ប្រជាពលរដ្ឋចំនួន ៥៤២គ្រួសារនៅសង្កាត់ព្រែកប្រា ទទួលបាន បណ្ណសមធម៍ និងបណ្ណទទួលរងហានិភ័យ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៥៤២គ្រួសារដែលមានជីវភាពក្រីក្រ ខ្វះខាតក្នុងជីវភាពរស់នៅ ស្ថិតក្នុងចំណាត់ថ្នាក់ ( ក្រ១ , ក្រ២ ) មកពី៦ភូមិ នៅសង្កាត់ព្រែកប្រា បានទទួលបណ្ណសមធម៍ និងបណ្ណ ទទួលរងហានិភ័យ ពីអាជ្ញាធរខណ្ឌច្បារអំពៅ សម្រាប់យកទៅប្រើប្រាស់ ក្នុងការពិនិត្យព្យាបាលជំងឺផ្សេងៗដោយមិនបង់ប្រាក់ ។
ពិធីប្រគល់-ទទួលបណ្ណនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីយភាពលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីលោកគិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ តំណាងលោកអធិការនគរបាលខណ្ឌ , លោកស្រីអភិបាលរងខណ្ឌ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាង៣០០នាក់ ។

លោកចេងមុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានមតិ សំណេះ សំណាល និងផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋដូច្នេះថា គោលនយោបាយ គាំពារសង្គមនេះត្រូវបានដាក់ចេញឲ្យអនុវត្ត តាំងពី អតីត សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា សំដៅធ្វើយ៉ាងណា លើកកម្ពស់សុខុមាលភាពប្រជា ពលរដ្ឋ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ។ បច្ចុប្បន្ននេះ ក្រោមការ ដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតជា នាយករដ្ឋ មន្ត្រីនៃកម្ពុជា បាននឹងកំពុងអនុវត្តបន្ត ក្នុងគោលដៅរួមតែមួយគឺ លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ នៅគ្រប់ ខេត្ត ក្រុង រាជធានី ស្រុក ខណ្ឌ ។
ក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌក៏បានពន្យល់ ពីអត្ថប្រយោជន៍ នៃបណ្ណសមធម៌និងបណ្ណទទួលរងហានិភ័យ ដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណនេះ ដើម្បីយកទៅប្រើប្រាស់ឲ្យចំទិសដៅ ជាពិសេសគឺសម្រាប់ ទទួលសេវា ពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃ ថែមទាំងទទួលបាន ប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាលទៀតផង នៅពេលណាដែល បងប្អូនទៅពិនិត្យសុខភាព តាមគោលការណ៍ ណែនាំរបស់ មន្ត្រីសុខាភិបាល ។

ចាប់ពីពេលនេះតទៅសូមបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាស្ថានភាព ស្ថេរភាពនយោបាយសង្គម ចូលរួមថែ រក្សាសន្តិភាព ដើម្បីអោយរដ្ឋាភិបាលមានឱកាស ទ្រទ្រង់ជីវភាព និង សុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និង មានឱកាសអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនថែមទៀត ។
បន្ទាប់ពីទទួលបានបណ្ណសមធម៌និងបណ្ណទទួលរងហានិភ័យ បងប្អូន ប្រជាពលរដ្ឋបានថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាល និង លោក អភិបាលរាជធានីភ្នំពេញតាមរយៈលោកអភិបាល ខណ្ឌច្បារ អំពៅ ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកយ៉ាងសកម្មដើម្បីលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានខណ្ឌ ៕




សណ្តោស/ប៊ុនធី