ប្រធានាធិបតីប្រទេសម៉ាដាហ្គាស្កាចាប់ផ្តើមអាណត្តិថ្មី ចំពេលធ្វើពហិការពីបក្សប្រឆាំង
អង់តាណាណារីវ៖ ប្រធានាធិបតីនៃប្រទេសម៉ាដាហ្គាស្កា លោក Andry Rajoelina បានស្បថចូលកាន់តំណែង កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ជាការចាប់ផ្តើមអាណត្តិថ្មី មួយអាណត្តិទៀតរបស់លោក បើទោះបីជាមានការធ្វើពហិការរបស់បក្សប្រឆាំង និងកង្វល់អន្តរជាតិជុំវិញ អនាគតរបស់ប្រទេសជាកោះមួយនេះ យ៉ាងណាក្តី។
នៅចំពោះមុខអ្នកចូលរួម ប្រមាណ ៥ម៉ឺននាក់ នៅក្នុងពហុកីឡដ្ឋានមួយ នារដ្ឋធានីអង់តាណាណារីវ លោកប្រធានាធិបតីវ័យ ៤៩ឆ្នាំរូបនេះ បានប្តេជ្ញាថា នឹងធ្វើសកម្មភាពដោយ «សុចរិតភាព» ដើម្បីធ្វើឲ្យប្រទេសដែលមានចំនួនប្រជាជនសរុប ២៩លាននាក់មួយនេះ ចាកចេញពីភាពក្រីក្រ។
ប៉ុន្តែអវត្តមានរបស់អតីតប្រធានាធិបតី ចំនួនពីររូប គឺលោក Marc Ravalomanana និងលោក Hery Rajaonarimampianina បានបង្ហាញពីភាពតានតឹងដំបូងប្រឈមមុខនឹងរដ្ឋបាលថ្មីរបស់ប្រទេសនេះ។ លោកទាំងពីរធ្លាប់បានចូលរួមពិធីស្បថចូលកាន់តំណែង របស់លោក Rajoelina កាលពីអាណត្តិមុន នៅក្នុងឆ្នាំ២០១៨។
ពួកលោកក៏ជាផ្នែកមួយនៃក្រុមចម្រុះប្រឆាំងដែលបានធ្វើបាតុកម្មស្ទើរតែរៀងរាល់ថ្ងៃ អស់រយៈពេលជាច្រើនសប្តាហ៍ មុនពេលការបោះឆ្នោត នៅថ្ងៃទី ១៦ ខែវិច្ឆិកា។ ជាបាតុកម្មដើម្បីបរិហារនូវអ្វីដែលពួកគេហៅថា «រដ្ឋប្រហារធម្មនុញ្ញ» បង្កឡើងដោយប្រធានាធិបតី Rajoelina ដើម្បីបានបន្តកាន់អំណាច។
យ៉ាងណាមិញ បាតុកម្មត្រូវបានហាមឃាត់ នៅក្នុងរដ្ឋធានី អង់តាណាណារីវ (Antananarivo) អំឡុងរយៈពេលប្រាំថ្ងៃ មុនរៀបចំពិធីស្បថចូលកាន់តំណែង នាពេលនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



