មន្រ្តីជាន់ខ្ពស់ក្រសួងផែនការ៖ កាលបរិច្ឆេទ សម្រាប់ការធ្វើអង្កេត ចន្លោះជំរឿន គឺម៉ោងសូន្យ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤
(ភ្នំពេញ)៖ ក្រសួងផែនការ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីកម្រងសំណួរអង្កេតចន្លោះជំរឿនប្រជាជននៅ កម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅណ្ឋាគារភ្នំពេញ ។
ថ្លែងបើកអង្គសិក្ខាសាលា ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការតំណាង ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ បានមានប្រសាសន៍ថា គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បី ពិគ្រោះយោបល់លើកម្រងសំណួរនៃការធ្វើអង្កេត ចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤ និង ដើម្បីស្នើសុំមតិយោបល់ និងអនុសាសន៍ពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ យកមកធ្វើជាធាតុចូល សម្រាប់កែលម្អកម្រងសំណួរ នៃអង្កេតនេះ ឲ្យកាន់តែប្រសើរឡើងសំដៅធ្វើឲ្យខ្លឹមសារ ក៏ដូចជាព័ត៌មានដែលយើងត្រូវការចាំបាច់ សម្រាប់អង្កេតនេះ ដោយផ្តោតលើស្ថិតិតែមួយគត់។
ឯកឧត្តម បានបន្តថា ក្នុងរយៈកាលពីរទស្សវត្សរ៍កន្លងទៅនេះ ជំរឿនប្រជាជន ដែលមិនគ្រាន់តែជាការផលិតលេខ តែជាការ ផ្តល់ព័ត៌មានគ្របជ្រុងជ្រោយអំពីរបាយប្រជាជន រចនាសម្ព័ន្ធអាយុ, ចរិតលក្ខណៈ, តម្រូវការ, និងឌីណាមិក របស់ប្រជាជនកម្ពុជា ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ដោយបានប ង្កើតឡើងនូវទិន្នន័យ ព័ត៌មានប្រជាសាស្ត្រដ៏សម្បូរបែប និងមិនអាចខ្វះបាន ដែលរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, និងអ្នកមានចំណែក ពាក់ព័ន្ធទាំងអស់ បានយកទៅប្រើប្រាស់ ក្នុងការរៀបចំតាក់តែង និងការអនុវត្តគោលនយោបាយ, យុទ្ធសាស្រ្ត, និងផែនការអភិវឌ្ឍន៏ជាតិ និងតាមវិស័យ ក៏ដូចជា ក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលនានា ដែលយើងសម្រេចបាន ប្រកបដោយប្រសិទ្ធភាព។
ការផ្តល់មតិយោបល់កែលម្អ តាមរយៈសិក្ខាសាលា ពិគ្រោះយោបល់ ដូចដែលយើងកំពុងប្រារព្ធធ្វើនៅពេលនេះ ពិតជាបានរួមចំណែកជួយធ្វើឲ្យទិន្នន័យ និង ព័ត៌មានពីជំរឿន និងអង្កេតទាំងឡាយ ដែលផលិតដោយ វិទ្យាស្ថានជាតិស្ថិតិ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ឆ្លើយតបបាន ទៅនឹងតម្រូវការនៃការរៀបចំ និង ការតាមដានត្រួតពិនិត្យ នឹងវាយតម្លៃគោលនយោបាយ, យុទ្ធសាស្រ្ត “និងផែនការអភិវឌ្ឍន៍ជាតិនិងតាមវិស័យ របស់រាជរដ្ឋាភិបាល។
ឯកឧត្តម ទួន ថាវៈ បានបញ្ជាក់ទៀតថា កាលបរិច្ឆេទយោង សម្រាប់ការធ្វើអង្កេតចន្លោះជំរឿន គឺម៉ោងសូន្យ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។ អង្កេតចន្លោះ ជំរឿនប្រជាជន៍នៅ កម្ពុជា ឆ្នាំ២០២៤ នឹងត្រូវអនុវត្តលើសំណាកគំរូប្រមាណ ២២.៥០០គ្រួសារ ដែលត្រូវបានជ្រើសរើសចេញពី ៧៥០មណ្ឌលអង្កេត គំរូ ហើយគ្រួសារគំរូចំនួន ៣០គ្រួសារ នឹងត្រូវ ជ្រើសរើសយកចេញពីក្នុងមណ្ឌលអង្កេតគំរូនីមួយៗ។
លទ្ធផលនៃការធ្វើអង្កេត អាចនឹងត្រូវផលិតចេញនៅចុងឆ្នាំ២០២៤ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ រាជធានី-ខេត្ត។ វគ្គបណ្តុះបណ្តាល នឹងត្រូវរៀបចំឡើងនៅ គ្រប់កម្រិត ដើម្បីធានានូវភាពអាចជឿទុកចិត្តបាន នៃទិន្នន័យដែលប្រមូលបានមកពីការសំភាសន៍។
តារាងសំណួរមានពីរ គឺ តារាងក ហៅថាបញ្ជីផ្ទះ និង តារាងខ ហៅថា តារាងសំណួរគ្រួសារ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការសាកសួរគ្រួសារ ដែលជ្រើសរើសជាគ្រួសារគំរូនៃការអង្កេត។ សេចក្តីព្រាង តារាងសំណួរសម្រាប់ការអង្កេតចន្លោះជំរឿនប្រជាជននៅ កម្ពុជាឆ្នាំ២០២៤ នឹងបង្ហាញជូននៅក្នុងសិក្ខាសាលានាថ្ងៃនេះ ៕
ប្រភព៖ ក្រសួងផែនការ