ក្រុមហ៊ុន Pfizer មាន​បំណង​ចង់​អនុវត្ត​គម្រោង​ជាមួ​យ​ក្រសួង​សុខាភិបាល តាម​រយៈ​ការ​លក់​វ៉ាក់​សាំង​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នាយក​ក្រុមហ៊ុន Pfizer មានបំ​ណង​ចង់​អនុវត្ត​គម្រោង​ជា​មួយ​ក្រសួង​សុខាភិបាល តាម​រយៈ​ការ​លក់​នូវ​ឱសថ និង​វ៉ាក់សាំង​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប ដោយ​មិន​គិត​ពី​ប្រាក់​ចំណេញ។

ការបង្ហាញបំណងអនុវត្ត​គម្រោង​បែប​នេះ តាម​រយៈជំ​នួប​ពិភាក្សា​ការ​ងារ​រវាង​ឯកឧត្តម ឈាង រ៉ា រដ្ឋម​ន្ត្រី​ក្រសួង​សុខាភិបាល ជា​មួយ​លោក Nirutti Pradubyati នាយក​ក្រុមហ៊ុន Pfizer ផ្នែក​កិច្ច​ការ​វេជ្ជសាស្ត្រ​ប្រចាំ​ប្រទេស​ថៃ និងតំ​បន់​ឥណ្ឌូ​ចិន កាល​ពី​ថ្ងៃ​ទី​១៣ ខែធ្នូ​ ឆ្នាំ​២០២៣​។

ប្រភពក្រសួង​សុខាភិបាល​បានឱ្យដឹងថា ក្នុង​ជំនួប​នេះ​ លោក​នាយកក្រុ​មហ៊ុន Pfizer បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រសួង​សុខាភិបាល ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រុមហ៊ុន Pfizer បាន​ជួប​ពិភាក្សាកា​រ​ងារ​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សុខាភិបាល ពាក់​ព័ន្ធ​នឹង​ការ​ផ្ដួច​ផ្ដើម​​អនុវត្ត​គម្រោង Accord for a Healthier World ដែល​ជាគ​ម្រោង​ផ្តោត​លើកា​រ​កាត់ប​ន្ថយគ​ម្លាត​សមធម៌​សុខភាព​។

លោក​បញ្ជាក់​ថា​៖ «​គម្រោង Accord for a Healthier World ដែល​ជា​គម្រោង​ផ្តោត​លើ​ការ​កាត់​បន្ថយ​គម្លាត​សម​ធម៌​សុខភាព តាម​រយៈ​ការ​លក់​ជូន​នូវ​ឱសថ និង​វ៉ាក់​សាំង​របស់​ក្រុម​ហ៊ុន Pfizer ក្នុង​​តម្លៃ​ទាប និង​មិន​គិត​ពី​ប្រាក់​ចំណេញ​»​។

ជា​ការ​ឆ្លើយ​តបឯកឧត្តម ឈាង រ៉ា រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល បាន​ថ្លែង​ស្វាគមន៍​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាក់​ព័ន្ធ​នឹង​គំនិត​ផ្តួច​ផ្តើម​របស់​ក្រុមហ៊ុន Pfizer ក្នុង​វិស័យ​សុខាភិបាល ក៏​ដូច​ជា​ការ​ផ្តល់​ជំនួយ ឬកា​រ​ផ្គត់​ផ្គង់​ឱសថ និង​វ៉ាក់សាំង​ដល់​កម្ពុជា​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភា​ព និរន្តរ​ភាព និង​សមធម៌។ យ៉ាងណាមិញលោកផ្តល់ជាអនុសាសសន៍ និង​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន មានការ​ពិភាក្សា​ជា​មួយ​ក្រុម​ការ​ងារ​បច្ចេក​ទេស​ជាមុ​ន​សិន មុន​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​នេះ​។

លោកថ្លែ​ង​ថា៖​ «​សូម​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន Pfizer ត្រូវ​តែ​ពិភាក្សា​កិច្ច​សហការ​នេះ​ជា​មួយ​ក្រុម​ការ​ងារ​បច្ចេក​ទេស ជាពិសេស​ត្រូវ​តែ​គិត​គូ និង​ចាប់​ផ្តើម​គម្រោង​សាកល្បង (Pilot Project) ជា​មួយ​មន្ទីរ​ណា​មួយ​ជា​មុន​សិន មុន​នឹង​បន្តគ​ម្រោង​នៅទូ​​ទាំង​ប្រទេស​»។

បើ​តាម​ឯកឧត្តម ឈាង រ៉ា កន្លង​មក ក្រុមហ៊ុន Pfizer បាន​រួម​ចំណែក​គាំ​ទ្រ​ដល់ប្រ​ព័ន្ធ​ថែទាំ​សុខភាព​នៅ​កម្ពុជា ដូច​​ជា ការ​មក​ដល់​នៃ​វ៉ាក់​សាំង​កូវីដ​១៩ (វ៉ាក់សាំង Pfizer) តាម​រយៈ COVAX Facility ក្នុង​ដំណាក់​កាល​នៃ​ការ​រីក​រាល​ដាល​ជា​សកល​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩​។

ជុំ​វិញ​រឿង​នេះ លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យ​សភា​កម្ពុជា បាន​​ឱ្យ​​ដឹ​ង​​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូថា ក្រុមហ៊ុន Pfizer គឺ​ជាក្រុ​មហ៊ុន​លំដាប់​អន្តរ​ជាតិ​មួយ​ដែលផ​លិត​ឱសថ និង​វ៉ាក់សាំង​ដ៏​ល្អ និងមា​ន​គុណភាព​។ លោក​បន្ត​ថា ​ប្រសិន​ជាគ​ម្រោង​របស់​ក្រុមហ៊ុន​នេះ បាន​ចាប់​ដៃ​គូជា​​មួយ​ក្រសួង​សុខាភិបាលក​ម្ពុជា នោះ​វា​ជួយ​បម្រើ​ឱ្យ​សេវា​សុខាភិបាល​កាន់​តែល្អ​​ប្រសើរ ក៏​ដូច​ជា​មាន​តម្លៃ​ទាប ទទួល​យកបាន និង​គ្រប​ដណ្ដប់​បានគ្រប់​ទី​កន្លែង​នៅ​ទូទាំង​ប្រទេស​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿ​ថា​ប្រសិន​ជាគ​ម្រោង​នេះ បាន​ចាប់ដៃ​គូ​​ជា​មួយ​ក្រសួង​សុខាភិបាល​យើងពិត​មែន ​នោះ​វា​ជួយ​ធ្វើ​ឱ្យ​សេវាសុ​ខាភិបាល​យើងកា​ន់​តែ​ល្អ​ប្រសើរ ដោយ​សារ​យើង​មាន​ដៃ​គូ​ដែល​មាន​ឱសថ និង​វ៉ាក់សាំង​​​ល្អ​យក​​មក​​ព្យាបាល ខណៈ​ដែល​វា​មាន​តម្លៃ​ថោក ហើយ​ប្រសិនភា​ព​អាចទ​ទួល​យក​បាន​ទៀត»​។

បន្ថែមពីនេះ ​ក៏នឹង​ធ្វើ​ឱ្យ​វិស័យ​សុខាភិបាល មាន​ការ​រីក​លូត​លាស់ សេវា​ល្អ ជា​ពិសេស​ឈាន​ទៅ​ជា​វិស័យ​សុខាភិបាល​មួយ​ស្មើ​មុខ​ស្មើ​មាត់​អន្តរ​ជាតិ ដោយ​សារ​មាន​ឱសថ និង​វ៉ាក់សាំងដែ​ល​មាន​តម្លៃ​ទាប សម្រាប់​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ​។

សូម​បញ្ជាក់​ថា ក្នុងអាណត្តិទី៧នេះ អាទិភាពសំខាន់ៗវិស័យសុខាភិបាល មានចំនួន ៣អាទិភាព រួមមានទី១. ការព្រងឹងគុណភាណសេវានៅមណ្ឌលសុខភាពទាំងអស់ តាមរយៈការពង្រឹងហេដ្ឋាសម្ព័ន្ធសុខាភិបាល ការផ្គត់ផ្គង់ឱសថ និងបំពាក់សម្ភារៈបរិក្ខារចាំបាច់ ធ្វើឱ្យលទ្ធភាពក្នុងការផ្តល់សេវាពេញ២៤ម៉ោង។ ២ .ការព្រងឹងគុណភាណសេវានៅមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យខេត្ត តាមរយៈការពង្រឹង សេវាសង្រ្គោះបន្ទាន់ ICU, Emergency, Surgery និងមន្ទីរពិសោធន៍ជាដើម និងអាទិភាព  និងទី៣ ការពង្រឹងធនធានមនុស្ស តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំ  និងនវានុវត្តន៍  ដល់ថ្នាក់ដឹកនាំ  និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់៕

ដោយ៖ ជា សុខនី

ads banner