សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើកកម្ពស់សេរីភាព នៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើកកម្ពស់ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងជំរុញឱ្យមានការបណ្ដុះបណ្ដាលផ្នែកសារព័ត៌មាន និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ក៏ដូចជាពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មាន បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ នេះបើយោងតាមសារលិខិតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ក៏ដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលនេះជាកម្លាំងចលករក្នុងការចូលរួម ចំណែកថែរក្សាសុខសន្តិភាព និងការកសាងប្រទេសឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ដោយសម្លឹងឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គក្នុងការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានបានរហ័សទាន់សភាពការណ៍ និងទូលំទូលាយទាំងនៅក្នុង ក្របខណ្ឌជាតិ អន្តរជាតិ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជា ពិសេសព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រនាពេលកន្លងមកដូចជា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រឹត្តិការណ៍បោះឆ្នោតសកលនីតិកាលទី៧ ឆ្នាំ២០២៣ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ធ្វើឱ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា ល្បីរន្ទឺ នៅលើឆាកអន្តរជាតិ។ ខ្ញុំសូមសម្តែងនូវការកោតសរសើរផងដែរចំពោះការផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូក ដែលទទួលបានជោគជ័យយ៉ាងធំធេងនាពេលថ្មីៗកន្លងទៅនេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រចង់ ដែលទទួលបាននាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន។ នេះបង្ហាញពីភាពជាដៃគូ ដែលមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថាប័នសារព័ត៌មាន។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើកកម្ពស់ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងជំរុញឱ្យមានការបណ្ដុះបណ្ដាលផ្នែកសារព័ត៌មាន និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ក៏ដូចជាពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មាន បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានអនុវត្តនូវការសម្រេចដ៏ខ្ពស់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយលើកលែងពន្ធប៉ាតង់សម្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ ជាបន្ទុករបស់រដ្ឋសម្រាប់រយៈពេល៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃអាជ្ញាបណ្ណស្នើសុំបង្កើតអង្គភាព សារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន៥០% (ហាសិបភាគរយ) ដើម្បីជួយសម្រួលបន្ទុករបស់បងប្អូនអ្នកសារព័ត៌មាន ដែលកំពុងរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល៕
ដោយ៖ពលជ័យ