លោក ពូទីន នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឯករាជ្យ មិនស្ថិតក្រោមគណបក្សនយោបាយ

មូស្គូ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​បានរាយការណ៍ដោយ​ដក​ស្រង់​សម្តី​របស់អ្នក​គាំទ្រលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថា លោក ពូទីន នឹងឈរឈ្មោះជាប្រធានាធិបតីដោយឯករាជ្យ ហើយលោកបានទទួ​លការគាំទ្រយ៉ាងខ្លាំង ពោលគឺលោកមិនបានឈរឈ្មោះក្រោមគណបក្សនយោបាយជាក់លាក់ណាមួយនោះទេ។​

យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីដដែលបានឱ្យដឹងថា ក្រុមអ្នកនយោបាយ និងបុគ្គលល្បីៗមកពីវិស័យកីឡា និងវប្បធម៌ ចំនួន ៧០០ នាក់​ បានជួបប្រជុំគ្នានៅទីក្រុងមូស្គូ ហើយបានព្រមព្រៀងគ្នាគាំទ្រការតែងតាំងរបស់លោក ពូទីន ជាបេក្ខជនប្រធានាធិបតីឯករាជ្យតែម្នាក់គត់។​

លោក ពូទីន បានធ្វើការដឹកនាំប្រទេសរុស្ស៊ី ក្នុងនាមជាប្រធានាធិបតីផង និងជានាយករដ្ឋមន្ត្រីផង អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ លោកនឹងឈរឈ្មោះសម្រាប់អាណត្តិ ៦ ឆ្នាំទៀតនៅក្នុងការបោះឆ្នោតនៅខែមីនាឆ្នាំ២០២៤ ខា​ងមុខនេះ ដែលគេរំពឹងថា លោកនឹងឈ្នះការបោះឆ្នោតយ៉ាងងាយស្រួលបំផុត។​

ជាក់ស្ដែង លោក ពូទីន មានការគាំទ្រយ៉ាងពេញទំហឹងពីគណបក្សរបស់លោក ឈ្មោះថាគណបក្សសហព័ន្ធរុស្ស៊ី (United Russia Party) ដែលជាគណបក្សកាន់អំណាច ប៉ុន្តែលោកសម្រេចមិនឈរឈ្មោះជាបេក្ខជនមកពីគណបក្សនេះឡើយ។ ផ្ទុយទៅវិញ លោកនឹងឈរឈ្មោះជាបេក្ខជនឯករាជ្យ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់មកពីគណបក្សកាន់អំណាច លោក អាន់ដ្រី ធូឆាក (Andrei Turchak)។​

ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់រដ្ឋរុស្ស៊ី RIA បានដកស្រង់សម្ដីរបស់លោក​ ធូ​ឆាក ថា សមាជិកនិងអ្នកគាំទ្រគណបក្សជាង ៣,៥ លាននាក់នឹងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការបោះឆ្នោត។ លោក​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា លោ​ក ពូទីន គឺ​ជាសហស្ថាបនិកម្នាក់របស់គណបក្សសហព័ន្ធរុស្ស៊ី។​

លោក ស៊ែហ្គៃ មីរ៉ូណូវ (Sergei Mironov) អ្នកនយោបាយជាន់ខ្ពស់មួយរូបនៅក្នុងគណបក្សយុត្តិធម៌រុស្ស៊ី (Just Russia) ដែលគាំទ្រលោក ពូទីន ផងដែរនោះ បាននិយាយទៅកាន់សារព័ត៌មាន RIA ថា លោក ពូទីន នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដោយឯករាជ្យ ហើយពួកគេនឹងប្រមូលហត្ថលេខាដើម្បីគាំទ្ររូបលោក។​

បច្ចុប្បន្ន លោក ពូទីន មានអាយុ ៧១ ឆ្នាំ ហើយការបោះឆ្នោតខាងមុខនេះគឺហាក់បីដូចជាការធ្វើឡើងដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ពោលគឺជាការចង់បង្ហាញឱ្យឃើញថាលោកមានការគាំទ្រទាំងប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយដែលគ្រ​ប់គ្រងដោយរដ្ឋ ។រីឯសំឡេងប្រឆាំងវិញ គឺមានតិចតួចបំផុត។​

ក្រុមអ្នកគាំទ្ររបស់លោក ពូទីន បានអះអាងថា លោកបាននាំមកនូវស្ថិរភាព និងមោទនភាពជាតិជូនដល់រុស្ស៊ីវិញ ជាពិសេសគឺរុស្ស៊ីអាចទទួលបានមកវិញនូវឥទ្ធិពលមួយចំនួនដែលបានបាត់បង់អំឡុងពេលចលាចលក្រោយសហភាពសូវៀតដួលរលំ។ ពួកគេថែមទាំងជឿថា ការសម្រេចចិត្តរបស់លោក ពូទីន ដែលហៅថា ៖ «ប្រតិបត្តិការយោធាពិសេស»នៅប្រទេសអ៊ុយក្រែន គឺជារឿងត្រឹមត្រូវទៀតផង។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ ការបង្រ្កាបអ្នករិះគន់ និងក្រុមប្រឆាំងនៅរុស្ស៊ី បានកើតមានឡើងជាហូរហែ តាមរយៈការបង្កើតច្បាប់ថ្មីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការបង្ខូចកេរ្តិ៍ឈ្មោះរបស់កងទ័ពជាដើម។ ក្រោមការអនុវត្តច្បាប់ទាំងនេះ ក្រុមប្រឆាំងជាច្រើនត្រូវបានចាប់ខ្លួន​ ហើយអ្នកខ្លះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ហើយអ្នកខ្លះទៀតត្រូវបង្ខំចិត្តចាកចេញពីប្រទេស៕

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Reuters

Putin to run as independent candidate for new presidential term – senior politicians

https://www.reuters.com/world/europe/putin-run-president-an-independent-candidate-ria-cites-senior-politicians-2023-12-16/

ads banner