សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងនូវកង្វល់ពីការបន្តបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវកង្វល់ពីការបន្តបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចសន្ទនាដែលមានលក្ខណៈស្ថាបនា និងដោយសន្តិវិធី ដើម្បីជំរុញការរំសាយអាវុធនុយក្លេអ៊ែរដោយពេញលេញ អាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់ថយក្រោយ សំដៅធានាសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ ការសម្តែងនូវកង្វល់របស់សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យមានការដោះស្រាយឱ្យបានឆាប់រហ័សលើបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន ដើម្បីពួកគេអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។
សម្រាប់ការជំរុញភាពជាដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេស តាមរយៈកម្មវិធីអប់រំ និងការបង្កើននូវការយល់ដឹងទូលំទូលាយរួមទាំងការគាំទ្រដល់វិស័យវប្បធម៌ សិល្បៈ និងកម្មវិធីផ្លាស់ប្ដូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា ដើម្បីពង្រឹងសមត្ថភាព និងភាពធន់របស់យុវជន។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តភាគីជប៉ុនបន្តគាំទ្រគម្រោងបណ្ណសារដ្ឋានបេតិកភណ្ឌវប្បធម៌ឌីជីថលអាស៊ាន និងការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីសមភាពយេនឌ័រ និងការអភិវឌ្ឍគ្រួសារ។

នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុននេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះដំណើរដ៏វែងឆ្ងាយរបស់អាស៊ាននិងជប៉ុន ដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំផ្អែកលើ «សាមគ្គីភាពក្នុងភាពចម្រុះ» និងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមដៃគ្នាបង្ហាញនូវ «កម្លាំងនៃសន្តិភាព» ដែលប្រជាជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវរួមគ្នាធ្វើ ដើម្បីធានាថា តំបន់របស់យើងនឹងមិនក្លាយជាវេទិកាថ្មីមួយទៀតនៃជម្លោះប្រដាប់អាវុធ ឬសង្គ្រាមដោយតួអង្គតំណាងនោះឡើយ។ សម្ដេចធិបតី បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ជប៉ុនក្នុងការអនុវត្តអាទិភាពទាំង៤ នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) រួមមានកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ ការតភ្ជាប់គោលដៅអភិវឌ្ឍន៍ដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងទៀត និងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការបង្កើនសហថាមពល និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាង AOIP និងចក្ខុវិស័យថ្មីរបស់ជប៉ុនស្តីពីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។ ចំពោះភាពជាដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គមនាពេលអនាគត សម្ដេចធិបតីបានសង្កត់ធ្ងន់លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានតម្លាភាព សមភាព និងផ្អែកលើវិធានច្បាប់ ព្រមទាំងបញ្ជាក់នូវភាពចាំបាច់ក្នុងការពង្រឹងការប្រើប្រាស់ក្របខ័ណ្ឌពាណិជ្ជកម្មពហុភាគីដឹកនាំដោយអាស៊ានដែលមានការចូលរួមយ៉ាងសកម្មពីដៃគូទាំងឡាយឱ្យអស់សក្តានុពល តួយ៉ាងដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP)។ សម្តេចធិបតី ក៏បានសម្តែងការគាំទ្រដល់គំនិតផ្តួចផ្តើមសហបង្កើតឧស្សាហកម្មយានយន្តជំនាន់ថ្មីអាស៊ាន-ជប៉ុន (ASEAN-Japan Next Generation Automotive Industry Co-Creation Initiative) និងគម្រោងរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ក្នុងការកៀរគរមូលនិធិ៣៥ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ តាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងតំបន់អាស៊ាន ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដូចជា ការតភ្ជាប់អន្តរកាលបៃតង ការប្រែប្រួលអាកាសធាតុ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមជាដើម។

ការគាំទ្រគំនិតផ្តួចផ្តើមទាំងអស់នេះនឹងរួមចំណែកដល់ការអនុវត្តន៍កម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការនាំមកនូវកាលានុវត្តភាពថ្មីៗ និងការបង្កើតឱកាសការងារ។ នៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីជប៉ុន ក៏បានប្រកាសផងដែរនូវសកម្មភាពថ្មីក្រោមកម្មវិធី «ភាពជាដៃគូដើម្បីកសាងអនាគត» ដែលមានទឹកប្រាក់ចំនួន៤០ពាន់លានយ៉េន (ប្រមាណ២៨១,៤៤លានដុល្លារអាមេរិក) សម្រាប់រយៈពេល១០ឆ្នាំខាងមុខ និងគម្រោងដែលមានទឹកប្រាក់ចំនួន១៥ពាន់លានយ៉េន (ប្រមាណ ១០៥,៥៤លានដុល្លារអាមេរិក) សម្រាប់កិច្ចការស្រាវជ្រាវ អន្តរជាតិ និងការផ្លាស់ប្ដូរការបណ្ដុះបណ្តាលមូលធនមនុស្ស។ ជាការឆ្លើយតប សម្តេចធិបតី បានគាំទ្រគំនិតផ្តួចផ្តើមទាំងពីរនេះ និងបានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្រាប់វិស័យថាមពល កម្ពុជា បានបញ្ជាក់ពីជំហរឹងមាំជាមួយនឹងសហគមន៍បំភាយឧស្ម័ន សូន្យអាស៊ី (Asia Zero Emission Community) ក្នុងការជំរុញអន្តរកាលថាមពលស្អាត និងសមធម៌ ដើម្បីឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន និងការបំភាយឧស្ម័នសូន្យនៅអាស៊ី។ មូលដ្ឋានគ្រឹះនៃអន្តរកាល ថាមពលរបស់កម្ពុជា គឺស្របគ្នាជាមួយនឹងសកម្មភាពរួមដែលជាចក្ខុវិស័យនៃសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី។ កម្ពុជាជឿជាក់លើកិច្ចសហការរួមគ្នាដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងយល់ស្របអំពីវិធីសាស្ត្រដែលផ្អែកទៅតាមស្ថានភាពតំបន់និងសង្គមរបស់ប្រទេសនីមួយៗ។ ក្នុងនោះ យុទ្ធសាស្ត្រអព្យាក្រឹតកាបូនរបស់កម្ពុជា ឈរលើសសរស្តម្ភចំនួន៣ រួមមាន៖ ការបង្កើនសមាមាត្រនៃថាមពលកកើតឡើងវិញ ការលើកកម្ពស់ប្រសិទ្ធភាពថាមពល និងការពង្រីកអគ្គិសនីភាវូបនីយកម្ម។ ស្របពេលកម្ពុជាកំពុងធ្វើការកែលម្អ កម្ពុជាមានការតាំងចិត្តខ្ពស់ មានចក្ខុវិស័យច្បាស់លាស់ ដើម្បីសម្រេចឱ្យបានអនាគតថាមពលមួយប្រកបដោយចីរភាព វិបុលភាព និងស្អាត សម្រាប់ប្រទេសជាតិរបស់យើងនិងតំបន់៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner