មនុស្សរាប់រយនាក់ភៀសខ្លួន ចេញពីទឹកជំនន់នៅភាគឦសានប្រទេសអូស្ត្រាលី
កង់បេរ៉ា៖ ប៉ូលិសនិយាយថា ក្រុមជួយសង្គ្រោះបានជម្លៀសមនុស្សជាង ២០០នាក់ពេញមួយយប់ទៅកាន់តំបន់មានសុវត្ថិភាព និងបានបញ្ជូនឧទ្ធម្ភាគចក្រយោធា ទៅចូលរួមក្នុងប្រតិបត្តិការជួយជម្លៀសមនុស្ស នៅតំបន់ដែលត្រូវកាត់ផ្តាច់ដោយទឹកជំនន់។
រដ្ឋ Queensland បានរងផលប៉ះពាល់ធ្ងន់ធ្ងរពីខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងសន្ធាប់ បន្ទាប់ពីការវាយប្រហារពីព្យុះស៊ីក្លូនត្រូពិក Jasper នៅចុងសប្តាហ៍មុន។ មជ្ឈមណ្ឌលទេសចរណ៍នៃទីក្រុង Cairns ត្រូវហ៊ុព័ទ្ធស្ទើរតែទាំងស្រុងដោយទឹកជំនន់ ដែលបានជន់លិចផ្លូវហាយវេសំខាន់ៗ និងហូរចូលទៅក្នុងទីក្រុង ដែលមានមនុស្សប្រមាណ ១៥០,០០០នាក់រស់នៅនេះ។
ទឹកជំនន់ក៏បានរាំងស្ទះដល់ការហោះហើរនៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងCairns កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនផងដែរ។ ជាការឆ្លើយតប អភិបាលរដ្ឋ Queensland លោក Steven Miles បានប្រាប់អ្នកយកព័ត៌មានថា យើងបានដាក់ពង្រាយទូកតូច-ធំក្នុងទីក្រុង Cairns ដើម្បីជម្លៀសប្រជាជន ដែលមិនអាចជម្លៀសខ្លួនបានដោយសុវត្ថិភាព។
ជាមួយនឹងភ្លៀងធ្លាក់កាន់តែច្រើន ដែលរំពឹងទុកនឹងកើតមាននៅក្នុងថ្ងៃចន្ទនេះ រដ្ឋមន្រ្តីរតនាគាររដ្ឋ Queensland លោក Cameron Dick បាននិយាយថា គ្រោះមហន្តរាយដែលកើតឡើង នឹងបង្កការខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លាររបស់រដ្ឋ។
សូមជម្រាបថា អូស្ត្រាលីស្ថិតនៅក្រោមឥទ្ធិពលនៃបាតុភូត El Nino នៅរដូវក្តៅនេះ ដែលអាចបង្កឲ្យមានគ្រោះមហន្តរាយ រាប់ចាប់តាំងពីភ្លើងឆេះព្រៃរហូតដល់ព្យុះស៊ីក្លូនត្រូពិច និងគ្រោះរាំងស្ងួតក្នុងរយៈពេលវែង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា