កិច្ចប្រជុំសហព័ន្ធកីឡាជាតិ លើអភិក្រមអន្តរកម្ម ដើម្បីបន្តពង្រឹង វិស័យកីឡា ឆ្ពោះត្រៀមស៊ីហ្គេម ២០២៥ និងអូឡាំពិកយុវជនអាស៊ី ២០២៩
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ លើអភិក្រមអន្តរកម្ម ដើម្បីសម្រួចផែនកា ពង្រឹងគុណភាពវិស័យកីឡាជាតិត្រៀមឆ្ពោះទៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ២០២៩ ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា-NOCC នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន បានចាត់ទុកកិច្ចប្រជុំថ្ងៃនេះ គឺជាថ្ងៃដ៏មានសារៈសំខាន់ ដើម្បីបន្តជំរុញ និងពង្រឹងគុណភាព នៃវិស័យកីឡាកម្ពុជា ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅប្រ ទេសម៉ាឡេស៊ី និងព្រឹត្តិការណ៍អន្តរជាតិជាច្រើនទៀតទាំងកម្រិតអាស៊ី និងពិភពលោក។ អ្វីដែលសំខាន់នោះ គឺការត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលមាន៤៥ប្រទេសនឹងចូលរួមប្រកួតប្រជែងមេដាយ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា សសរស្តម្ភដែលរួមដៃគ្នាជំរុញ និងកែទម្រង់ដើម្បីកម្រិតស្តង់ដា គឺ ១. ក្រសួងអប់រំ យុវជន និងកីឡា, ២. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ៣. សហព័ន្ធកីឡាជាតិ ។ ចលនាកីឡាជាតិ និងអន្តរជាតិក្នុងដែនសមត្ថកិច្ចរបស់ប្រទេសនីមួយៗឈរលើអន្តរកម្មប្រទាក់ប្រឡាគ្នា សហការគ្នា និងបម្រើចក្ខុវិស័យ និងគោលដៅតែមួយ គឺការអភិវឌ្ឍ និងស្វែងរកឧត្តមភាពកីឡាកម្រិតជាតិ-អន្តរជាតិ ។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ៖«យើងនឹងយកលទ្ធផលពីការអនុវត្តការងារដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដោយផ្អែកលើស្តង់ដាការងារ ដូច្នេះសហព័ន្ធកីឡាជាតិខ្លះអាចទទួលបាន ១០០លានរៀល ៨០លានរៀល ឬ ៦០លានរៀលក្នុងមួយឆ្នាំ ដោយសារតែអនុវត្តការ ងារទទួលបានលទ្ធផលមិនដូចគ្នា ៕
ចាន់ វិចិត្រ