របាយការណ៍អង្គការអ្នកកាសែតគ្មានព្រំដែន៖ ចំនួនអ្នកកាសែតបាត់បង់ជីវិតក្នុងឆ្នាំ ២០២៣ ថយចុះទូទាំងពិភពលោក
អន្តរជាតិ៖ អង្គការអ្នកកាសែតគ្មានព្រំដែន(RSF)បានឱ្យដឹងក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះថា អ្នកកាសែតចំនួន ៤៥ នាក់ទូទាំងពិភពលោក បានបាត់បង់ជីវិតពេលកំពុងបំពេញការងារក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៣ គិតត្រឹមថ្ងៃទី១ ខែធ្នូ។ ចំនួននេះបង្ហាញពីការថយចុះបើប្រៀបធៀបនឹងឆ្នាំ ២០២២ កន្លងទៅ ដែលមានអ្នកកាសែតយ៉ាងណាស់ ៦១ នាក់ ត្រូវបានសម្លាប់។
របាយការណ៍របស់ RSF មិនរាប់បញ្ជូលអ្នកកាសែត ដែលបាត់បង់ជីវិតក្រៅបេសកម្មបំពេញការងារនោះទេ ហើយអង្គការបញ្ជាក់ថា ការធ្លាក់ចុះនៃការស្លាប់របស់អ្នកកាសែតនៅអាមេរិកឡាទីន បានរួមចំណែកដ៏សំខាន់ ដល់ការថយចុះនៃការស្លាប់នេះជាសកលក្នុងឆ្នាំ ២០២៣ ទាំងមូល។
អគ្គលេខាធិការអង្គការ RSF លោក Christophe Deloire បានប្រាប់ AFP ថា ការធ្លាក់ចុះនេះផងដែរ គឺដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់អង្គការអន្តររដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព ក៏ដូចជាការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងរបស់អ្នកកាសែតផ្ទាល់ខ្លួនឯង។
ទោះបីជាយ៉ាងនេះក៏ដោយ របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ បានបង្ហាញថា ចំនួនអ្នកកាសែតដែលស្លាប់ពេលកំពុងបំពេញការងារ បានកើនឡើងនៅតំបន់មជ្ឈិមបូព៌ា នៅចន្លោះពីខែតុលា ដល់ខែវិច្ឆិកា ពោលគឺក្រោយពេលដែលក្រុមហាម៉ាស់បើកការវាយប្រហារលើអ៊ីស្រាអែលនាដើមខែតុលា ហើយបំផ្ទុះសង្រ្គាមបច្ចុប្បន្ន។ អ្នកកាសែត ១៧ នាក់ត្រូវបានសម្លាប់ក្នុងតំបន់ ដែលក្នុងនោះ មាន ១៣ នាក់បាត់បង់ជីវិតក្រោមការវាយប្រហារនៅហ្គាហ្សារបស់អ៊ីស្រាអែល ខណៈបីបាត់បង់ជីវិតនាក់នៅលីបង់ និងម្នាក់ទៀតស្លាប់នៅអ៊ីស្រាអែលក្រោមថ្វីដៃរបស់ក្រុមហាម៉ាស់។
សង្គ្រាមនៅអ៊ុយក្រែនឯនោះវិញ បានឆក់យកជីវិតអ្នកកាសែតពីរនាក់ ក្នុងឆ្នាំ២០២៣ ខណៈសង្រ្គាមនេះ បានសម្លាប់អ្នកកាសែត ១១ នាក់ តាំងពីផ្ទុះឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២២ មក។
របាយការណ៍ RSF បានបន្តថា នៅអាមេរិកឡាទីន អ្នកកាសែតស្លាប់ប្រាំមួយនាក់ ដែលធ្លាក់ចុះពី ២៦ នាក់កាលពីឆ្នាំកន្លងទៅ។ គិតតែក្នុងប្រទេសម៉ិកស៊ិក ចំនួននេះបានធ្លាក់ចុះមកនៅត្រឹមបួននាក់ក្នុងឆ្នាំ ២០២៣ ពី ១១ នាក់នៅឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏ដោយ RSF បានព្រមានថា ម៉ិកស៊ិកនៅតែមានគ្រោះថ្នាក់សម្រាប់អ្នកកាសែត ដោយសារតែការចាប់ជំរិត និងការវាយប្រហារជាបន្តបន្ទាប់។ ក្នុងចំណោមអ្នកកាសែតចំនួន ៨៤ នាក់ ដែលរាប់ថាបាត់ខ្លួនទូទាំងពិភពលោក មានប្រហែល១ភាគ៣ គឺជាជនជាតិម៉ិកស៊ិក។
ជាមួយគ្នានេះ របាយការណ៍ RSF បានកត់ត្រាថា ចំនួនអ្នកកាសែតដែលគេចាប់ដាក់គុកក៏បានធ្លាក់ចុះផងដែរ មកត្រឹម ៥២១ នាក់ ពី ៥៦៩ នាក់ក្នុងឆ្នាំ ២០២២ ដោយមានប្រទេសបេឡារូស ចិន និងមីយ៉ាន់ម៉ា ជាប់ជាប្រទេសដែលចាប់អ្នកកាសែតដាក់គុកច្រើនជាងគេបំផុតលើពិភពលោក។
របាយការណ៍បន្តទៀត អ្នកកាសែតសរុបចំនួន ៥៤ នាក់ កំពុងជាប់ជាចំណាប់ខ្មាំងក្នុងឆ្នាំ ២០២៣ ធ្លាក់ចុះពីតួលេខ ៦៥ នាក់ក្នុងឆ្នាំ ២០២២៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Number of journalists killed on duty falls in 2023 despite Gaza war https://www.france24.com/en/europe/20231214-number-of-journalists-killed-on-duty-falls-in-2023-despite-gaza-war