សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាល កម្ពុជា អញ្ជើញ ដល់ទីក្រុងតូក្យូ ប្រទេសជប៉ុនហើយ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរដល់អាកាសយាន្តដ្ឋានអន្តរជាតិហាណេដា ទីក្រុង តូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព នៅរសៀលថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរខួប ៥០ឆ្នាំ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម គឺស៊ីដា ហ៊ូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ។
អ្នកនាំពាក្យនាយករដ្ឋបានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និង ជប៉ុន ដើម្បីសម្រេចបាននូវគោលដៅរួម ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅ ក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងអាស៊ាន-ជប៉ុន តាមរយៈការ ចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួម ស្តីពីមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការ អនុវត្តសេចក្តីប្រកាសចក្ខុវិស័យរួម ដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួនបី រួមមាន (១) ដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ (២) ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម នៃអនាគត និង (៣) ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព។

អ្នកនាំពាក្យដដែលបន្តថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូល សម្តេចធិបតី នឹងមានជំនួបកំពូលទ្វេភាគីជាមួយ ឯកឧត្តម គីស៊ីដា ហ៊្វូមីអូ ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាក្ដីបារម្ភនិងផលប្រយោជន៍រួមផងដែរ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើលិខិតប្តូរសារ ស្តីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន សម្រាប់គម្រោងចំនួនបី ពាក់ព័ន្ធនឹងធារាសាស្ត្រ ការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀត លើវិស័យឌីជីថល ធនាគារ និងថាមពល។

សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) ដើម្បីពិភាក្សាអំពីគោលនយោបាយស្តីពីអន្តរការណ៍ថាមពល និងជំរុញ កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូននៅអាស៊ី។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចធិបតី នឹងមានជំនួបអាហារការងារពេលព្រឹក ជាមួយឯកឧត្តម សនសៃ ស៊ីផាន់ជន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានជំនួបទ្វេភាគីជាមួយឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ។
សម្តេចធិបតី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ដែលរស់នៅប្រទេសជប៉ុន ផងដែរ ៕

ដោយ ៖ វណ្ណលុក