នាយករដ្ឋមន្ត្រីជប៉ុន ជួបនាយករដ្ឋមន្ត្រីវៀតណាម មុនកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅមុនពេលកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន នៅទីក្រុងតូក្យូ។ ជំនួបនេះ ត្រូវបានដឹងថា ផ្តោតលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ច។

បើយោងតាមក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ជំនួបនេះ ត្រូវបានរៀបចំធ្វើឡើង កាលពីល្ងាចថ្ងៃទី ១៦ ខែធ្នូ។ ជាជំនួបក្នុងពេលនាយករដ្ឋមន្ត្រីវៀតណាមកំពុងបំពេញបេសកកម្ម នៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន។

ប្រភពបន្តថា ក្នុងជំនួបនាពេលនោះ នាយករដ្ឋមន្ត្រីជប៉ុន Kishida បានសម្តែងនូវបំណងចង់អភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន រួមទាំងវៀតណាមផងដែរ ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហ ដោយផ្អែកលើនីតិរដ្ឋ និងដើម្បីធានាដល់ពិភពលោក នូវសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។

ផ្អែកតាមប្រភពដដែល នាយករដ្ឋមន្ត្រីវៀតណាម Chinh បានសម្តែងនូវការពេញចិត្តចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដែលលោកបានទទួលក្នុងដំណើរបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន។ លោកបានមានប្រសាសន៍ថា លោកមានសេចក្តីសោមនស្សរីករាយដែលឃើញទំនាក់ទំនងទ្វេភាគី មានការអភិវឌ្ឍន៍លើវិស័យជាច្រើន ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកសង្ឃឹមថា ការប្រារព្ធខួបលើកទី ៥០ នេះ ក៏ឱកាសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងវៀតណាមនិងជប៉ុនដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner