ព្រះអង្គម្ចាស់អតីតព្រះចៅកូវ៉ែតសោយទិវង្គត ក្នុងព្រះជន្ម ៨៦ព្រះវស្សា
កូវ៉ែត៖ ព្រះអង្គម្ចាស់ សែខ៍ ណាវ៉ាហ្វ អាល់អះម៉ាត់ អាល់ចាពៀរ អាលសាបាស (Sheikh Nawaf al-Ahmad Al-Sabah) អតីតព្រះចៅនៃរដ្ឋកូវ៉ែតបានយាងសោយទិវង្គត ក្នុងព្រះជន្ម ៨៦ព្រះវស្សា បន្ទាប់ពីឡើងកាន់អំណាច រយៈពេល៣ឆ្នាំ។
ព្រះអង្គម្ចាស់ សែខ៍ ណាវ៉ាហ្វ បានយាងសោយទិវង្គត កាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។ មិនមានការបញ្ជាក់ពីមូលហេតុនៃការសោយទិវង្គត ឲ្យពិតប្រាកដទេ គ្រាន់តែគេដឹងថា ព្រះអង្គម្ចាស់ សែខ៍ ណាវ៉ាហ្វ ដំបូងឡើយ គ្រោងនឹងយាងចូលសម្រាកនៅមន្ទីរពេទ្យ នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ មុនពេលដឹងថា បានសោយទិវង្គត។ ព្រះអង្គធ្លាប់បានយាងទៅមន្ទីរពេទ្យ ក្នុងខែវិច្ឆិកា ដោយពេលនោះ ស្ថានភាពរបស់ទ្រង់ត្រូវបានបង្ហាញថា ស្ថិតក្នុងស្ថិរភាពធម្មតា។
ទូរទស្សន៍រដ្ឋបានកាត់បន្ថយការផ្សាយ ជាប្រចាំរបស់ខ្លួន ហើយប្តូរទៅការផ្សាយនៃការសូត្រគម្ពីរកូរ៉ានិក មុនពេលប្រកាសពីដំណឹងសោយទិវង្គត របស់ព្រះអង្គម្ចាស់ សែខ៍ ណាវ៉ាហ្វ។ នៅតាមក្រសួងស្ថាប័នរដ្ឋត្រូវបិទ រយៈពេលបីថ្ងៃ ហើយប្រកាសពីការកាន់ទុក្ខ ៤០ ថ្ងៃ។
ទូរទស្សន៍រដ្ឋកូវ៉ែតបានរាយការណ៍ដែរថា ព្រះអង្គម្ចាស់ សែខ៍ ណាវ៉ាហ្វ បានឡើងស្នងរាជ្យកាន់កាប់ប្រទេសស្ថិតក្នុងតំបន់ឈូងសមុទ្រ ដែលសម្បូរប្រេងមួយនេះ នៅព្រះជន្ម ៨៣ព្រះវស្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


