អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌ និង ចៅសង្កាត់ ពិនិត្យឡើងវិញ ពលរដ្ឋក្រីក្រ ក្រ១ ក្រ២ និងពលរដ្ឋ រងហានិភ័យ
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង ១៤ ពិសេសគឺចៅសង្កាត់ទាំង ១០៥ ពិនិត្យឡើងវិញពីប្រជាពលរដ្ឋក្រីក្រ ក្រ១ ក្រ ២ និងពលរដ្ឋដែលរងហានិភ័យ ដើម្បីយើងបានជួយពួកគាត់ឱ្យចំគោលដៅរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម បន្តថា ក្នុងប្រជុំនេះដែរក៏ធ្វើឡើង ដើម្បីស្តាប់នូវបញ្ហាប្រឈមនានា ដើម្បីយើងបានយកបញ្ហាទាំងនោះមកដោះស្រាយ ។ រដ្ឋាភិបាលបានចំណាយថវិកាច្រើនណាស់ ដល់ជំនួយសង្គមនេះ ដូច្នេះក្នុងនាមជាប្រតិបត្តិករត្រូវធ្វើការងារឱ្យចំគោលដៅ ពោលគឺចំប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ កុំឱ្យមានការប្រណែនគ្នា បើយើងអនុវត្តការងារនេះចំគោលដៅហើយនោះ វាមិនត្រឹមតែមិនមានភាពច្រណែនគ្នាប៉ុណ្ណោះទេ តែយើងក៏មានឧត្ដមភាពលើការងារនេះផងដែរ។ ត្រូវចាំថា សម្រាប់មន្ត្រីនៅថ្នាក់មូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋ គឺមិនមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ យើងជាអ្នកបម្រើលប្រជាពលរដ្ឋរាល់ថ្ងៃ នៅពេលប្រជាពលរដ្ឋមានបញ្ហា យើងត្រូវចុះជួយពួកគាត់ភ្លាមៗ។

ឯកឧត្តមអភិបាលក៏បានជំរុញឱ្យពិនិត្យមើលឧបករណ៍ប្រើប្រាស់លើការងារនេះឱ្យបានល្អ ដោយត្រូវជួសជុល កែលំអរ ដំឡើង Version នៅលើ(ថាថ្លេត)ដើម្បីអាចដំណើរការលើការងារនេះ បានលឿនអាចបញ្ចូលទិន្នន័យបានគ្រប់ទាំងអស់ និង ជម្រុញឱ្យខណ្ឌនិងសង្កាត់ទាំង ១០៥ ធ្វើការសម្ភាសជនពិការភាពនៅក្នុងមូលដ្ឋាន ដោយក្រោយការសម្ភាសជាប់ ពួកគាត់អាចទទួលបានប្រាក់ឧបត្ថមសង្គមនេះពីរាជរដ្ឋាភិបាលដែរ ៕


ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ