដ្ឋបាលខេត្តត្រៀមកម្លាំងពលកម្ម និងធនធានមនុស្សគ្រប់គ្រាន់សម្រាប់បម្រើឱ្យដំណើរការនេះផងដែរ។

ឯកឧត្តម លូ យៀន ក៏បានសន្យាថានឹងកៀរគរក្រុមហ៊ុនវិនិយោគរបស់ចិន វិនិយោគទៅលើវិស័យ កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម វារីវប្បកម្ម និងវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ស្ពឺ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

ជុំវិញការវិនិយោគនះ លោក គី សេរីវឌ្ឍន៍ ប្រធាននៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចេះចាប់យកឱកាស និងស្វាគម​ន៍អ្នកវិនិយោគិន​បរទេសពីសំណាក់បណ្តាខេត្តសាមីនៅប្រទេសកម្ពុជាគឺជារឿងល្អណាស់សម្រាប់ចរន្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តនោះ។  លោកថា៖ «គម្រោងអភិវឌ្ឍទាំងនេះគឺល្អសម្រាប់ខេត្តកំពង់ស្ពឺ តែសូមឱ្យគម្រោងទាំងអស់ដែលបានពិភាក្សាក្លាយជាការពិត ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខេត្ត ជាពិសេសគ្រប់គម្រោងទាំងអស់ដែលឋិតនៅក្រោមការសិក្សាត្រូវដាក់ការគិតគូរអំពីបរិស្ថានផងដែរ » ។

លោកបន្ថែមថា ការវិនិយោគរបស់ប្រទេសចិននៅកម្ពុជាកំពុងដើរតួរនាទីសំខាន់ណាស់សម្រាប់ការអភិវឌ្ឍនៅប្រទេសកម្ពុជា ហើយការវិនិយោគ្រប់វិស័យ ជាពិសេសវិស័យកាត់ដេរបានជួយជំរុញជីវភាពពលរដ្ឋតាមបណ្តាខេត្តជាច្រើនផងដែរ ។ លើកពីនេះទៅទៀតលំហូរវិនិយោគិនរបស់ចិនមកកម្ពុជាមានច្រើនវិស័យនាពេលអនាគត និងបច្ចុប្បន្ន ដូច្នេះប្រសិនបើខេត្តសាមីនីមួយៗចេះទាញសក្តានុពលរៀងខ្លួននោះជាការល្អណាស់៕

ដោយ៖ វង្ស ដារាវ៉ាឌី

ads banner