លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា៖ កុមារខ្សោយសតិបញ្ញា ចាំបាច់ ទទួលបាន នូវការបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវ
(ភ្នំពេញ)៖លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានលើកឡើងថា កុមារដែលខ្សោយសតិបញ្ញាពីកំណើតចាំបាច់ណាស់ក្នុងការទទួលបាននូវការបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវពីលោកគ្រូអ្នកគ្រូជំនាញ និងមានបទពិសោធន៍ដើម្បីកែប្រែឥរិយាបទនិងបង្កើនទំនាក់ទំនងនៅក្នុងសង្គមដូចកុមារដទៃ។ លោកជំទាវបន្តថា ក្រោមការយកចិត្តទុកដាក់នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា កុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម តាមរយៈ អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ HHC បានបណ្តុះបណ្តាលដល់កុមារខ្សោយសតិបញ្ញា និង អូទីស្សឹម ទាំងឥរិយាបទរស់នៅ ចំណេះដឹង និងបំណិនជីវិតថែមទៀតផង។
ការលើកឡើងរបស់ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញ ដឹកនាំលោកជំទាវជាថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំក្រសួង ចុះសួរសុខទុក្ខ និងផ្តល់អំណោយជាអង្ករវីតាមីន១០០កេស មី ២០កេស និងត្រីខមួយចំនួន ដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹមនៅវិទ្យាល័យអប់រំពិសេស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកជំទាវ បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ នូវរាល់ក្តីកង្វល់ របស់ជនមានពិការភាព ពិសេសកុមារ ពិការខ្សោយសតិបញ្ញា និងអូទីស្សឹម ទាំងសុខុមាលភាព ជីវភាពរស់នៅ ក៏ដូចជាការទទួលបាននូវការបណ្តុះបណ្តាលអប់រំ វិជ្ជាជីវៈដល់កុមារដែលមានពិការភាពគ្រប់ពេលវេលា ដើម្បីឱ្យក្លាយទៅជាឱកាសសម្រាប់ជីវិតនិងការងារប្រចាំថ្ងៃពិសេសរួមចំណែកដ៏សំខាន់និងចាំបាច់មិនអាចខ្វះបានក្នុងសង្គមជាតិ ។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាក់ ក្នុងការមើលថែ និងជួយបង្រៀនដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ព្រោះថាកុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ពួកគាត់មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់បង្រៀនឡើយ ហើយការបង្ហាត់បង្រៀនរបស់ លោកគ្រូ អ្នកគ្រូ គឺធ្វើដោយការពេញចិត្ត និងពោពេញទៅដោយទឹកចិត្តស្រលាញ់ចេញពីបេះដូង ។
លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ HHC បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានលើកកំពស់ដល់មនុស្សមានពិការភាព ពិសេសកុមារដែលមានពិការភាព ខ្សោយសតិបញ្ញា និងអូទឹស្សឹមក្នុងវិស័យអប់រំសិក្សាធការ ដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះសម្រាប់ ខេត្តកណ្តាលមានកំណើនកើនឡើងច្រើននៃកុមារពិការភាពដែលបានចូលទៅកាន់សាលារៀនប្រកបដោយតម្លាភាព សមធម៍និងយេនឌ័រ។ ចុងឆ្នាំ២០១៥ក្រសួងអប់រំយុវជន និងកីឡា បានរកឃើញថាកុមារជាង ៦ម៉ឺននាក់ នៅក្រៅសាលានៅឡើយដែលក្នុងនោះភាគច្រើនគឺកុមារពិការខ្សោយសតិបញ្ញា និង អូទឹស្សឹម ជាមួយគ្នានេះដែរក្រសួង បានដាក់ចេញនៅគោលនយោបាយថ្មី ១ទៀតស្តីពីការអប់រំបរិយាបណ្ណនៅឆ្នាំ២០១៨ មកដល់ពេលបច្ចុប្បន្នដើម្បីធានាអោយការសិក្សារបស់ កុមារពិការគ្រប់រូបបានចូលទៅកាន់សាលារៀនគ្រប់ៗគ្នា ។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំយុវជន និងកីឡា បានប្រែក្លាយសាលាអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍HHC ឱ្យទៅជា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅដែលអនុញ្ញាតឱ្យវិទ្យាល័យ មួយនេះមានវិសាលភាពបណ្តុះបណ្តាលចាប់ពីថ្នាក់មតេ្តយ្យសិក្សា រហូតដល់មធ្យមសិក្សា ជាមួយគ្នានេះដែរ សម្តេចតេជោ បានសម្រេចផ្តល់ក្របខណ្ឌពិសេសដល់គ្រូបង្រៀនចំនួន ២៦នាក់ ស្រី១៣នាក់ជាមន្រ្តីរាជការ ពេញសិទ្ធិនៃក្រសួងអប់រំ ហើយវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបានក្លាយជាវិទ្យាល័យអប់រំពិសេសទី០៦ របស់ ក្រសួងអប់រំ យុវជន និងកីឡា និងបានក្លាយជាវិទ្យាល័យនាំមុខគេនៅកម្ពុជា ក្នុងវិស័យអប់រំបរិយាបន្នដល់សិស្ស ពិការភាពសតិបញ្ញា និងអូទីស្សឹមនៅកម្ពុជាផងដែរ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា