លោក ពូទីនបង្ហាញការសុំទោសទៅកាន់សោធននិវត្តន៍ដ៏កម្រជុំវិញទំនិញឡើងថ្លៃ
មូស្គូ៖កាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញការសុំទោសដ៏កម្រមួយ នៅពេលដែលសោធននិវត្តន៍ម្នាក់បានត្អូញត្អែរនៅចំពោះលោកអំពីតម្លៃស៊ុត និងសាច់មាន់ឡើងថ្លៃ។
ក្នុងអំឡុងពេលសួរសំណួរ និងចម្លើយ ប្រចាំឆ្នាំរបស់ពូទីនតាមប្រព័ន្ធអនឡាញជាមួយប្រព័ន្ធផ្សព្វផ្សាយ និងជាមួយសាធារណជនដែលចូលមកពីទូទាំងប្រទេសរុស្ស៊ី សោធននិវត្តន៍ម្នាក់ឈ្មោះ Irina Akopova ដែលបានចូលរួមក្នុងកម្មវិធីបានបង្ហាញឱ្យឃើញថា ខ្លួនអង្គុយនៅតុផ្ទះបាយ ហើយនិយាយអំពីកង្វល់របស់ខ្លួនទៅកាន់ប្រធានាធិបតីតាមរយៈតំណភ្ជាប់វីដេអូនោះ។
នៅចំពោះមុខប្រធានាធិបតីរបស់ខ្លួន អ្នកស្រី Irina Akopova បានត្អូញត្អែរទៅកាន់ លោក ពូទីន ថាទាំងតម្លៃស៊ុត ទ្រូងមាន់ និងស្លាបក្តីសុទ្ធតែបានឡើងថ្លៃទាំងអស់។ អ្នកស្រីបានបន្តនិយាយទៅកាន់លោកពូទីនដូច្នេះថា៖ « Vladimir Vladimirovich សូមអាណិតដល់ សោធននិវត្តន៍ផង! យើងមិនមានប្រាក់សោធនរបស់យើងរាប់លានទេ។ ដូច្នេះសូមជួយដោះស្រាយផង យើងមិនដឹងត្រូវពឹងនរណាទេ ខ្ញុំពិតជាដឹងគុណអ្នកខ្លាំងណាស់ ខ្ញុំពឹងអ្នកឱ្យជួយ»។
សំណួរនេះបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភពិតប្រាកដក្នុងចំណោមប្រជាជនរុស្ស៊ីចំពោះការកើនឡើង
តម្លៃក្នុងការរស់នៅ ហើយបន្ទាប់ពីសំណូមពរនេះបានកើតឡើង លោកពូទីនក៏បានទទួលស្គាល់ដែរថាអតិផរណារុស្សីអាចនឹងឈានដល់ ៨ភាគរយនៅឆ្នាំនេះ។
ឆ្លើយតបទៅនឹងសោធននិវត្តន៍ លោកពូទីនបាននិយាយថា៖ «ខ្ញុំសុំទោសចំពោះរឿងនេះ ។នេះគឺជាការបរាជ័យនៃការងាររបស់រដ្ឋាភិបាល ។ខ្ញុំសន្យាថាស្ថានភាពនឹងត្រូវបានកែប្រែក្នុងពេលដ៏ខ្លីខាងមុខនេះ»។
វេទិកាសំនួរ និងចម្លើយ ចុងឆ្នាំនេះបានក្លាយជាទម្រង់មួយដែលផ្តល់ឱកាសឱ្យលោកពូទីន បង្ហាញថាខ្លួនមានការអាណិតអាសូរ ក៏ដូចជាការព្រួយបារម្ភទៅកាន់ប្រជាជនសាមញ្ញ ហើយកំពុងបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធដោះស្រាយជូនពួកគេផងដែរ។
បន្ទាប់ពីវេទិកានេះដែរ រដ្ឋាភិបាលរុស្សីបាននិយាយថា ខ្លួននឹងបើកការនាំចូលស៊ុតចំនួន១.២ ពាន់លានគ្រាប់ក្នុងឆមាសទីមួយនៃឆ្នាំក្រោយ ដើម្បីព្យាយាមធ្វើយ៉ាងណា រក្សាតម្លៃដែលបានកើនឡើងច្រើនជាង ៤០ភាគរយនៅឆ្នាំនេះ។
ក្រៅពីដំណោះស្រាយរឿងស៊ុតនេះ សាធារណជនមួយចំនួនដែលបានលើកឡើងពីបញ្ហារបស់ខ្លួនទៅកាន់ប្រធានាធិបតី ក៏ទទួលដំណោះស្រាយភ្លាមៗក្នុងអំឡុងវេទិកាកាលពីថ្ងៃព្រហស្បតិ៍នេះដែរ៕
ដោយៈ ស្រ៊ុន សិរីវឌ្ឍនៈ ប្រភព៖ https://www.reuters.com/world/europe/putin-rare-apology-over-price-eggs-2023-12-14/#:~:text=MOSCOW%2C%20Dec%2014%20(Reuters),about%20the%20price%20of%20eggs.