សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើអាជ្ញាធរសុខាភិបាលជាតិ ធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូនានា ដើម្បីបង្កើតភាពជាដៃគូ
(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានស្នើអាជ្ញាធរសុខាភិបាលជាតិ ធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូនានា ក្នុងការចែករំលែកព័ត៌មាន ទិន្នន័យ កម្មវិធីបណ្តុះបណ្តាល និងការអនុវត្តល្អៗ ដើម្បីបង្កើតភាពជាដៃគូ ពហុវិស័យ ក្នុងការស្រាវជ្រាវ និងបង្ការជំងឺមិនឆ្លងឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស គិតគូរពីតម្រូវការជាក់ស្តែងរបស់ស្រ្តី ដែលជាទូទៅមានលក្ខណៈខុសពីបុរសនៅក្នុងការទទួលបានព័ត៌មាន និងការបណ្តុះបណ្តាល ស្តីពីអាហារូបត្ថម្ភ និងការថែទាំសុខភាព ព្រមទាំងលទ្ធភាពផ្នែកហិរញ្ញវត្ថុ ក្នុងការទទួលបានការព្យាបាល ។
ជំងឺមិនឆ្លងមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត និងជំងឺមហារីក។តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា មនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទាំងអស់ គឺសុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺមិនឆ្លងនេះ។ រៀងរាល់ឆ្នាំ មនុស្សប្រមាណ ១៧លាននាក់ នៅលើសកលលោក បានស្លាប់ មុនពេលឈានចូលដល់វ័យ ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លងនេះ ។

បញ្ហាប្រឈមនាំឱ្យកើតជំងឺមិនឆ្លងមានជាច្រើន។ ជំងឺមិនឆ្លងគឺជាជំងឺរបស់អ្នកមាន។ ផ្ទុយទៅវិញ ចំនួននៃកត្តាហានិភ័យ នៃជំងឺមិនឆ្លង បាននិងកំពុងកើនឡើង គ្រប់ទីកន្លែងទាំងនៅទីក្រុង និងតំបន់ជនបទ ដោយពួកគេបានប្រើប្រាស់ថ្នាំជក់ សេពគ្រឿងស្រវឹង គ្រឿងញៀន ទទួលបន្លែផ្លែឈើមិនគ្រប់គ្រាន់ ឬបន្លែនិងផ្លែឈើមានសារធាតុគីមីខ្ពស់ និងមិនសូវហាត់កីឡាជាដើម។ អត្រាការជក់បារីក្នុងចំណោមបុរសមានច្រើនជាងស្រ្តី ហើយកសិករ កម្មករ ដែលមានអាយុចាប់ពី១៨ ដល់ ៤៩ឆ្នាំ មានទម្លាប់នៃការជួបជុំទទួលគ្រឿងស្រវឹង ដែលជាបច្ច័យមួយនាំឱ្យធ្លាក់ខ្លួនឈឺ ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអំពាវនាវដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពង់បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងការកាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង» ដែលប្រារព្ធធ្វើនាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះនៅសណ្ឋាគារកាំបូឌីយ៉ាណាក្នុងរាជធានីភ្នំពេញ។
សម្តេចមហារដ្ឋសភាធិការធិបតី ស្នើដល់អ្នកពាក់ព័ន្ធបន្តសកម្មភាពផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការជំងឺមិនឆ្លង ឱ្យកាន់តែផុលផុសដើម្បីធ្វើឱ្យពលរដ្ឋមានការយល់ដឹងកាន់តែច្រើន ជាពិសេសក្នុងចំណោមស្រ្តី រួមនឹងការបង្កលក្ខណៈងាយស្រួលសម្រាប់ ការពិនិត្យសុខភាព ហើយមានតម្លៃសមរម្យ។

សម្តេច បានគូសបញ្ជាក់ថា លើសពីនេះ ការអប់រំសុខភាពមិនគួរផ្តោតត្រឹមតែការផ្តល់ព័ត៌មានដល់សហគមន៍ នូវអ្វីដែលពួកគេអាចធ្វើបាន ឬធ្វើមិនបាននោះឡើយ។ “យើងត្រូវមានវិធានបែបសន្តិនិយម ដែលមានការគិតគូរដល់ការផ្លាស់ប្តូរឥរិយាបទ របៀបរបបរស់នៅ របៀបរបបហូបចុក និងបរិស្ថានរស់នៅ ដោយប្រើប្រាស់ទិន្នន័យនិងបច្ចេកវិទ្យា រួមទាំងធ្វើយុទ្ធនាការឱ្យមានការគាំទ្រពីភ្នាក់ងារសុខាភិបាលនិងសហគមន៍ ដូចជាអ្នកស្ម័គ្រចិត្តជាដើម ដល់អ្នក ដែលរស់នៅតំបន់ដាច់ស្រយាល ពិបាកទទួលបានសេវាសុខាភិបាលនានា” ៕


ដោយ ៖ ហេង សម្បត្តិ