លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ ការជំរុញផលិតកម្មចំណីសត្វ នឹងជួយជំរុញផលិតភាព និងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក

(ភ្នំពេញ)៖ លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានលើកឡើងថា ការជំរុញផលិតកម្មចំណីសត្វ នឹងជួយជំរុញផលិតភាព និងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក មិនត្រឹមតែបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងប៉ុណ្ណោះទេ ផលិតករថែមទាំងអាចទទួលបានប្រាក់ចំណេញមួយកម្រិតបន្ថែមទៀត លើការចំណាយលើធាតុចូលកសិកម្ម ។

លោកជំទាវរដ្ឋមន្រ្តីបន្ថែមថា ការវិនិយោគ ទាំងនេះបានបង្កើតការងារ និងពង្រឹងឱ្យបានរឹងមាំនូវខ្សែច្រវាក់តម្លៃនៅគ្រប់ដំណាក់កាល ប្រកបដោយចីរភាព បរិយាបន្ន និងមានគុណតម្លៃខ្ពស់ គិតចាប់តាំងពីការប្រមូលទិញធាតុចូលក្នុងតម្លៃប្រកួតប្រជែង ការពង្រីកតម្រូវការទីផ្សារវត្ថុធាតុដើមនៃផលិតផលកសិកម្ម ការបង្កើតនិងការកែច្នៃផលិតផលថ្មីជាដើម ។

ការលើឡើង របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលកសិផលសម្រាប់ផលិតចំណីសត្វ និងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា (C.P. Cambodia) នៅទីស្តីការក្រសួង។

គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌារួមមាន៖
១). កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ រវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា
២).កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលស្រូវ កន្ទក់ និងកញ្ជុងអង្ករ សម្រាប់ផលិតចំណីសត្វ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា
៣).កិច្ចសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្គាបការក្លែងបន្លំ “ក.ប.ប” នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner