មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ថា ជំនាញវិជ្ជាជីវៈដើរតួនាទីសំខាន់ណាស់ តែត្រូវជ្រើសរើសតាមការពេញចិត្ត តាមទេពកោសល្យទើបជោគជ័យ
ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានលើកឡើងថា អ្នកដែលទៅរៀនដោយគ្រាន់តែកាន់កាត ឬបណ្ណក្រីក្រ ដើម្បីបានចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយមិនមានគោលបំណង គ្មានការខិតខំប្រឹងប្រែង និងជ្រើសរើសជំនាញណាមួយច្បាស់លាស់ គឺគ្មានន័យនោះទេ។
លោកបានលើកឡើងដូចនេះ នៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញនៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
បណ្ឌិត សុខ ទូច បន្តថា ជំនាញឯកទេសដាច់ខាតត្រូវតែមាន ពីព្រោះប្រទេសមួយរីកចម្រើន គេត្រូវការការអប់រំ ។លោកបានលើកយកប្រទេសបី មកនិយាយគឺ ប្រទេសជប៉ុន ក្រោយសង្គ្រាមលោកលើកទី២ ជប៉ុនក្រមែនទែន, ទី២ ប្រទេស កូរ៉េខាងត្បូង ក្រជាងយើងឆ្ងាយណាស់ អត់មានអីទេ និងទី៣គឺប្រទេសចិនតែម្តង។
លោកបានបញ្ជាក់ថា ៖ «តើប្រទេសទាំងនោះធ្វើយ៉ាងម៉េច? គេចាប់ផ្តើមបណ្តុះបណ្តាលវិស័យអប់រំ គេអត់ធ្វើនយោបាយច្រើននោះទេ ។នយោបាយច្រើនពេកនាំតែឈឺក្បាល ដោយធ្វើតែមួយឱ្យជោគជ័យគឺវិស័យអប់រំ។ កាលណាវិស័យអប់រំជោគជ័យ អ្វីៗក៏ជោគជ័យដែរ»។
ទាក់ទងនឹងការជ្រើសរើសជំនាញវិជ្ជាជីវៈ ថាតើត្រូវរើសតាមទីផ្សា តាមគ្រួសារ តាមសង្គម ឬជ្រើសរើសតាមទេពកោសល្យ? លោក សុខ ទូច បានថ្លែងបញ្ជាក់ឱ្យដឹងថា ការជ្រើសរើសជំនាញ គឺរើសតាមតម្រូវការ គឺ «ចប់ ចេះ មានការងារធ្វើ» ប៉ុន្តែបើជ្រើសរើសតាមទេពកោសល្យ គឺ «ចប់ ចេះ មានការងារធ្វើបង្កើតការងារ និងបង្កើនកេរ្តិ៍ឈ្មោះ»។
ចំណុចនេះ លោកបានពន្យល់ថា ៖ «ការជ្រើសរើសជំនាញតាមទេពកោសល្យដែលយើងមានអី គឺត្រូវរៀនតាមហ្នឹង ។កុំរៀនតាមគេ ។គឺត្រូវរៀនតាមទេពកោសល្យដែលយើងមាន ដើម្បីអាចបង្កើតការងារ បង្កើតគំនិតអ្វីដែលថ្មី ទោះជាបាត់បង់អីមួយ តែយើងអាចបង្កើតអ្វីមួយថ្មីទៀតបាន។ ដូចនេះ ជំនាញដើរតួនាទីសំខាន់ណាស់ ហើយការរើសជំនាញកុំរើសតាមគេថា តែត្រូវមើលថាខ្លួនឯងពេញចិត្តអី មានទេពកោសល្យអី ហើយកុំបារម្ភរឿងទីផ្សារឱ្យសោះ ព្រោះយើងអាចបង្កើតទីផ្សារបាន»។
ក្នុងវេទិកាដដែលនោះដែរ លោកស្រី ឡាយ ផល្លីន អគ្គនាយករងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានលើកឡើងដែរថា ការជ្រើសរើសជំនាញមួយ ពិតជាមានការសារៈសំខាន់ខ្លាំងណាស់ ព្រោះវាធ្វើឱ្យយុវជនខ្មែរទទួលបាននូវជំនាញច្បាស់លាស់ ឬអាជីពពិតប្រាកដសម្រាប់ជីវិត។
លោកស្រីបានថ្លែងថា ៖ «វាសំខាន់ ព្រោះវាជាប្រភពនៃការរកប្រាក់ចំណូល ហើយទិសដៅរបស់អ្នកសិក្សាទាំងអស់ដែលខិតខំប្រឹងរៀន តាំងពីមធ្យមសិក្សា បរិញ្ញាបត្រ រហូតដល់បណ្ឌិត ឬអនុបណ្ឌិត គឺចុងក្រោយដើម្បីការងារ ហើយរកការងារដើម្បីប្រាក់ចំណូលចិញ្ចឹមជីវិត ខ្លួនឯង គ្រួសារ និងសង្គមប្រទេសជាតិ»។
បើតាមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនាឱកាសនោះថា ការរៀបចំវេទិកាតុមូលនាពេលនេះធ្វើឡើង ស្របទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងផ្តោតជាសំខាន់ទៅលើប្រសិទ្ធភាពនៃសមិទ្ធកម្ម។
លោកបានបន្តថា ៖ «កម្មវិធីតុមូលនាឱកាសនេះស្របនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ស្តីពីការអភិវឌ្ឍមូលធនមនុស្សដែលស្របនឹងមុំទី១ គឺការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត បច្ចេកវិទ្យា ឌីជីថល និងមុំទី២ ការបណ្តុះបណ្តាលវិជ្ជាជីវៈគោលដៅរាជរដ្ឋាភិបាលដែលសំដៅដល់១លាន៥សែននាក់សម្រាប់នីតិកាលទី៧នេះ»៕
ដោយ៖ នាង សុគន្ធា