ឯកឧត្តម ហ៊ុន ម៉ានី៖ ការលះបង់ និងសកម្មភាពរបស់ ស.ស.យ.ក គឺជាគំរូ និងកម្លាំងចិត្តសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការលះបង់ និង សកម្មភាពរបស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាគំរូ និងកម្លាំងចិត្តសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ ។ ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានគូស បញ្ជាក់ ដូច្នេះក្នុងកម្មវិធីប្រគំតន្រ្តី «កម្ពុជាបេះដូងខ្ញុំ» នារាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហភាពសហព័ន្ធ យុវជនកម្ពុជា សមាជិក សមាជិកា ស.ស.យ.ក. រួមនិងប្រជាពលរដ្ឋ ជាច្រើនផងដែរ ។

ប្រធាន ស.ស.យ.ក. បានថ្លែងដោយមោទនភាពជាមួយសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីប្រារព្ធខួប ៤៥ឆ្នាំ តាមរយៈ ការប្រគំតន្រ្តី «កម្ពុជាក្នុងបេះដូងខ្ញុំ» ក្រោមប្រធានបទ “១) ភាសា បេះដូងជូនដូនតា, ២) គំរូវីរភាពរបស់ថ្នាក់ដឹកនាំ និង ៣) ក្តី ស្រឡាញ់សម្រាប់កម្ពុជា”។

ក្នុងនាមជាសមាជិកម្នាក់របស់ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបង្ហាញមោទនភាពចំពោះសមិទ្ធផលជាច្រើន ដែលយើង ទាំងអស់គ្នាសម្រេចបានរួមគ្នា ក្នុងអំឡុងពេលកន្លងមកនេះ។ ប្រាកដណាស់ ភាពជោគជ័យទាំងអស់នេះ មិនអាចសម្រេចទៅ បានឡើយ ប្រសិនបើគ្មានឱកាស និងជំនឿទុកចិត្ត ដែលផ្តល់ដោយ ថ្នាក់ដឹកនាំរបស់យើង ដោយរាជរដ្ឋាភិបាលកម្ពុជា ដោយដៃគូសហការ ទាំងរដ្ឋ និងឯកជន និងស្ថាប័នមិនមែនរដ្ឋាភិបាលទាំង ថ្នាក់ជាតិ និងអន្តរជាតិ ក៏ដូចជាទំនុកចិត្តរបស់មាតាបិតា អាណាព្យាបាលរបស់ យុវជន និងប្រជាជនខ្មែរគ្រប់រូប ជាពិសេសនោះ គឺការតាំងចិត្ត ការ លះបង់ និងបេះដូងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក គ្រប់រូប នៅទូទាំងប្រទេស។ ផលទាំងនេះ គឺជារបស់ អ្នកទាំងអស់គ្នា ស្មើៗគ្នា។

ឯកឧត្តម ប្រធាន ស.ស.យ.ក. បានបន្តថា អ្នកទាំងអស់គ្នា ជាភាព អស្ចារ្យរបស់ ស.ស.យ.ក. ហើយអ្នកទាំងអស់គ្នា ត្រូវដឹងថា មិនថា នៅទីណា ពេលណា សមិទ្ធផល និងភាពជោគជ័យរបស់ ស.ស.យ.ក. គឺ ជាកម្មសិទ្ធិរបស់អ្នកទាំងអស់គ្នា ស្មើៗគ្នា។ ការលះបង់ និង សកម្មភាពរបស់សមាជិក សមាជិកានីមួយៗ គឺជាគំរូ និងកម្លាំងចិត្ត សម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ។ ចូរយើងបន្តរួមដំណើរ ទាំងអស់គ្នា ក្នុងនាមជាគ្រួសារ ស.ស.យ.ក. ឆ្ពោះទៅកាន់ព្រះរាជា ណាចក្រកម្ពុជា ដែល កាន់តែត្រចះត្រចង់សម្រាប់ប្រជាជនជំនាន់ ក្រោយ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា ចំពោះសង្គមកម្ពុជា ស.ស.យ.ក បានតម្កល់បេសកកម្មរបស់ខ្លួនក្នុង ការចូលរួមចំណែកជាមួយរាជ រដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសូមប្ដេជ្ញាចូលរួមថែរក្សា និងកសាងសង្គមកម្ពុជាមួយ ប្រកបដោយភាពកក់ក្តៅ, សង្គមមួយដែលប្រកបដោយភាពសុខដុម, សង្គមមួយដែលចេះ ជួយយកអាសារគ្នា ចេះយោគយល់ អធ្យាស្រ័យ និងស្រឡាញ់រាប់អានគ្នា។ ប្រាកដណាស់ ការសម្រេចបាននូវ បេសកកម្មនេះ ត្រូវការជាចាំបាច់នូវការជួបជុំជាលក្ខណៈ មហាគ្រួសារ ខ្មែរជាប្រចាំ មិនថា តាមរយៈបុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក ពិធីផ្សេងៗទៀត ឬការបណ្តុះមនសិការសង្គម និងការរួប រួមតាមរូបភាព ណាមួយនោះឡើយ ដែលការជួបជុំទាំងនេះ សុទ្ធសឹង ជាមូលដ្ឋានគ្រឹះនៃការកសាង ភាតរភាព និងភាពសុខដុមរបស់សង្គម ជាតិ ដែលយើងទាំងអស់គ្នាត្រូវបន្តថែរក្សា ការពារ និងកសាងបន្ថែមឱ្យ បានដើម្បីទុកជាសមិទ្ធផលបន្ថែមទៀតដល់កូនចៅយើងជំនាន់ក្រោយ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានប្រកាសជាឱឡារឹកថា ស.ស.យ.ក. នឹង រក្សាការប្តេជ្ញាចិត្ត ការដាក់ក្នុងបេះដូង និងការរក្សាឆន្ទៈដោយមោះមុត ក្នុងការតបស្នងជូនជាតិ និងប្រជាជនរបស់យើង ព្រោះថា៖ កម្ពុជាក្នុង បេះដូងខ្ញុំ កម្ពុជាតែងតែនៅក្នុងបេះដូងយើងជានិច្ច យើងជឿជាក់លើ កម្ពុជា កម្ពុជាតែមួយគត់ កម្ពុជាដំបូងបំផុត កម្ពុជារៀងរហូតដល់ ដំណាក់កាលចុងក្រោយរបស់ខ្ញុំ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ
