ឥណ្ឌូណេស៊ី និងជប៉ុន យល់ព្រមលើការដករបាំងពាណិជ្ជកម្មបន្ថែមទៀត

ហ្សាការតា៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូឌី(Retno Marsudi )កាលពីថ្ងៃសៅរិ៍ទី ១៦ ខែធ្នូឆ្នាំ២០២៣ បាននិយាយថាប្រទេសឥណ្ឌូនេស៊ី និងជប៉ុនបានសម្រេចព្រមព្រៀងគ្នាលើការដកចេញនូវរបាំងពាណិជ្ជកម្មបន្ថែមទៀត បន្ទាប់ពីប្រទេសទាំងពីរបានបញ្ចប់ការចរចាដើម្បីកែលម្អកិច្ចព្រមព្រៀងសេដ្ឋកិច្ចទ្វេភាគីរបស់ពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានឱ្យដឹងដែរថា ប្រទេសជប៉ុននឹងអនុញ្ញាតឱ្យមានការនាំចូលកាន់តែច្រើនសម្រាប់ផលិតផលឥណ្ឌូនេស៊ីរួមទាំងដោយការដកពន្ធលើមុខទំនិញនេសាទដែលបានកែច្នៃ។ ជាមួយគ្នានេះ ប្រទេសទាំងពីរក៏នឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងក្នុងវិស័យធនាគារផងដែរ។

លើសពីនេះទៅទៀត ភាគីទាំងពីរក៏កំពុងសម្លឹងរកការកែប្រែបន្ថែមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច ឥណ្ឌូនេស៊ី-ជប៉ុន ដែលបានធ្វើវិសោធនកម្ម (IJEPA) ហើយនឹងត្រូវអនុវត្តនៅត្រីមាសទីមួយនៃឆ្នាំ ២០២៤ បើទោះបីជាកិច្ចព្រមព្រៀងនោះនៅរង់ចាំតែការចុះហត្ថលេខាជាផ្លូវការ និងផ្តល់សច្ចាប័នដោយសភារៀងៗខ្លួន បន្ទាប់ពីការត្រួតពិនិត្យផ្លូវច្បាប់ហើយក៏ដោយ។

គួរជម្រាបថា សេចក្តីថ្លែងការណ៍របស់ លោកស្រី Retno ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ(Joko Widodo) បានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា(Fumio Kishida )នៅខាងក្រៅកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ ដើម្បីរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងរវាងជប៉ុន និងអាស៊ាន។

ក្រៅតែពីផលចំណេញដែលទាញបានពីកិច្ចព្រៀងលើវិស័យសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីរូបនេះក៏បានរំលេចឱ្យដឹងថា ប្រទេសជប៉ុនក៏បានផ្តល់នូវនាវាល្បាតដែលមានតម្លៃ ៩ ពាន់លានយ៉េន (៦៣ លានដុល្លារអាមេរិក) ដល់ឥណ្ឌូនេស៊ីដើម្បីជួយឥណ្ឌូនេស៊ីបង្កើនសមត្ថភាពដែនសមុទ្ររបស់ខ្លួន។

គួរឱ្យដឹងដែរថា នាថ្ងៃទី ១៦ ខែធ្នូ កន្លងទៅថ្មីៗនេះ ជប៉ុន និងម៉ាឡេស៊ីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយសន្តិសុខ រួមទាំងជំនួយឥតសំណងក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៤០០ លានយ៉េន ដើម្បីជួយបង្កើនសមត្ថភាពសន្តិសុខដែនសមុទ្ររបស់ម៉ាឡេស៊ី ស្របពេលដែលប្រជាជាតិអាស៊ីទាំងនេះព្យាយាមទប់ទល់នឹងចិនដែលបង្កើនសកម្មភាពខ្លាំងឡើងៗលើបញ្ហាដែនសមុទ្រចិន៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner