CARDI មានវិសាលភាពធំណាស់ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍកសិកម្ម ដើម្បីផ្តល់ផលប្រយោជន៍ដល់ កសិករ និងប្រទេសជាតិ
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា CARDI គឺមានវិសាលភាពធំណាស់ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍកសិកម្ម ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ផ្តល់ផលចំណេញដល់កសិករ និងផ្តល់មុខមាត់ដល់ប្រទេសជាតិ តាមរយៈការនាំអង្ករកម្ពុជាចូលក្នុងទីផ្សារអន្តរជាតិ មានជាអាទិ៍៖ អង្ករសែនក្រអូប និងផ្ការំដួល ដែលបានឈ្នះពានអង្ករល្អបំផុតលើសាកលលោក ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់បែបនេះ ក្នុងសន្និបាតប្រចាំឆ្នាំ ស្តីពីការងារស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលហៅកាត់ថា CARDI កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ទិសដៅឆ្នាំថ្មីនេះ គឺ CARDI ត្រូវធ្វើការស្រាវជ្រាវគ្រប់អនុវិស័យទាំងអស់ លើបច្ចេកទេស យុទ្ធសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច ហើយត្រូវមានកំណត់គោលដៅច្បាស់លាស់ និងយកចិត្តទុកដាក់លើដំណាំសេដ្ឋកិច្ច ដែលមានសក្តានុពលសម្រាប់ទីផ្សារ ហើយកសិករអាចដុះបាន ព្រមទាំងមានលទ្ធភាពអាចផលិតក្នុងទ្រង់ទ្រាយធំពិតប្រាកដ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងជាពិសេសការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ជាគោលនយោបាយ គឺក្រសួងកំពុងធ្វើការងារជាច្រើន ក្នុងការរក្សាស្ថិរភាពតម្លៃ ដែលកសិករអាចបន្តការផលិត ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមមូលដ្ឋាន និងសហគមន៍កសិកម្មទំនើប។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបន្ថែមថា ជាចក្ខុវិស័យ គឺយើងនឹងមានធនធានមនុស្សច្រើន និងថវិកា សម្រាប់ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងរចនាសម្ព័ន្ធផ្សេងៗផងដែរ។ ទន្ទឹមនឹងនេះដែរ ការចុះកម្មសិទ្ធិបញ្ញា ក៏ជាការងារចាំបាច់មួយ ក្នុងកំណត់អត្តសញ្ញាណ ការទទួលស្គាល់ និងគុណតម្លៃនៃពូជស្រូវកម្ពុជា លើឆាកអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែម និងផ្តល់ផលចំណេញដល់កសិករ អ្នកផលិត ដូច្នេះត្រូវជំរុញការងារផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាព ៕
ប្រភព ៖ ក្រសួងកសិកម្ម