ជញ្ជាំងព្រំដែនអាមេរិក-ម៉ិកស៊ិក កំពុងគំរាមកំហែងដល់សត្វព្រៃដ៏កម្រ

វ៉ាស៊ីនតោន៖ ជញ្ជាំងព្រំដែនខណ្ឌចែកសហរដ្ឋអាមេរិក និងម៉ិកស៊ិក ដែល ដំណើរការសាងសង់អស់ជាច្រើនទសវត្សរ៍ នៅតាមបណ្តោយព្រំដែនប្រវែង ៣,០០០គីឡូម៉ែត្រ ត្រូវបានអ្នកអភិរក្សអះអាងថា កំពុងគំរាមកំហែងដល់ជីវិតសត្វព្រៃដ៏កម្រ។

លោក Laiken Jordahl ដែលជាអ្នកអភិរក្សមកពីមជ្ឈមណ្ឌលជីវសាស្ត្រចម្រុះនិយាយថា រឿងមួយដែលសំខាន់បំផុត សម្រាប់សុខាមាលភាពប្រព័ន្ធអេកូឡូស៊ី នោះគឺការតភ្ជាប់ទីជម្រកសត្វព្រៃ។ សត្វត្រូវតែអាចដើរហើរស្វែងរកអាហារ ទឹក និងស្វែងរកដៃគូបន្តពូជ នេះគឺជារឿងសំខាន់ណាស់។

ប៉ុន្តែជញ្ជាំងដែកកម្ពស់ ៩ម៉ែត្រ នៅគែមខាងត្បូងនៃដែនជម្រកសត្វព្រៃជាតិ Buenos Aires មានផ្ទៃដីទំហំ ៤៧,០០០ហិកតា កំពុងបង្កការគំរាមកំហែងដល់ជីវិតរុក្ខជាតិ និងសត្វជិតផុតពូជនៅក្នុងរដ្ឋអារីហ្សូណា។

លោក Jordahl បន្ថែមថា ជញ្ជាំងព្រំដែននេះ នឹងបំបែកប្រព័ន្ធអេកូឡូស៊ីទាំងមូល ចេញពីដីព្រៃទាំងអស់ក្នុងប្រទេសម៉ិកស៊ិក ដែលនឹងធ្វើឱ្យសត្វនៅផ្នែកម្ខាងនៃជញ្ជាំង កាន់តែងាយរងគ្រោះ ដោយសារគ្រោះរាំងស្ងួត, ការប្រែប្រួលអាកាសធាតុ និងការបង្កាត់ពូជរបស់សត្វព្រៃជាដើម។

គួរបញ្ជាក់ថា ជញ្ជាំងព្រំដែនអាមេរិក-ម៉ិកស៊ិក ដែលជាគោលនយោបាយរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទប់ស្កាត់លំហូរជនចំណាកស្រុករាប់ពាន់នាក់ មកពីអាមេរិកឡាទីន អាស៊ី អាហ្រ្វិក និងអឺរ៉ុបខាងកើត ដែលគេចចេញពីភាពក្រីក្រ និងការធ្វើទុក្ខបុកម្នេញនោះ កំពុងបង្កគ្រោះថ្នាក់ដល់សត្វព្រៃ នេះបើតាមការអះអាងរបស់អ្នកអភិរក្ស៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner