អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ថា ហ្វីលីពីន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងវៀតណាម មានជនចំណាកស្រុក ច្រើនជាងគេនៅអាស៊ាន
(ភ្នំពេញ)៖ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) កាលពីពេល ថ្មីៗនេះ បានបញ្ចេញរបាយការណ៍ ស្តីពីទេសន្តរប្រវេសន៍ពិភពលោក ឆ្នាំ២០២២ដោយក្នុងនោះ កត់សម្គាល់ថា នៅតំបន់អាស៊ានមាន ប្រទេសចំនួន៤ ដែលបានបញ្ជូនពលករទៅបរទេសច្រើនជាងគេ ទី១-ប្រទេសហ្វីលីពីន ទី២-ប្រទេសឥណ្ឌូនេស៊ី ទី៣-ប្រទេសភូមា ឬមីយ៉ាន់មា និងទី៤-វៀតណាម ខណៈប្រទេសផ្សេងទៀត បញ្ជូនក្នុង រង្វង់ត្រឹមជាង១លាននាក់ចុះក្រោម។
ហ្វីលីពីន មានចំនួនជាង៦,១លាននាក់ ខណៈដែលឥណ្ឌូនេស៊ី មានជិត៥លាននាក់ ហើយមីយ៉ាន់ម៉ាឬភូមា មានជាង៣.៧លាននាក់។
ដោយឡែកពលករចំណាកស្រុករបស់វៀតណាម មានជាង៣,៤លាននាក់ ក្នុងពេលដែលឡាវនិងកម្ពុជា មានជាង១,៣លាននាក់ប្រហាក់ប្រហែលគ្នា។ ទន្ទឹមនឹងនោះ
ថៃមានពលករចំណាកស្រុកជាង ១,១លាននាក់ ដោយឡែក ម៉ាឡេស៊ី និងសិង្ហបូរី ដែលមានចំនួនពលករតិចជាងគេ ក្នុងរង្វង់តិចជាង ១លាននាក់។ នេះបើយោងតាមរបាយការណ៍ដដែល។

ប្រទេសគោលដៅដែលពលករអាស៊ានធ្វើចំណាក់ស្រុកច្រើនជាងគេ គឺអាម៉េរិកខាងជើង អឺរ៉ុប និងប្រទេសធំៗតំបន់មជ្ឈឹមបូព៌ា ដូច អារ៉ាបីសាអូឌិត និងអារ៉ាប់រួម និងបណ្តាប្រទេសរីកចម្រើន ក្នុងតំបន់អាស៊ី។
អង្គការអន្តរជាតិដែលជាជំនាញលើបញ្ហាទេសន្តរប្រវេសន៍ដដែលនេះ បានបញ្ជាក់ថា ពលករចំណាក ស្រុក ធ្វើការងារដូចជា ការងារ បម្រើ តាមផ្ទះ សំណង់ កសិកម្ម ឧស្សហកម្ម និងបដិសណ្ឋារកិច្ចជាដើម។ មិនមានការវាយតម្លៃពីចំណូល ជាក់លាក់នៃប្រទេសនីមួយៗនៃបណ្តា ប្រទេសអាស៊ាន ដែលពលករទាំងអស់បានបញ្ជូនមកប្រទេស ដើមវិញ នោះទេ។ ប៉ុន្តែអង្គការនេះ បានប៉ានស្មានថាជារួមលើពិភពលោកថា ទឹកប្រាក់ប្រ មាណ ៥០៤ពាន់លានដុល្លារ គឺជាទឹកប្រាក់ដែលហូរចូល ទៅ ប្រទេស ក្រីក្រ និងចំណូលកម្រិតទាប ខណៈពលករចំណាកស្រុក ទូទាំង ពិភពលោក មានប្រមាណ១៦៩លាននាក់។ នេះបើតាមការ បញ្ជាក់ ដដែល។
ក្នងពិភពលោក ប្រទេសដែលមានពលករចំណាកស្រុក ច្រើនជាងគេ គឺប្រទេសឥណ្ឌា ដែលមានប្រជាជនជាង ១៨លាននាក់ បានធ្វើ ដំណើរ ទៅបរទេស ដើម្បីស្វែងរកការងារធ្វើ ដែលតាមពីក្រោយដោយ ប្រទេស ម៉ិចស៊ិក ចិន និងរុស្ស៊ីជាដើម។
ដោយឡែកក្នុងក្របខណ្ឌកម្ពុជាវិញ ពលរដ្ឋជាង១,៣លាននាក់ ដែល កំពុងធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេស រីក ចម្រើនផ្សេងទៀត ហើយក្នុងមួយឆ្នាំៗ ប្រាក់បញ្ញើប្រមាណជាង ១ពាន់លានជារៀងរាល់ឆ្នាំ បានហូរចូលក្នុងប្រទេស ដើម្បីបំប៉ន សេដ្ឋកិច្ចជាតិ។
អង្គការទេសន៍ប្រវេសអន្តរជាតិ បានសង្កត់ធ្ងន់ថា ពលរដ្ឋទាំងអស់ មាន សិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសកន្លែងធ្វើការដែលជាសិទ្ធិស្វ័យសម្រេចដែលខ្លួនចង់បាន ហើយការស្វែងរកការងារធ្វើដែលភាគច្រើន បំផុត ទៅកាន់ប្រទេសរីកចម្រើននេះ គឺជាឱកាសស្វែងរកប្រាក់ចំណូលខ្ពស់ ជំនាញវិជ្ជាជីវៈនៅកន្លែងធ្វើការថ្មី ហើយវាជាការចូលរួមចំណែកគាំទ្រ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងអភិវឌ្ឍសង្គម៕

ដោយ ៖ វណ្ណលុក