ម៉ូតូ ១៧គ្រឿង ត្រូវបាន ប្រគល់ជូនសិស្សប្រឡងជាប់និទ្ទេសA នៅស្រុកកណ្តាលស្ទឹង ១៧នាក់

(កណ្តាល)៖ ឯកឧត្តម ណុប រ័ត្ននិមល បានចាត់ទុកសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ពិសេសសិស្សជាប់និទ្ទេស A នាពេលនេះ គឺជាគ្រាប់ពូជមួយដ៏មានសារៈសំខាន់ សម្រាប់ចូលរួម ការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជាបន្តទៀត ក្រោមម្លប់សន្តិភាព ។

ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា និងជាប្រធានក្រុមការងារយុវជនចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាង ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម ណុប រ័ត្ននិមល មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពទី ១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ និង បានកំណត់អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ និង ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង កសាង មូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសចំណូល។

ឯកឧត្តម ណុប រ័ត្ននិមល ក៏បានសំណូមពរដល់សិស្សានុសិស្ស នៅទូទាំងស្រុកណ្តាលស្ទឹង ត្រូវបន្តខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាមនុស្សល្អ ជាទំពាំងស្នងឬស្សី ក្នុងការអភិវឌ្ឍជាតិ និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងស្រុកកណ្តាលស្ទឹង ត្រូវបន្តការចូលរួមថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានក្នុងពេលបច្ចុប្បន្ន ឲ្យបានគង់វងសម្រាប់កូនចៅជំនាន់ក្រោយ ដោយបន្តទទួលផ្លែផ្កាពីកត្តាសន្តិភាពដែលយើងរកបានយ៉ាងលំបាកនេះ។

ឯកឧត្តម ណុប រ័ត្ននិមល បាននាំអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភសិស្សនិទ្ទេសA ចំនួន ១៧នាក់ ស្រី ១៤នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ ១គ្រឿង និងថវិកា ៤០ម៉ឺនរៀល ,សិស្សនិទ្ទេសB ៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល និង និទ្ទេសC ១៩៤នាក់ថវិកា ៤០ម៉ឺនរៀល ។ លោកគ្រូអ្នកគ្រូ ១០៧នាក់ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, សុខាភិបាលស្រុក ចំនួន ៥នាក់ ថវិកា ៥ម៉ឺនរៀល យុវជនចំនួន ១៩នាក់ថវិកា ៥ម៉ឺនរៀល, ក្រុមប្រឹក្សាឃុំទាំង ១៨នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល និងក្នុង ១ឃុំភេសជ្ជៈ ២០កេស និងបានឧបត្ថម្ភរដ្ឋបាលស្រុកកណ្ដាលស្ទឹង ថវិកា ២លានរៀល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចផងដែរ ៕

ប្រភព ៖ ខេត្តកណ្ដាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner