លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងលោកជំទាវជាភរិយា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន អញញ្ជើញទស្សនាមហោស្រព National Noh Theatre

(ភ្នំពេញ)៖ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ព្រឹកថ្ងៃចន្ទ័ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយាដ៏ឧត្តុង្គឧត្តម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងលោកជំទាវជាភរិយា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន អញ្ជើញទស្សនាមហោស្រព National Noh Theatre និងអញ្ជើញទស្សនាការសម្តែងសិល្បៈ ប្រពៃណីរបស់ប្រទេសជប៉ុន។

វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវជាភរិយា នៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាង ស្និទ្ធ ស្នាលរ៉ាក់ទាក់បំផុត ពី លោកស្រី ហាសេហ្កាវ៉ា ប្រធានក្រុមប្រឹក្សា សិល្បៈជប៉ុន និងមន្រ្តីនៃមហោស្រព National Noh Theatre ជាច្រើនរូប។

នៅក្នុងពិធីនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងលោកជំទាវជាភរិយា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បានអញ្ជើញទស្សនាការរៀបចំរបស់អ្នកសំដែង Noh ដូចជា ម៉ាស់ សម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន និងការប្រគុំតន្រ្តីបុរាណ របស់ ជប៉ុន។

សូមបញ្ជាក់ថា National Noh Theatre គឺជារោងមហោស្រពជាតិដំបូងគេ និងសំខាន់បំផុតរបស់ប្រទេសជប៉ុនសម្រាប់សិល្បៈសម្តែងល្ខោនអូប៉េរ៉ា របាំបាឡេ របាំ និងល្ខោនជប៉ុនបុរាណ។

មហោស្រពជាតិ Noh បានបើកដំណើរការនៅទីក្រុង Sendagaya, ទីក្រុងShibuya, និងទីក្រុងTokyo ប្រទេសជប៉ុនក្នុងខែកញ្ញាឆ្នាំ 1983 ។ សាលមហាស្រពមានកៅអីចំនួន 630 សម្រាប់អង្គុយមើលការសម្តែងរបស់ ល្ខោនNoh និង ល្ខោនKyōgen ហើយក៏មានកន្លែងហាត់សម កន្លែងតាំងពិព័រណ៍ បន្ទប់បង្រៀន និងបណ្ណាល័យឯកសារផងដែរ។ ការសំដែង ល្ខោន Noh ជាធម្មតាមានការលេងពីរប្រភេទ៖ ល្ខោនNoh ដែលមានលក្ខណៈត្រឹមត្រូវ ដែលជារឿយៗផ្តោតជុំវិញរឿងទេវកថា ការសម្តែងតន្ត្រី និងការរាំ ជាមួយនឹងសំលៀកបំពាក់ដ៏ប្រណិត និងរបាំងមុខប្លែកៗ។ ល្ខោនkyogen ជាការលេងកំប្លែងផ្តោត លើតួអង្គថ្នាក់ទាប។ ទម្រង់ទាំងពីរនេះរួមគ្នាត្រូវបានគេហៅថា ល្ខោន nogaku។

ល្ខោន nogaku ត្រូវបានចាត់ចូលជាសម្បត្តិវប្បធម៌អរូបបីរបស់ អង្គការ UNESCO ក្នុងឆ្នាំ២០០៨ ។ ល្ខោនNoh បានបង្កើតឡើងពីទម្រង់នៃរបាំបុរាណ និងពីប្រភេទផ្សេងៗនៃល្ខោនពិធីបុណ្យនៅតាមទីសក្ការៈបូជា និងប្រាសាទនានា ដែលបានលេចឡើងនៅសតវត្សទី 12 ឬទី 13 ។ ល្ខោនNoh បានក្លាយជាទម្រង់ប្លែកមួយនៅក្នុងសតវត្សទី 14 ហើយត្រូវបានកែលម្អជាបន្តបន្ទាប់រហូតដល់ឆ្នាំនៃសម័យ Tokugawa (1603-1867) ។ ល្ខោន Noh ត្រូវបានរៀបចំឡើងជុំវិញបទចម្រៀង និងរបាំ។ ចលនារាំមានភាពយឺតៗ ភាសាគឺកំណាព្យ ទឹកដមគឺគ្រលួច ហើយសំលៀកបំពាក់គឺសម្បូរបែប និងធ្ងន់។ សាច់រឿងជាធម្មតាត្រូវបានដកចេញពីរឿងព្រេង ប្រវត្តិសាស្ត្រ អក្សរសិល្ប៍ និងព្រឹត្តិការណ៍សហសម័យ។ ប្រធានបទជារឿយៗទាក់ទងនឹងសុបិន ពិភពអរូបី ខ្មោច និងវិញ្ញាណ។

លោកជំទាវជាភរិយា នៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃមហោស្រព National Noh Theatre ដែលបានអនុញ្ញាត ឲ្យថ្នាក់ ដឹកនាំទាំងអស់ បានចូលទស្សនាពីការសម្តែងរបស់ អ្នកសំដែង Noh បានបង្ហាញពីវប្បធម៌ដ៏រុងរឿងរបស់ប្រទេសជប៉ុន ដែលមានអាយុកាល ដ៏យូរលង់ណាស់មកនោះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner