ក្រសួងពាណិជ្ជកម្ម​៖ ជំនួបពាណិជ្ជកម្ម ជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវិស័យឯកជនកម្ពុជានិងអន្តរជាតិ

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងថា ជំនួបពាណិជ្ជកម្ម រវាងធុរជនកម្ពុជា និងធុរជនបរទេស គឺជាការផ្លាស់ប្តូរ និងលើកកម្ពស់កិច្ចសហប្រតិ​បត្តិការពាណិជ្ជកម្មរវាងវិស័យឯកជនកម្ពុជា និងបរទេស ដើម្បីជំរុញការនាំចេញផលិតផលស​ក្តានុពលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាបើកឱកាសឱ្យវិនិយោគិនបរទេសមកបណ្តាក់ទុនវិនិយោគនៅ កម្ពុជាកា​ន់តែច្រើន។

ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងដូចនេះ​ក្នុងពិធីបើកជំនួបពាណិជ្ជកម្ម ស្តីពីការជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិ អំឡុងពេ​លពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៦ កម្រិតអន្តរជាតិ ដែលមាន​រយៈ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

ឯកឧត្តមបានបញ្ជាក់ថា ជំនួបពាណិជ្ជកម្មនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់វិនិយោគិន ធុរជនកម្ពុជា និងប​រទេសអាច​ស្វែងរកព័ត៌មាន ពាក់ព័ន្ធទាំងអស់ នៃការធ្វើអាជីវកម្ម និងឱកាសវិនិយោគ ជាពិសេសដៃគូអាជីវកម្មនៅកម្ពុជា ។ វាជាការ​ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងមានសារៈសំខាន់សម្រាប់កិច្ចសហប្រតិ​បត្តិការពាណិជ្ជកម្មរវាង ធុរជនកម្ពុជា និងធុរជនបរទេសជាមិត្ត ដើម្បីជំរុញការលើកស្ទួយសហគ្រាស សហគ្រិនភាព និងការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធដែល មានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តធ្វើឱ្យប្រសើរឡើង ដែលរួមចំណែក ដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។

ឯកឧត្តមបាន​បញ្ជាក់ទៀតថា ៖ «ព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់វិនិយោគិន ធុរជនកម្ពុជា និងបរទេស អាចស្វែងរកព័ត៌​មាន​ពាក់ព័ន្ធទាំងអស់នៃការធ្វើអាជីវកម្ម និងឱកាសវិនិយោគ ជាពិសេសដៃគូអាជីវកម្ម ក្នុងនាម ក្រសួងពាណិជ្ជកម្ម ខ្ញុំសូម​យកឱកាសនេះស្វាគមន៍ធុរជន និងវិនិយោគិនបរទេស ទាំងអស់ដែលមានគម្រោងប្រកប អាជីកម្ម និងវិនិយោគនៅកម្ពុជា»។

លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងដែរ​ថា​ ក្រៅពីការចូលរួមការតាំងពិព៍រណ៍សម្រាប់ផលិត​ផ​លអង្ករ នៅកោះពេជ្រហើយ លោកក៏បានចូលរួមនៅក្នុងជំនួបពាណិជ្ជកម្ម ដែលបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ដែលនេះ ជាមោទកភាពសម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានឱកាសក្នុងការការផ្លាស់ប្តូរបទពិសោធន៍ ជាមួយសមា​គមពាណិជ្ជកម្មបរទេសមួយចំនួន ។

លោកបានបញ្ជាក់ថា ៖ «យើងអរគុណ ​ចំពោះការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធចំពោះការប្តេជ្ញាចិត្ត និងកិច្ចសហ ប្រតិ​បត្តិការល្អ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង និងសូមលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីបែបនេះ ជាប្រចាំ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាង វិស័យឯកជនកម្ពុជា និងបរទេស»។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍នេះមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ដោយមាន ការគាំទ្រ និងចូ​លរួមយ៉ាងច្រើនពីប្រទេសជាមិត្តដូចជា ប្រទេសឥណ្ឌូនេស៊ី ភូមា ហ្វីលីពីន ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី ចិន សាធារណរដ្ឋកូរ៉េ ប៉ាគីស្ថាន ឥណ្ឌា តួកគី ជប៉ុន នូវែលសេឡង់  អូស្រ្តាលី បារំាង អាល្លឺម៉ង់ ព្រមទាំងវិស័យសាធារណៈ និងឯកជនក្នុងស្រុក។ ក្នុងនោះ​មានក្រុមហ៊ុន និងសហគ្រាសចូលរួមសរុបចំនួន១៣៦ក្រុមហ៊ុនសហគ្រាស ក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន៨៦ និងមានស្តង់សរុបចំនួន ២៣២ស្តង់។ ឯស្តង់ក្នុងស្រុកចំនួន ១៦៤ស្តង់៕

ដោយ៖វណ្ណ សុជាតា

ads banner