សង្គមស៊ីវិល និងមេដឹកនាំគណបក្សនយោបាយ៖ សារនយោបាយរបស់ជនក្បត់ជាតិ សម រង្ស៊ី គឺជាសារបំបែកបំបាក់សាមគ្គីជាតិ និងចង់បំផ្លិចបំផ្លាញនូវសន្តិភាពដែលកម្ពុជាមាន
ភ្នំពេញ៖ សង្គមស៊ីវិល និងមេដឹកនាំគណបក្សនយោបាយបានហៅសារនយោបាយរបស់ជនក្បត់ជាតិរត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី គឺជាសារនយោបាយបំបែកបំបាក់សាមគ្គីជាតិ បំផ្លិចបំផ្លាញនូវស្ថេរភាពសង្គម នយោបាយ ជាពិសេសគឺចង់បំផ្លិចបំផ្លាញនូវសន្តិភាពដែលកម្ពុជាមាន ដែលគិតមកដល់ពេលនេះ គឺនៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពោលនៅថ្ងៃទី២៩ ខែធ្នូ គឺគម្រប់២៥ឆ្នាំ ដែលកម្ពុជាមានសន្តិភាព និងការឯកភាពជាតិពេញលេញ។
លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងប្រាប់ AMS ថា ចំពោះលោក មើលឃើញសារនយោបាយរបស់មេដឹកនាំដែលកំពុងរត់ចោលស្រុក គឺជាសារនយោបាយបំបែកបំបាក់សាមគ្គីជាតិ បំផ្លិចបំផ្លាញនូវស្ថេរភាពសង្គមនយោបាយ ជាពិសេសគឺចង់បំផ្លិចបំផ្លាញនូវសន្តិភាពដែលកម្ពុជា ដែលគិតមកដល់ពេលនេះ គឺនៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពោលនៅថ្ងៃទី២៩ ខែធ្នូ គឺគម្រប់២៥ឆ្នាំ ដែលកម្ពុជាមានសន្តិភាព និងការឯកភាពជាតិពេញលេញ។ ចំពោះបុគ្គលក្បត់ជាតិរូបនេះ គឺដោយសារតែចរិតមាយាទនយោបាយខ្លួនឯង ដែលធ្វើនយោបាយមិនដែលគិតអំពីប្រយោជន៍រួម និងប្រយោជន៍ជាតិ គិតតែអំណាចក្រុមបក្ខពួករបស់ខ្លួន និងគិតតែពីឈ្នានីសនយោបាយចង់បំបែកបំបាក់កម្លាំងសាមគ្គីភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺមេដឹកនាំនយោបាយរត់ចោលស្រុករូបនេះ អត់ខ្លាចញញើតនៅក្នុងការប្រឌិតរឿងបំផ្លើស បំភ្លៃខុសពីការពិតគ្រប់យ៉ាងទាំងអស់យកមកធ្វើជាសេនារិយោនយោបាយ យកមកធ្វើជាសារនយោបាយ ដើម្បីអំពាវនាវឱ្យប្រជាពលរដ្ឋស្អប់ការដឹកនាំរបស់រាជរដ្ឋាភិបាល ឱ្យប្រជាពលរដ្ឋស្អប់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងឱ្យប្រជាពលរដ្ឋស្អប់ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ថែមទៀត។
លោកបានបន្តថា ការអំពាវនាវដែលជាសារនយោបាយខ្វះសច្ចភាព ខ្វះការពិតនេះ គឺជនក្បត់ជាតិរូបនេះ អត់ខ្លាច អត់មានការអៀនខ្មាស់អ្វីទាំងអស់ ហើយចេះតែនិយាយទៅ ចេះតែលើកទៅ ចេះតែសរសេរទៅ។ ក្រុមជនក្បត់ជាតិ ចង់បំផ្លិចបំផ្លាញអ្វីដែលកម្ពុជាមានបច្ចុប្បន្ននេះ ហើយចង់់បំបែកបំបាក់សាមគ្គីជាតិដែលកម្ពុជា មានមកដល់សព្វថ្ងៃនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងការសាបព្រួស កសាងនូវខឿនសាមគ្គីភាពជាតិទម្រាំបានមកដល់ថ្ងៃនេះ ទម្រាំខ្មែរយល់អំពីការរួបរួមសាមគ្គីគ្នា ដើម្បីការពារកុំឱ្យមានការបែក បាក់បាត់បង់សាមគ្គីនេះ។
ចំណែកបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានស្តីទីគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា ចំពោះសារនយោបាយរបស់ជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថមើលងាយសម្តេចតេជោ ហ៊ុន សែន វាគ្រាន់តែជាចេតនាដុតបញ្ជេះឱ្យសម្តេចតេជោឆ្លើយតបទៅនឹងសាររបស់ខ្លួនតែប៉ុណ្ណោះ។ តែជនក្បត់ជាតិរូបនេះ កំពុងតែមើលសម្តេចតេជោច្រឡំធំហើយ និងគិតខុសហើយ ព្រោះលោកគិតថា សម្តេចតេជោ ហ៊ុន សែន មើលឆ្លុះនៅគំនិតរបស់ជនក្បត់ជាតិរូបនេះ អុករបស់ជនក្បត់ជាតិដើរផ្លូវណាក៏សម្តេចអុកបំបែកទូកដែរ។
រីឯលោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៣៨ឆ្នាំកន្លងមកនេះ គឺដឹកនាំឱ្យមានស្ថេរភាពនយោបាយ មានសន្តិភាព មានការអភិវឌ្ឍ។ ជាធម្មតាទេ ការដឹកនាំប្រទេស ឬការអនុវត្តការងារក៏ដោយ គឺមានចំណុចអវិជ្ជមាន និងវិជ្ជមាន។ ចំណុចវិជ្ជមានត្រូវលើកឡើងផង កុំនិយាយតែចំណុចអវិជ្ជមាន។ ការដែលបំផុសឱ្យកងកម្លាំងប្រដាប់អាវុធ និងសមាជិកគណបក្សប្រជាជនកម្ពុជាងើបឡើង គឺជារឿងបង្កើតកលយុគឱ្យសង្គមជាតិ។ ដូច្នេះទណ្ឌិត សម រង្ស៊ី មិនដែលគិតរឿងផ្តល់សេចក្តីសុខឱ្យប្រទេសជាតិទេ គឺខួរក្បាលជនក្បត់ជាតិរូបនេះបង្កើតកលយុគដល់ប្រទេសជាតិ បំផ្លាញជាតិ។ លោកជំទាវបានបន្តថា បើនិយាយពីគុណសម្បត្តិរបស់ថ្នាក់ដឹកនាំ គឺត្រូវគិតទាំងសងខាង ហើយជាពិសេស គុណសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន គឺគ្មានអ្នកណាអាចប្រៀបផ្ទឹមបានទេ ពីព្រោះការដែលថែរក្សាឱ្យមានស្ថេរភាពនយោបាយ មានសន្តិភាពយូរអង្វែងនេះ ការអភិវឌ្ឍ និងការរក្សាវប្បធម៌ជាតិ គឺ មិនងាយរកថ្នាក់ដឹកនាំដែលអាចធ្វើបានដូចសម្តេចតេជោ ហ៊ុន សែន នោះទេ៕
ដោយ៖ពលជ័យ