ប្រជាពលរដ្ឋបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ ក្រោយបានទស្សនាការសម្តែងសិល្បៈ រាត្រីចងចាំ ក្នុង ព្រឹត្តិការណ៍រំលឹកគុណអង្គរ

សៀមរាប៖ ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃការ ដាក់ បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ ពិភពលោករបស់អង្គការយូណេស្កូនោះ នារាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយ អាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តការណ៍ទស្សនីយភាព សិល្បៈ រាត្រីចងចាំ សម្តែងជូនសាធារណៈបានទស្សនា នៅក្នុងបរិវេណព្រលានជល់ដំរី ក្រុងអង្គរធំ ក្រោមអធិបតី ភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និង លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវជាភរិយាថ្នាក់ដឹកនាំ ,រដ្ឋលេខាធិការ គណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា និងភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជាច្រើនកុះករ បានអញ្ជើញចូលរួមទស្សនាកម្សាន្ត ការសម្តែងសិល្បះ នារាត្រីរំលឹកគុណអង្គរ ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រី ម៉ននី រងី្ស អភិបាលរង ខេត្តរួចមក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរធ្វើឡើងក្នុង គោល បំណងពីរសំខាន់ៗ ពោលគឺដើម្បីអបអរសាទរខួប ៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជី សម្បត្តិបេតិក ភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជា រំលឹកនឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុន គ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិ បេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើន បម្រើនូវគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចជូនអ្នក ជំនាន់នេះ និងទៅអនាគត។
លោកជំទាវបណ្ឌិតសភាចារ្យ បានកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ក្រុមការងារ ជាពិសេសសិល្បករ សិល្បការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលបានសហការគ្នា ហ្វឹកហាត់ សម្តែងរួមគ្នា ដោយប្រើប្រាស់ពេលវេលាខ្លី តែសម្តែងបានល្អគួរឱ្យ កត់សម្គាល់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដោយមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់ បានចូលរួមសម្តែងផងដែរ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានលើកឡើងថា វប្បធម៌ជាអត្តសញ្ញាណ របស់ជាតិ ដែលជាសម្បត្តិមរតកដ៏មានតម្លៃមហា សាល របស់ដូនតាខ្មែរយើង ដែលបានបន្សល់ទុកសម្រាប់ កូនចៅគ្រប់ជំនាន់ ដើម្បីតបស្នងសងគុណដល់បុព្វបុរស ក៏ដូចជាអតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទ និងថែរក្សាទុកឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។ សម្តេច បានបន្តទៀតថា ( រាត្រីចងចាំ ) ដែលបានសម្តែងជូន ទស្សនា នៅរាត្រីនេះ ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ។

ព្រឹត្តិការណ៍រាត្រីចងចាំនេះ ជាព្រឹត្តិការណ៍មួយ ហាក់ដូចបានរម្លឹកកូនខ្មែរគ្រប់ជំនាន់ ត្រូវចងចាំ និងមានកាតព្វកិច្ចត្រូវគោរពដឹងគុណនូវស្នាដៃរបស់ដូនតា ព្រោះថាការដឹងគុណ ជាគុណធម៌របស់មនុស្ស ហើយការដឹងគុណដល់បុព្វបុរសជាតិដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា គឺជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នាទាំងកម្ពុជា និងទូទាំងសកលលោក។ ជាពិសេសសុខសន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងវប្បធម៌ ក៏ដូចជាការនាំមកនូវវឌ្ឍនភាពសម្រាប់ជាតិ។ ការដែលយើងរំលឹកគុណអង្គរនេះ មិនត្រឹមតែរំលឹកគុណបុព្វការីជន ដែលបានខិតខំបូជាឈាមស្រស់ សាច់ស្រស់ កម្លាំងកាយចិត្តក្នុងការកសាង ថែរក្សា ជួសជុលប្រាសាទ ការពារទឹកដី តាំងពីដើមរៀងមករហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះយើងទាំងអស់គ្នា ប្តេជ្ញាចិត្តថែរក្សាសុខសន្តិភាព ឱ្យបានគងវង្ស គឺជាការរំលឹកគុណដល់បុព្វការីជន និង សន្តិភាព៕ ដោយ ៖ស៊ាន សុផាត

ads banner