អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងអំពាវនាវឱ្យធ្វើពហិការបក្ស ANC ដែលកំពុងកាន់អំណាច សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២៤

ព្រីតូរីយ៉ា៖ អតីតប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក Jacob Zuma បានអំពាវនាវឱ្យធ្វើពហិការ លើគណបក្ស ANC ដែលកំពុងកាន់អំណាច ក្នុងការបោះឆ្នោត នាឆ្នាំ២០២៤ ខាងមុខនេះ។

លោក Jacob Zuma អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ បានចូលរួមក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយគណបក្ស Umkhonto We Sizwe នៅក្នុងទីក្រុង Soweto។ នៅទីនោះ លោក Jacob Zuma បានប្រកាសថា លោកនឹងមិនបោះឆ្នោតឱ្យគណបក្ស «សមាជិកជាតិអាហ្វ្រិក» ហៅកាត់ថា ANC នៅក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ ២០២៤ ខាងមុខនោះទេ។

លោក Zuma បានអំពាវនាវឱ្យធ្វើពហិការ លើគណបក្ស ANC ដែលកំពុងកាន់អំណាច ស្របពេលដែលប្រជាប្រិយភាពរបស់បក្សនេះត្រូវបានខូចខាត ដោយការកាត់ផ្តាច់ចរន្តអគ្គិសនី ប្រចាំថ្ងៃ រឿងអាស្រូវពុករលួយ ម្តងហើយម្តងទៀត និង ការកើនឡើងនៃតួលេខឧក្រិដ្ឋកម្ម និងសេដ្ឋកិច្ច ដែលជាប់គាំង។

លោក Jacob Zuma ក្នុងវ័យ ៨១ ឆ្នាំ បាននិយាយថា៖ «ខ្ញុំបានដឹងថា នេះមិនមែនជាប្រទេស ដែលខ្ញុំចង់បាននោះទេ»។

ការស្ទង់មតិបានបង្ហាញថា គណបក្ស ANC អាចទទួលបានសម្លេងគាំទ្រ តិចជាង ៥០ ភាគរយ ក្នុងការបោះឆ្នោត នៅឆ្នាំក្រោយ។ បក្ស ANC បានគ្រប់គ្រងប្រទេស ចាប់តាំងពីលោក Nelson Mandela ដឹកនាំឱ្យទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោត ក្រោយការរើសអើងជាតិសាសន៍ លើកដំបូង ក្នុងឆ្នាំ ១៩៩៤។ ក៏ប៉ុន្តែបក្សនេះ បានបាត់បង់ ឬបណ្តេញសមាជិកកំពូលៗជាច្រើននាក់ ក្នុងប៉ុន្មានខែ ថ្មីៗនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner