រដ្ឋមន្ដ្រីក្រសួងកសិកម្ម ជំរុញលើកទឹកចិត្តមន្ត្រី ដែលមានសមត្ថភាព និងមានស្នាដៃ បំពេញការងារបានល្អ
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំស្តីពីការកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងកសិកម្ម នាទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ថ្នាក់ដឹកនាំក្រសួង ត្រូវមានការសហការគ្នាល្អ ក្នុងការជំរុញគោលនយោបាយវិស័យកសិកម្ម ជាពិសេសអាទិភាពទាំង៣ ប្រកបដោយភាពម្ចាស់ការ និងមានប្រសិទ្ធភាពបំផុត ដើម្បីលើកស្ទួយជីវភាពប្រជាកសិករឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ អំពីកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាអាទិភាពមួយរបស់ក្រសួង ។ ថ្នាក់ដឹកនាំក្រសួង ត្រូវចេះប្រើប្រាស់ធនធានមនុស្សដែលមានសមត្ថភាព មានឆន្ទៈពិតប្រាកដ ទៅតាមតម្រូវការនិងឱ្យចំគោលដៅពិតប្រាកដ ដើម្បីបំពេញភារៈកិច្ចបានពេញលេញ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពការងារខ្ពស់។
សូមជម្រាបជូនថា អាទិភាពទាំង៣ នៃគោលនយោបាយវិស័យកសិកម្មរួមមាន ការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំចំនួន ១.៦០០នាក់ និងគោលនយោបាយសហគមន៍កសិកម្មបែបទំនើប ៕
ប្រភព ៖ ក្រសួងកសិកម្ម