កម្ពុជា-ថៃ សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលសំចតនិង ស្តារនីតិសម្បទាជនរងគ្រោះ -ប៉ោយប៉ែត
បន្ទាយមានជ័យ៖មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជនរងគ្រោះ -ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យត្រូវបានសម្ពោធដាក់ឱ្យ ប្រើ ប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃចន្ទទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោម អធិបតីភាពឯកឧត្ដមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិ ប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឆឺតតាក់គាត អាត់ថាករ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃ ព្រះរាជា ណាចក្រថៃប្រចាំ កម្ពុជា ព្រមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋយ៉ាង ច្រើន កុះករ។
មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាបានថ្លែងថា មជ្ឈមណ្ឌល សំចត និងស្តារនីតិសម្បទាជនរងគ្រោះ -ប៉ោយប៉ែត ត្រូវបានបង្កើត ឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅ បណ្តោះអាសន្ន ការហូប ចុក ថែទាំ សុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិត ដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរ មនុស្សប្រកប ដោយសុខសុវត្ថិភាព និងគ្មានការរើសអើងជាតិសាសន៍ និងពិការភាព។

ឯកឧត្ដមរដ្ឋមន្រ្តីបន្តថា នេះគឺជា ទឡ្ហីករណ៍មួយបង្ហាញពីការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីសំដៅផ្តល់កិច្ចគាំពារ និងគាំទ្រនូវសេចក្តី ត្រូវការចាំបាច់របស់ជនរងគ្រោះដោយ អំពើ ជួញដូរមនុស្ស តាមរយៈ ការផ្តល់សេវាសមស្របទប់ស្កាត់រាល់អំពើជួញដូរមនុស្សក្នុងប្រទេសនិងឆ្លងកាត់ព្រំដែន ។ជាពិសេស ការជួយជនរងគ្រោះតាមរយៈការ ស្តារនីតិ សម្បទា សមាហរណកម្ម និងការពារសិទ្ធិជនរងគ្រោះ ស្របតាម ស្ថានភាព វិវឌ្ឍន៍ជាក់ស្តែង របស់កម្ពុជា និងតម្រូវការចំពោះមុខ»។
មានប្រសាសន៍ក្នុងឱកាសនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងរាជរដ្ឋាភិបាលបាន ថ្លែង អំណរគុណចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃដែលផ្តល់ ជំនួយដ៏ថ្លៃថ្លានេះ។ឯកឧត្តមបាន ចាត់ទុកថា ជាកាយវិការ សហ ប្រតិបត្តិការប្រកបដោយឆន្ទៈនយោបាយរួមរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនិងការរំលោភបំពានផ្សេងៗទៀត ព្រម ទាំងការជួយជនរងគ្រោះដោយអំពើជួញដូរ មនុស្ស។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានប្រកាសបង្កើនកិច្ចសហការជាមួយរាជរដ្ឋាភិបាលថៃ និងបណ្តាប្រទេសដទៃ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។

សូមជម្រាបថា មុនការសម្ពោធឱ្យប្រើប្រាស់មជ្ឈមណ្ឌលនេះ ក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ប្រារព្ធពិធីប្រគល់-ទទួលជានិមិត្តរូប កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព រាជធានីភ្នំ ពេញ ដោយឯកឧត្តម សេ្រដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រីថៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
មជ្ឈមណ្ឌលនេះមានផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ: ចំនួន០៥ មុខជំនាញ រួមមាន៖ កាត់ដេរ សាឡន ធ្វើម្ហូប/បង្អែម អគ្គិសនី ទឹក និងម៉ាស៊ីនត្រជាក់។
មជ្ឈមណ្ឌលនេះជាជំនួយឥត សំណងពី រាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃតាមរយ:ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃសម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២ .១៩៩ .៩២០ដុល្លារ អាមេរិក លើផ្ទៃដីទំហំសរុប ៩.៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។
មជ្ឈមណ្ឌលនេះចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នឹងបញ្ចប់នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ ដែលមានទំហំផ្ទៃដីសរុប ៩ .៧៦៨ ម៉ែត្រការ៉េ ដែលមានបណ្តោយ ១០១,៣៩ម៉ែត្រនិងទទឹង ៩៦,៣៤ម៉ែត្រ៕




អត្ថបទ៖ ឃិន គន្ធា